សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកានេះ បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌចំពោះអតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដោយអនុញ្ញាតឲ្យលោកអាចធ្វើដំណើរក្នុងប្រទេសកម្ពុជាបាន ក៏ប៉ុន្តែ ការចោទប្រកាន់ដោយតុលាការនៅដដែល មិនអាចចេញទៅក្រៅប្រទេស និងមិនអាចធ្វើសកម្មភាពនយោបាយបាននោះទេ។
ការសម្រេចបន្ធូរបន្ថយលក្ខខណ្ឌចំពោះលោក កឹម សុខា នេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនគណៈកម្មការអឺរ៉ុបបានបញ្ចប់នូវរបាយការណ៍បឋមស៊ើបអង្កេតរបស់ខ្លួន អំពីប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា និងទុកពេលឲ្យកម្ពុជា ០១ខែ ដើម្បីឆ្លើយតប មុនថា សម្រេចដក EBA ឬអត់ ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំក្រោយ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែវិច្ឆិកា អ្នកស្រី រ៉ូណា ស្មីត បានស្វាគមន៍ការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការមួយចំនួនលើលោក កឹម សុខា ប៉ុន្តែ មានការសោកស្តាយចំពោះការបន្តរឹតត្បិតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់គាត់ ជាពិសេស សេរីភាពក្នុងការដើរហើរ និងការជួបប្រជុំ។
អ្នកស្រី រ៉ូណា ស្មីត បាននិយាយដូច្នេះថា “ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀត ឲ្យមានការបិទបញ្ចប់ការស៊ើបសួរឲ្យបានឆាប់រហ័ស ចំពោះករណីលោក សុខា ឬក៏ទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោក។”
អ្នកស្រី រ៉ូណា ស្មីត បានបន្តថា “ខ្ញុំសូមទទូចជាថ្មីម្តងទៀត ដល់រដ្ឋាភិបាល និងគណបក្សនយោបាយទាំងអស់ ឲ្យកាត់បន្ថយការរីករាលដាលនៃភាពតានតឹង និងស្វែងរកកិច្ចសន្ទនាក្នុងបរិយាសកាសសន្តិវិធីមួយ ដោយអនុញ្ញាតឲ្យសំឡេងនយោបាយផ្ទុយ អាចសម្តែងចេញបាន ព្រមទាំងបញ្ចៀសការរឹតត្បិតតទៅទៀត លើសិទ្ធិសេរីភាពខាងគំនិត ការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី។”
អ្នកស្រី រ៉ូណា ស្មីត បាននិយាយថា លោកស្រីនៅតែមានកង្វល់ចំពោះជោគវាសនារបស់សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៨៥រូប ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្រោមហេតុផលនយោបាយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បាននិយាយតាមតេឡាក្រាមប្រាប់អ្នកសារព័ត៌មាន ថា កង្វល់របស់លោកស្រី រ៉ូណា ស្មីត គឺជាកង្វល់ ដែលមិនបានស្មើនឹងគ្រោះថ្នាក់របស់ជាតិកម្ពុជា នៅក្រោមឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទេ។
លោក សុខ ឥសាន បាននិយាយដូច្នេះថា “បើទោះបីជាចង់ឲ្យតុលាការអនុញ្ញាតឲ្យ កឹម សុខា ធ្វើនយោបាយបានវិញ ក៏វាប្រទាំងនឹងសាលដីកាស្ថាពរនិងបិទផ្លូវតវ៉ារបស់តុលាការកំពូលដែរ។”
នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកានេះ លោក កឹម សុខា បានជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ហើយលោកមិនបានធ្វើអត្ថាធិប្បាយរឿងនយោបាយទេ ពេលអ្នកសារព័ត៌មានសួរ ក៏ប៉ុន្តែ បាននិយាយថា សុខភាពរបស់លោកត្រូវការពិនិត្យនិងព្យាបាល៕