ក្នុងលិខិតរបស់រាជរដ្ឋាភិបាលដដែលនេះ បានសម្រេចលុបចោលសំណើសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ១៥ ហិកតា សម្រាប់សាងសង់អគារទីស្ដីការក្រសួងអភិវដ្ឍន៍ជនបទ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បាន លុបចោលសំណើសុំការអនុញ្ញាតដោះដូរទីតាំងអគារទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥.៣៣ហិកតា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុបផងដែរ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចលុបចោលការផ្ដល់ដី ១៥ ហិកតា នៃផ្ទៃបឹងកប់ស្រូវ ដើម្បីសាងសង់អគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ អគារគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា និងអគារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចលុបចោល សំណើសុំការអនុញ្ញាតដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអគារអង្គភាពទាំងបីនេះ ជាមួយនឹងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ដែលជាថ្នូរនឹងការសាងសង់អគារថ្មី ជូនអង្គភាពទាំង៣ នៅលើផ្ទៃដីបឹងតាមោកផងដែរ។
មួយរយៈចុងក្រោយនេះ ផ្ទៃដីបឹងតាមោក ឬហៅថាបឹងកប់ស្រូវ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ផ្ដល់ជូនស្ថាប័នរដ្ឋជាបន្ដបន្ទាប់ដើម្បីយកទៅធ្វើការអភិវឌ្ឍ។ ជាក់ស្ដែង ថ្មីៗនេះ រាជរដ្ឋាភិបាលទើបតែ បានសម្រេចកាត់ផ្ទៃដីបឹងនេះ ២០ហិកតាបន្ថែមទៀត ដើម្បីរៀបចំសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត សម្រាប់បម្រើសេវាពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
ក្រុមការងារខេមបូណូមីស មិនមានតួលេខជាក់លាក់ អំពីទំហំផ្ទៃដីបឹងតោមោក ដែលរាជរដ្ឋាភិបាលសម្រេចយកធ្វើការអភិវឌ្ឍនោះទេ ខណៈដែលអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអះអាងថា លោកមិនមានរបាយការណ៍ច្បាស់លាស់ពីការបែងចែកទំហំផ្ទៃដីបឹងនេះដូចគ្នាដែរ។ ទោះយ៉ាងណា បើតាមការសរុបត្រួសៗជាបឋមផ្អែកតាមការជូនដំណឹងជាបន្ដបន្ទាប់របស់រាជរដ្ឋាភិបាលនាពេលកន្លងមកអំពីការកាត់ផ្ទៃដីបឹងនេះជូនស្ថាប័នរដ្ឋនានា ឃើញថា ចំនួនផ្ទៃដីបឹងតាមោកដែលត្រូវបានកាត់យក ទៅអភិវឌ្ឍនោះ មានប្រមាណជិត ៤០០ ហិកតាហើយ ខណៈដែលផ្ទៃដៃ សរុបនៃបឹងនេះ ត្រូវបានដឹងថាមានជាង៣២០០ហិកតា។
សូមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានសម្រេចកាត់ផ្ទៃបឹងតាមោក ជាបន្តបន្ទាប់សម្រាប់យកទៅអភិវឌ្ឍ រួមមាន ២០ហិកតា ដើម្បីអភិវឌ្ឍធ្វើផ្សារបន្លែ និងចំណតរថយន្ត, ៣០០ហិកតាបន្ថែមទៀត ជូនក្រសួងការពារជាតិ, ៣០ហិកតា ជូនដល់លោកស្រី គីម ហ៊ាង ភរិយា ឧកញ៉ា លី យ៉ុងផាត់ ជាថ្នូរនឹងការដោះដូរដីនៅជិតវិមានឈ្នះ និងទីលានចាក់សំរាមស្ទឹងមានជ័យ និងការកាត់ជូនស្ថាប័នរដ្ឋមួយចំនួនទៀត៕