លោកស្រី ហារីស បានថ្លែងក្នុងសុន្ទរកថា នៅក្លឹបសេដ្ឋកិច្ចក្រុងភីតស្ប៊ើក នៅរដ្ឋផេនស៊ីលវ៉េនៀ កាលពីថ្ងៃពុធថា ការនាំមុខគេខាងឧស្សាហកម្មនៅក្នុងពិភពលោកនាពេលអនាគត និងការធ្វើឱ្យច្បាស់ថា អាម៉េរិក បានប្រជែងឈ្នះចិន នៅសតវត្សទី២១នេះ គឺជាគោលដៅ និងជាសរសស្តម្ភដ៏សំខាន់សម្រាប់សហរដ្ឋអាម៉េរិក។
ដើម្បីសម្រេចបានសសរស្ដម្ភទាំងនេះ លោកស្រី ហារីស បានសន្យាថា អាម៉េរិកនឹងវិនិយោគលើវិស័យមួយចំនួនដូចជាជីវៈផលិតកម្ម បញ្ញាសិប្បនិមិត្ត ប្រព័ន្ធកុំព្យូទ័រ អាគុយ ឬថ្មរថយន្ត អគ្គិសនី និងបន្ទះឈីប ហើយលោកស្រី ក៏បានសន្យាដែរថា នឹងលើកទឹកចិត្តពន្ធលើការផលិតផ្សេងទៀត និងការបង្កើនទ្វេដងនូវកម្មសិក្សានៅក្នុងអាណត្តិដំបូងរបស់លោកស្រី។
លោកស្រី ហារីស ក៏បានប្ដេជ្ញាចិត្តនឹងបន្តរឹតបន្តឹងទៅលើប្រទេសចិន ដូចដែលរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ធ្លាប់បានអនុវត្តកន្លងមក ព្រោះថា ប្រទេសចិន មិនមែនកំពុងធ្វើដំណើរយឺតៗនោះទេ។ ដូច្នេះហើយប្រសិនបើចង់ប្រកួតឈ្នះចិន អាម៉េរិកត្រូវតែបន្តដាក់ការរឹតបន្តឹងលើប្រទេសនេះថែមទៀត។
លោកស្រីបាននិយាយថា លោកស្រីនឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការរហ័ស និងខ្លាំងក្លានៅពេលប្រទេសចិន ធ្វើឱ្យខូចច្បាប់ទម្លាប់ដែលប៉ះពាល់ដល់កម្មករ សហគមន៍ និងក្រុមហ៊ុនរបស់អាម៉េរិក ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕
អត្ថបទ៖ សុខ មង្គល