អ្នកស្រី អ៊ឹម គន្ធា ជាកសិករម្នាក់ក្នុងចំណោមកសិករ ១១ គ្រួសារ ដែលបានចាប់ផ្តើមដាំស្លឹកគ្រៃជាលើកដំបូង នៅលើផ្ទៃដីទំហំ ២ហិកតា។ លោកស្រីបានប្រាប់ថា កាលពីមុនដីរបស់អ្នកស្រីមានដំាណាំផ្សេងៗដូចជាម្ទេស ល្ហុង ពោតជាដើម តែក្រោយមកបានសម្រេចចិត្តដាំស្លឹកគ្រៃវិញ ព្រោះមានការសម្របសម្រួលទីផ្សារពីខាងសហគមន៍មានជ័យស្នួលទ្រេត ខេត្តបន្ទាយមានជ័យ ដែលអាចឲ្យកសិកររូបនេះ លក់ស្លឹកគ្រៃបានក្នុងតម្លៃថ្លៃ និងមានទីផ្សារស្រាប់។
អ្នកស្រី អ៊ឹម គន្ធាបានបន្ថែមថា « ដី២ហិកតាហ្នឹង ខ្ញុំត្រូវចំណាយថ្លៃដើម១ហិកតា ប្រហែល ២ពាន់ដុល្លារ អ៊ីចឹង២ហិកតា វា៤ពាន់ដុល្លារ ហើយពេលយើងប្រមូលផល ក្នុង១ហិកតា ជាមធ្យមបានប្រហែល៣០តោន ទៅ៦០តោន បានលើសដំណាំផ្សេងៗដែលខ្ញុំធ្លាប់ដាំ ព្រោះវាបានទាំងស្លឹក និងគល់ គេយកទាំងអស់ ហើយគល់១តោន តម្លៃ១លានរៀល ហើយស្លឹក១តោន៨០ម៉ឺនរៀល វាចំណេញច្រើនបានខ្ញុំដាំអាហ្នឹងវិញ ហើយស្រួលមើលថែទេ ឲ្យតែមានទឹកគ្រប់គ្រាន់»។
ជាមួយគ្នានេះដែរ លោក ឈន សាម៉េត ដែលជាកសិករ ដាំស្លឹកគ្រៃនៅភូមិព្រែកឆ្តោរនោះដែរ បានឲ្យដឹងថា លោកមានផ្ទៃដីមិនដល់មួយហិកតាទេ ដែលដាំស្លឹកគ្រៃនេះ ប៉ុន្តែព្រោះតែមានការជំរុញ និងមានការចុះកុងត្រា ទទួលទិញសហគមន៍មានជ័យស្នួលទ្រេតផងនោះ ទើបសម្រេចដាំស្លឹកគ្រៃបន្ថែមពីដំណាំផ្សេងៗទៀត ដែលលោកបានដាំរួចហើយ។
លោកពូ ឈន សាម៉េត បានឲ្យដឹងទៀតថា « ដោយសារតែការដាំស្លឹកគ្រៃលើកដំបូង ត្រូវចំណាយដើមទុនច្រើនដែរ ទើបខ្ញុំសាកល្បងដាំដីតិចតួចសិន ព្រោះត្រូវចំណាយលើពូជផង ប្រព័ន្ធស្រោចស្រពផង ព្រោះស្លឹកគ្រៃនេះថ្វីត្បិតតែងាយថែទាំ តែវាត្រូវការទឹកជាចាំបាច់ឲ្យតែមានទឹក ដឹងតែរស់ហើយ អ៊ីចឹងខ្ញុំគិតទៅ មួយហិកតាយើងចំណាយអស់ដល់ជិត ១៧លានរៀល តែពេលលក់បាន៣០ ទៅ ៤០លានរៀលដែរ »។
លោក នាក់ ភា អ្នកទទួលខុសត្រូវគម្រោងកិច្ចសន្យាផលិតកម្មកសិកម្ម នៃសហគមន៍មានជ័យស្នួលទ្រេត បានបញ្ជាក់ថា ខាងសហគមន៍របស់លោក គឺបានចុះកិច្ចសន្យាទទួលទិញស្លឹកគ្រៃពីខាងបណ្តុំកសិករភូមិព្រែកឆ្តោរ ដើម្បីលក់នៅក្នុងស្រុក និងសម្រាប់កែឆ្នៃផង ថែមទាំងនាំចេញទៅផ្សារអន្តរជាតិដូចជា ទីផ្សារអឺរ៉ុប អូស្រ្តាលី ចិន ជាដើម។
លោក នាក់ ភា បានបន្តទៀតថា «ខាងសហគមន៍របស់យើងមានដៃគូជាច្រើនទៀត ដែលអាចដោះស្រាយទីផ្សារជូនប្រជាពលរដ្ឋ ហើយខាងយើងកំពុងចងក្រងឲ្យកើតជាបណ្តុំការផលិតឲ្យច្បាស់លាស់មួយ ហើយកសាងសមត្ថភាពការផលិតឈានទៅកម្រិតស្តង់ដារខ្ពស់ ជាពិសេស ក្នុងគោលដៅផលិតឲ្យគ្រប់គ្រាន់ សម្រាប់ទីផ្សារក្នុងស្រុកផង កាត់បន្ថយការនាំចូល បង្កើនការនាំចេញ»។
លោក នាក់ ភា បានបន្ថែមថា កម្ពុជាអាចនាំចូលស្លឹកគ្រៃពីប្រហែល ៥០ ទៅ៦០តោន ក្នុងមួយថ្ងៃ នៅតាមច្រកព្រំដែនធំៗ ពីប្រទេសវៀតណាម ដោយមិនទាន់រាប់ពីច្រករបៀង និងច្រកព្រំដែនកម្ពុជាថៃនោះទេ។
ក្រុមការងារខេមបូណូមីស នៅថ្ងៃទី ១១ ខែមករា មិនអាចទាក់ទងខាងមន្ទីរកសិកម្មខេត្តបាត់ដំបងបានទេ ជុំវិញការដាំដំណាំស្លឹកគ្រៃរបស់ប្រជាកសិករនៅក្នុងខេត្តនេះ។ ទោះយ៉ាងណា បើតាមប្រជាកសិករទាំង២រូបខាងលើ ដំណាំស្លឹកគ្រៃនេះ មានដាំនៅឃុំមួយចំនួនទៀតនៅក្នុងស្រុកឯកភ្នំ ។ ហើយត្រូវការដាំរយៈពេល ៥ ទៅ៦ខែ ទើបប្រមូលផលម្តង ដូចនេះ មួយឆ្នាំអាចប្រមូលផលបាន២ដង ដោយប្រមូលម្តងបានផល ៣០ទៅ៦០តោន ក្នុងមួយហិកតា ដោយគល់ស្លឹកគ្រៃ លក់បានមួយតោនតម្លៃ ១លានរៀល និងស្លឹកគ្រៃលក់បានមួយតោនតម្លៃ ៨០ម៉ឺនរៀល ៕