ទេសចរណ៍

“មាស​បៃតង”​កំពុង​ត្រូវ​បាន​ជ្រោម​ជ្រែង​ខ្លាំង​ពី​រដ្ឋាភិបាល


ក្រៅពី​អង្ករ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មាស​ស និង​ម្រេច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​មាស​ខ្មៅ​របស់​កម្ពុជា ហើយ​ថ្មីៗ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​និង​កំពុង​ខិតខំ​ជំរុញ​អភិវឌ្ឍ​នូវ​វិស័យ​ដ៏​សំខាន់​មួយ​ទៀត ដែល​ចាត់​ទុក​ថា​ជា “មាស​បៃតង” សម្រាប់​កម្ពុជា នា​បច្ចុប្បន្ន និង​អនាគត ក្នុង​ការ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច។
ភ្ញៀវ​ទេសចរ​ចិន​ថត​រូប​អនុស្សាវរីយ៍​ខណៈ​កំពុង​ទស្សនា​ប្រាសាទ​អង្គរ​វត្ត នៅ​ប្រទេស​កម្ពុជា។ រូបភាព៖ Jingdaily.com
ដោយ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​និង​លើក​កម្ពស់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ខណៈ​ដែល​វិស័យ​មួយ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិស័យ​អាទិភាព​មួយ ឬ​ហៅ​ថា “មាស​បៃតង” របស់​កម្ពុជា ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការ​ការពារ​បរិស្ថាន។

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ដុត​ដៃ​ដុត​ជើង​យ៉ាង​ខ្លាំង ក្នុង​ការ​សម្រួច​យុទ្ធសាស្ត្រ​និង​ចក្ខុ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់​តែ​ស្រួច​ស្រាល់​ជាង​មុន សំដៅ​ធ្វើ​យ៉ាង​ណា​ស្រូប​យក​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​ចូល​មក​កម្សាន្ដ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។ ក្នុង​នោះ ការ​ស្រូប​យក​ទេសចរ​ចិន​កំពុង​ក្លាយ​ជា​មុខ​ព្រួញ​មួយ​សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់​ទាញ​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​ចូល​មក​ទស្សនា​កម្សាន្ដ​នៅ​កម្ពុជា​ឲ្យ​បាន​២​លាន​នាក់​នៅ​ឆ្នាំ​​២០២០។ ខណៈ​ដែល​ទេសចរ​ចិន គឺ​ជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​សម្រាប់​កម្ពុជា ក៏​ដូចជា​បណ្ដា​ប្រទេស​នៅ​ទូទាំង​ពិភព​លោក​ផងដែរ។

ថ្លែង​នៅ​ក្នុង​វេទិកា China Ready ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើក​ឡើង​ថា ភ្ញៀវទេសចរ​ចិន​គឺ​ជា​ទីផ្សារ​ទេចរណ៍​ដ៏​ធំ​មួយ ដែល​ប្រទេស​នៅ​ទូទាំង​ពិភពលោក ជ្រួល​ជ្រើម​និង​ត្រៀម​ចាប់​យក ខណៈ​ដែល​នៅ​ឆ្នាំ​២០៣០ កំណើន​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស អាច​កើន​ឡើង​ដល់​ជាង ៥០០​លាន​នាក់។

កំណើន​នៃ​ភ្ញៀវ​ទេសចរ​ចិន​ក៏​បាន​ផ្ដល់​នូវ​ឱកាស​ការងារ​​សម្រាប់​​ប្រជាជន​មាន​ការកើន​ឡើង​ផង​ដែរ ដោយ​ក្នុង​នោះ បុគ្គលិក​ជំនាញ​ដែល​ចេះ​ភាសា​ចិន​នឹង​មាន​តម្រូវការ​កើន​ខ្លាំង។ បើ​តាម​ការ​អះអាង​ពី ឯកឧត្តម ថោង ខុន ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ដ​នៅ​កម្ពុជា មាន​ប្រមាណ​ជាង ៧០% មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ជាង ១០%​ទៀត គឺ​មក​ពី​ទីផ្សារ​អឺរ៉ុប។ ក្នុង​នោះ ទេសចរ​ចិន គឺ​ជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ​របស់​កម្ពុជា។

ឯកឧត្តម​បន្ត​ទៀត​ថា សម្រាប់​ភ្ញៀវទេសចរ​បរទេស​ម្នាក់​ដែល​ធ្វើ​ដំណើរ​កម្សាន្ដ​មក​កម្ពុជា​ម្ដង អាច​ចំណាយ​ជា​មធ្យម​ប្រមាណ ៧០០​ដុល្លារ។ យ៉ាង​ណា​ក៏​ដោយ ឯកឧត្តម​បាន​គូស​បញ្ជាក់​ថា ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​កម្ពុជា​បាន ចាំបាច់​ត្រូវ​មាន​ការ​ត្រៀម​ខ្លួន និង​យុទ្ធសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​បច្ចុប្បន្ន កម្ពុជា​កំពុង​តែ​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ដ៏​ត្រឹម​ត្រូវ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជាង ៣​លាន ៥​សែន​នាក់ កើន​ឡើង​ជិត ១២% ធៀប​នឹង​គ្រា​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ ក្នុង​នោះ ភ្ញៀវ​ទេសចរណ៍​ចិន​មាន​ប្រមាណ​ជាង ៧៤​​ម៉ឺន​​នាក់ មាន​​កំណើន​​ជាង ៤៤% និង​រំពឹង​ថា ទេសចរ​ចិន​នឹង​កើន​ឡើង​ដល់ ១​លាន​នាក់​នៅ​ឆ្នាំ​នេះ និង​លើស​២​លាន​នាក់​នៅ​ឆ្នាំ​២០២០។ ហើយ​បើ​គិត​ពេញ​១ ឆ្នាំ​២០១៦ កម្ពុជា​​ទទួល​​បាន​​ភ្ញៀវ​ទេសចរ​​បរទេស​​ប្រមាណ​​ជាង ៥​​លាន​នាក់ កើន​ឡើង ៥% និង​បាន​ផ្ដល់​ប្រាក់​ចំណូល​ប្រមាណ ៣​ពាន់ ៤​រយ​លាន​ដុល្លារ ស្មើ​នឹង ១៣% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ជាមួយ​នឹង​ការ​ផ្ដល់​ការងារ​ក្នុង​វិស័យ​នេះ​សម្រាប់​ប្រជាជន​ប្រមាណ ៦២​ម៉ឺន​នាក់៕ 




អត្ថបទបន្ទាប់


នាយក​ប្រតិបត្តិ Anussa៖ ធ្វើ​ជំនួញ​មិន​ខុស​ពី​ការ​រៀន​ជំនាញ​នោះ​ទេ

ថ្លែង​នៅ​ក្នុង​កម្មវិធី​សន្និសីទ​​ធុរកិច្ច៖ «រៀន​ធ្វើ​ជំនួញ» កាល​ពី​ពេល​ថ្មីៗ​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Anussa លោក សេង ពិសិដ្ឋ បាន​…

អ្នក​ជំនាញ៖ ការទិញ​លក់​អចលនទ្រព្យ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​និង​​សែនសុខ​ស្ទុះ​ខ្លាំង​ជាងគេ

វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា ជាពិសេស នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែម្ដង ហាក់​គ្មាន​សញ្ញា​ថមថយ​ឡើយ បើ​ទោះបី​ជា​វិស័យ​នេះ​មាន​សន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ