ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប GDP របស់តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២២នេះ នឹងសម្រេចបានជាង៥% ខណៈដែលកាលពីឆ្នាំ២០២១កំណើនសេដ្ឋកិច្ចតំបន់នេះ ត្រូវបានប៉ាន់ប្រមាណថា មានត្រឹមតែ៣%ប៉ុណ្ណោះ នៅគ្រាដែលមេរោគកូវីដ១៩ បានធ្វើឲ្យរោងចក្រជាច្រើនត្រូវបិទទ្វារ ពិសេសនៅក្នុងប្រទេសម៉ាឡេស៊ី និងវៀតណាម ដែលបញ្ហានេះ ក៏បានធ្វើឲ្យមានការចលាចលដល់ខ្សែចង្វាក់ផ្គង់ផ្គង់ពិភពលោកផងដែរ។
អ្វីដែលគេចាប់អារម្មណ៍នៅរយៈពេលចុងក្រោយនេះ គឺការនាំចេញកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសម៉ាឡេស៊ី មានការនាំចេញហក់ឡើងដល់ទៅ ៣២% នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ ដែលមានទឹកប្រាក់នាំចេញជិត២៧ពាន់លានដុល្លារ បន្ទាប់ពីការនាំចេញកាលពីខែតុលាសម្រេចបានក្នុងកំណើនខ្ពស់បំផុតមិនធ្លាប់មាន។ ទិន្នន័យពាណិជ្ជកម្ម របស់ប្រទេសម៉ាឡេស៊ី ក៏បានបង្ហាញពីកំណើនខ្លាំងដែរ នៅក្នុងវិស័យគ្រឿងអគ្គិសនី និងអេឡិចត្រូនិក ដែលមានប្រហែលជិត៤០% នៃការនាំចេញសរុប ក្នុងនោះ ផលិតផលប្រេងឥន្ធនៈ និងផលិតគីមី ក៏មានកំណើននាំចេញខ្ពស់ដែរ។
បើមើលទៅលើការនាំចេញរបស់ប្រទេសសិង្ហបុរីវិញ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ មានការកើនឡើង២៤% ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មានដែរ នៅក្នុងរយៈពេលប្រមាណ ១ទសវត្សរ៍កន្លងមកនេះ។ យ៉ាងណាមិញ នៅពេញមួយឆ្នាំ២០២១ សេដ្ឋកិច្ចសិង្ហបុរីត្រូវបានប៉ាន់ប្រមាណថា កើនដល់ទៅ ៧,២% ជាកំណើនខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខណៈដែលកាលពីឆ្នាំ២០២០ សេដ្ឋកិច្ចប្រទេសនេះ បានធ្លាក់ចុះដល់ទៅ ៥,៤%។ ដោយឡែក សម្រាប់ឆ្នាំ២០២២ រដ្ឋាភិបាលសិង្ហបុរី រំពឹងថា កំណើនសេដ្ឋកិច្ចនឹងរក្សាបានក្នុងអត្រា ៣ ទៅ៥ភាគរយ។
បើមើលទៅលើវៀតណាមវិញ សេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១ ត្រូវបានគេប៉ាន់ប្រមាណថា សម្រេចបានកំណើនយឺតជាការរំពឹងទុក ដោយមានត្រឹមតែប្រមាណជិត ២,៦%ប៉ុណ្ណោះ ខណៈឆ្នាំ២០២០ ធ្លាប់រក្សាបានកំណើនជាង២,៩%។ ទោះយ៉ាងណា នៅឆ្នាំ២០២២ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករថា នឹងអាចកើនដល់ ៦,៦%។
សម្រាប់កម្ពុជាវិញ នៅឆ្នាំ២០២១នេះ ត្រូវបានធនាគារជាតិនៃកម្ពុជាប៉ាន់ប្រមាណថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៣% ហើយអាចបន្ដកើនដល់ ៥% នៅឆ្នាំ២០២២នេះ។
ដោយឡែក សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃក្បែរខាងកម្ពុជាវិញ ហាក់កំពុងស្ថិតនៅមានភាពស្រពិចស្រពិលជាថ្មីទៀត ក្រោយរាជរដ្ឋាភិបាលប្រទេសនេះ បានដាក់ការរឹតបន្ដឹងលើការធ្វើដំណើរពីក្រៅប្រទេសដើម្បីទប់ស្កាត់កូវីដ១៩ដែលកំពុងឆ្លងរីករាលដាល។ ទោះយ៉ាងណា ការព្យាករពីធនាគារពិភពលោកកាលពីខែធ្នូឆ្នាំ២០២១ បានរំពឹងទុកថា សេដ្ឋកិច្ចថៃ នឹងអាចកើនត្រឹម ១% ប៉ុណ្ណោះ នៅឆ្នាំ២០២១ និងបន្ដកើន ៣,៩% នៅឆ្នាំ២០២២។
សូមបញ្ជាក់ ការកើនឡើងនៃអត្រាចាក់វ៉ាក់សាំងកូវីដ១៩ និងការធ្លាក់ចុះនៃករណីឆ្លងថ្មី បានធ្វើឲ្យមានការវិលត្រឡប់ទៅរកសកម្មភាពធម្មតាឡើងវិញនៅក្នុងប្រទេសជាច្រើន ប៉ុន្ដែ ប្រទេសខ្លះក៏នៅបន្ដការរឹតត្បិតដែរ។ ទោះយ៉ាងណា អ្នកជំនាញ អះអាងថា ហានិភ័យនៃការបិទខ្ទប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមានការថយចុះហើយ ហើយនៅឆ្នាំ២០២២នេះ គឺជាឆ្នាំដែលតំបន់នេះ ត្រូវរស់នៅជាមួយនឹងកូវីដ១៩៕