សហរដ្ឋអាមេរិកអនុម័តលក់គ្រឿងបន្លាស់នាវាចម្បាំងឱ្យតៃវ៉ាន់ក្នុងតម្លៃ ១២០ លានដុល្លារ


សហរដ្ឋអាមេរិកបានអនុម័តការលក់គ្រឿងបន្លាស់នាវាចម្បាំងទៅឱ្យកោះតៃមានតម្លៃប្រមាណ ១២០ លានដុល្លារ ដើម្បីជួយតៃវ៉ាន់ថែទាំនាវាចម្បាំងរបស់ខ្លួន។ កោះតៃវ៉ាន់បាននិយាយថា ការទិញគ្រឿងបន្លាស់នេះ នឹងជួយឱ្យតៃវ៉ាន់ធានាបាននូវការត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធនៅពេលប្រឈមមុខនឹងសកម្មភាពគំរាមកំហែងពីសំណាក់ទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
សហរដ្ឋអាមេរិកអនុម័តលក់គ្រឿងបន្លាស់នាវាចម្បាំងឱ្យតៃវ៉ាន់ក្នុងតម្លៃ ១២០ លានដុល្លារ

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ​អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានប្រគល់លិខិតអនុម័តដើម្បីជូនដំណឹងដល់សភារួចហើយ បន្ទាប់ពីមានការយល់ព្រម​ពីក្រសួងការបរទេស​សម្រាប់ការលក់គ្រឿងបន្លាស់នាវាចម្បាំង​ទៅឱ្យ​ទីក្រុងតៃប៉ិ ខណៈវាជាការស្នើសុំដោយការិយាល័យ​តំណាងតៃវ៉ាន់នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

ទីភ្នាក់ងារដដែលបានអះអាងថា ការលក់នេះគ្របដណ្តប់លើគ្រឿងបន្លាស់ និង គ្រឿងជួសជុលជាច្រើនប្រភេទ សម្រាប់នាវាចម្បាំង និងប្រព័ន្ធនាវា ជំនួយបច្ចេកទេសភស្តុភារ និងការដឹកជញ្ជូន ហើយនឹងមានបញ្ជូនអ្នកជំនាញផ្នែកបច្ចេកទេសអាមេរិក​ទៅជួសជុលនាវា​ចម្បាំងនោះផងដែរ។

ទីភ្នាក់ងារអាមេរិកដដែលនេះ ក៏បានបន្ថែមថា ការយល់ព្រមលក់គ្រឿងបន្លាស់ទាំងនេះ នឹងរួមចំណែកដល់និរន្តរភាពនៃកងនាវាតៃវ៉ាន់ក្នុងការបង្កើន​សមត្ថភាពរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតពីសំណាក់ទីក្រុងប៉េកាំង។

កោះតៃវ៉ាន់បានអះអាងថា ដោយមើលឃើញពីសកម្មភាពញឹកញាប់នាពេលថ្មីៗនេះ​របស់នាវាចម្បាំងចិននៅក្នុងសមុទ្រ និង ដែនអាកាសជុំវិញកោះរបស់ខ្លួន គ្រឿងបន្លាស់នាវាចម្បាំង​ ដែលសហរដ្ឋអាមេរិកបានយល់ព្រមលក់ឱ្យ​ខ្លួននេះ នឹងជួយរក្សាឧបករណ៍ និង ការប្រើប្រាស់បានត្រឹមត្រូវ​នៃនាវាកងទ័ពជើងទឹក​របស់ខ្លួន និង បំពេញតម្រូវការក្នុងការត្រៀមខ្លួនក្នុងការប្រយុទ្ធ ប្រសិន​បើចិនហ៊ាន​ចូលវាយប្រហារ​តៃវ៉ាន់​នៅពេលណាមួយមែននោះ។

ទោះយ៉ាងណា ភាគីទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិតអំពីសម្ភារៈ​អ្វីខ្លះ ដែលតៃវ៉ាន់នឹងទទួលបាននោះទេ ប៉ុន្តែភាគច្រើននៃនាវាចម្បាំង​សំខាន់ៗ​របស់​តៃវ៉ាន់ គឺ ផលិត និង រចនាដោយសហរដ្ឋអាមេរិក ដូច្នោះចាំបាច់ណាស់ គឺត្រូវការទិញគ្រឿងបន្លាស់ពីអាមេរិកដើម្បីជួសជុល។

គួររំឭកថា កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យបានត្អូញត្អែរពីបេសកកម្មម្តងហើយម្តងទៀតដោយកងកម្លាំងអាកាសរបស់ចិន​នៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ដែលជាផ្នែកមួយនៃអ្វីដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថា ជាការដាក់សម្ពាធរបស់ទីក្រុងប៉េកាំងលើទីក្រុងតៃប៉ិឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន។ ក្នុងនោះ កងទ័ពជើងទឹករបស់ចិនក៏បាន​និងកំពុងបំពេញបេសកកម្មជាទៀងទាត់​កាន់តែខ្លាំង​ឡើង​នៅជិតកោះតៃវ៉ាន់ផងដែរ។

ទោះយ៉ាងណា សហរដ្ឋអាមេរិក ដែលជាបងធំ​នៅពីក្រោយ​តៃវ៉ាន់ តែងតែ​បាន​សន្យា​ជាមួយ​ទីក្រុងតៃប៉ិថា នឹងជួយ​ការពារតៃវ៉ាន់ ប្រសិនបើចិនចូល​វាយប្រហារ​កោះនេះ​នៅពេលណាមួយនោះ។ នៅគ្រាដែល​ ទីក្រុងប៉េកាំងវិញ តែងតែ​ ព្រមានផង​ ថ្កោលទោសផង ទៅកាន់អាមេរិក កុំឲ្យជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងរបស់ចិន​ឲ្យសោះ ព្រោះចិន​តែងតែចាត់ទុក​តៃវ៉ាន់​គឺជាខេត្តមួយរបស់ខ្លួន ហើយតៃវ៉ាន់​គ្មានថ្ងៃ​អាចកាត់ផ្ដាច់ពីចិនបានឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកិច្ចប្រជុំកំពូលសន្តិសុខតំបន់អាស៊ីខាងមុខនេះ នឹងក្លាយជាកន្លែងតទល់សង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងចិនដែរ ឬទេ?

ព័ត៌មាន
សហរដ្ឋអាមេរិកនិងប្រទេសចិនត្រូវបានគេរំពឹងថានឹងប្រើប្រាស់កិច្ចប្រជុំកំពូលសន្តិសុខសម្រាប់អាស៊ីនៅក្នុងសប្តាហ៍នេះ ដើម្បីធ្វើជាកន្លែងតទល់សង្គ្រាមព…

ចិនពិចារណាកែតម្រូវឲ្យក្រុមហ៊ុន Ant Group របស់មហាសសេដ្ឋី Jack Ma អាចបោះផ្សាយ IPO ឡើងវិញ

ព័ត៌មាន
ការរាយការណ៍ពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា និយ័តករហិរញ្ញវត្ថុចិន បានចាប់ផ្ដើមកិច្ចពិភាក្សាជាជំហានដំបូង អំពីលទ្ធភាពក្នុងការកែតម្រូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ