
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី១៥ នៃការបង្កើតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នារសៀលថ្ងៃទី២០ ខែធ្នូ ថា៖ «សារព័ត៌មានជាកាំបិតមុខពីរ ធ្វើឱ្យខ្ទេចខ្ទីក៏បាន ធ្វើឱ្យចម្រើនក៏បាន បើយើងចេះប្រើប្រាស់ដើម្បីកសាងជាតិឱ្យរីកចម្រើនរុងរឿងនោះ ខ្ញុំសុំលើកទឹកចិត្ត ហើយកុំប្រើប្រាស់ព័ត៌មាន ដើម្បីវាយប្រហារគ្នាលើហ្វេសប៊ុក ជេរគ្នា ប្រើពាក្យអសុរស ធ្វើឱ្យសង្គមជាតិយើងបែកបាក់គ្នា»។

“សារព័ត៌មានជាកាំបិតមុខពីរ ធ្វើឲ្យខ្ទេចខ្ទីក៏បាន ធ្វើឲ្យចម្រើនក៏បាន”
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងនៅថ្ងៃទី២០ ធ្នូ ដែរ ថា ៖ «ការអភិវឌ្ឍវិស័យសារព័ត៌មាន ប្រៀបដូចជាក្រដាសលុយមួយសន្លឹក ដែលត្រូវមានរូបទាំងសងខាង ទើបអាចចាយបាន។ យ៉ាងណា សារព័ត៌មាន ក៏ដូច្នេះដែរ មានទាំងវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែ យ៉ាងណាធ្វើឱ្យភាពអវិជ្ជមានកាន់តែថយ ហើយភាពវិជ្ជមានកាន់តែកើនឡើង សំខាន់គឺការយល់ដឹងរបស់មហាជនច្រើនជាង»។ ហើយថា៖ «សេរីភាពនៃបណ្តាញសង្គមនៅកម្ពុជា មិនត្រូវបានរឹតត្បិតឬបិទចោល ដូចបណ្តាប្រទេសមួយចំនួនក្នុងតំបន់នោះទេ នៅថៃគេបិទរាប់ម៉ឺន account នៅមានរឿងរ៉ាវពាក់ព័ន្ធជាច្រើនទៀត តែយើង យើងទុក គឺរក្សាឯករាជ្យភាពនៃការបញ្ចេញមតិ»។
“កាលណាយើងចោលក្រមសីលធម៌ អ្នកកាសែតយើងបាត់បង់តម្លៃខ្លួនឯងហើយ”

នៅក្នុងវេទិកាតុមូល ស្តីពី «ការប្រៀបធៀបស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងបណ្តាប្រទេសអាស៊ាន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ថ្លែងថា ៖ «កម្រិតវិជ្ជាជីវៈអ្នកកាសែតយើងគ្រាន់បើហើយ មិនចាញ់ក្នុងចំណោមប្រទេសអាស៊ានទេ ដោយការយកព័ត៌មានរបស់យើងល្អហើយ តែយើងនៅមានចំណុចខ្សោយខ្លះនោះ គឺចំណុចវិភាគព័ត៌មានពីសា្ថនការណ៍ ឬស្ថានភាពតំបន់នៅមានតិច ព្រោះអ្នកកាសែតកម្ពុជាយើង ការអាន ការរៀនមើល គឺតិចណាស់ អ៊ីចឹងការរៀនមើលទស្សនាវដ្ដី និងកាសែតស្រុកគេ ជាអន្ដរជាតិ គឺជាផ្នែកដ៏សំខាន់ ដើម្បីមានភាពចាស់ទុំ ក្នុងការសរសេររឿង និងវិភាគពីស្ថានការណ៍ នៅក្នុងតំបន់»។

លោក ខៀវ កាញារីទ្ធ ថ្លែងនៅឯពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី«កម្មវិធី Windows និង Java» នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ថា ៖ «កម្ពុជាយើងត្រូវបានគេសរសើរ អំពីសេរីភាពនៃសារព័ត៌មាន ប៉ុន្តែ ប្រទេសមួយចំនួន គេបានវាយតម្លៃយើង ពីរឿងគុណធម៌ និងសីលធម៌របស់កាសែតយើងទៅវិញ។ និយាយរួម អ្នកសារព័ត៌មានកម្ពុជាយើង មានវិជ្ជាជីវៈហើយ ប៉ុន្តែបច្ចុប្បន្នមានពេលខ្លះ ដោយសារយើងដណ្តើមម៉ូយ ឬអតិថិជនគ្នា ដូច្នេះ ហើយខិតខំរករូប ឬ អ្វីដែលជាការកន្ត្រាក់អារម្មណ៍ ដើម្បីឲ្យគេមើល ដែលនេះជាការដេញតាមទីផ្សារ ធ្វើឲ្យអ្នកកាសែតយើងខ្លះទុកក្រមសីលធម៌ទៅមួយចំហៀង។ ដូច្នេះ សំខាន់គឺចង់ឲ្យអ្នកសារព័ត៌មានយល់ពីសារសំខាន់នៃក្រមសីលធម៌ ពីព្រោះថា ក្រមសីលធម៌នេះហើយ ដែលធ្វើឲ្យលក្ខន្តិកៈ សង្គមអ្នកសារព័ត៌មានយើងមានតម្លៃ កាលណា យើងចោលក្រមសីលធម៌ហើយ គឺអ្នកកាសែត បាត់បង់តម្លៃរបស់ខ្លួនហើយ»។

តាមរបាយការណ៍ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) តាំងនៅប្រទេសបារាំង ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦នេះ អ្នកសារព័ត៌មាននៅទូទាំងពិភពលោកបានស្លាប់ ក្នុងពេលបំពេញការងារ មានចំនួន៧៤នាក់។ ក្នុងនោះពុំមានអ្នកកាសែតកម្ពុជាទេ ហើយភាគច្រើន ជាអ្នកកាសែតនៅបណ្តាប្រទេសកំពុងហែកហួរដោយសង្គ្រាមមាន ស៊ីរី អ៊ីរ៉ាក់ លីប៊ី និងអាហ្វហ្គានីស្ថាន ជាដើម។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មើលឃើញថា តួលេខអ្នកសារព័ត៌មានដែលស្លាប់នៅលើពិភពលោក អាចមកពីអ្នកសារព័ត៌មានទាំងនោះ ស្ថិតក្នុងបណ្តាប្រទេសដែលមានសង្គ្រាម ហើយខុសពីបរិបទ នៅក្នុងប្រទេសកម្ពុជា។ ហើយថា ការដែលកម្ពុជាគ្មានអ្នកសារព័ត៌មានស្លាប់ ក្នុងពេលបំពេញការងារ នៅឆ្នាំ២០១៦នេះ ក៏ដោយសារតែពួកគាត់មានការយល់ដឹងច្រើន ពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន៕