
បើតាមអ្នកជំនាញ ដើម្បីអាចដោះស្រាយការកកស្ទះបានតម្រូវឱ្យភាគីពាក់ព័ន្ធពិនិត្យឡើងវិញនៅទីតាំងរង់ចាំ ក៏ដូចជាបង្កើនចំនួនគ្រូពេទ្យបន្ថែមទៀត។ តើការប្រើបណ្ណ ប.ស.ស បានរួមចំណែកជួយកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពពលរដ្ឋយ៉ាងណាដែរ?
នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងការងារ និងក្រសួងសុខាភិបាល បង្កើនការយកចិត្តទុកដាក់តាមដានបន្ថែមទៀតលើការផ្ដល់សេវាកម្មរបស់មន្ទីរពេទ្យដល់អ្នកកំពុងប្រើប្រាស់បណ្ណសមាជិក ប.ស.ស ដើម្បីលុបបំបាត់ការរើសអើងគ្រប់រូបភាពលើអ្នកប្រើប្រាស់បណ្ណ ប.ស.ស ទាំងនោះ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណសមាជិក ប.ស.ស ដោយវាមិនត្រឹមតែជួយដល់ការព្យាបាលប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលបន្ទុកដល់អ្នកប្រើប្រាស់អំឡុងពេលមានគ្រោះថ្នាក់ និងក្រោយពេលមានគ្រោះថ្នាក់នៅកន្លែងការងារ ឬគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុណាមួយទៀតផង។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនីតាមរយៈការលើកទឹកចិត្តឱ្យចូលរួមប្រើប្រាស់បណ្ណសមាជិក ប.ស.ស និងបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តក្នុងការផ្តល់សេវាដល់អ្នកប្រើប្រាស់បណ្ណនេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះសង្កេតឃើញថា ការផ្តល់សេវាព្យាបាលរបស់មន្ទីរពេទ្យមួយចំនួនដល់អ្នកប្រើបណ្ណ ប.ស.ស ហាក់នៅមានភាពខ្វះចន្លោះ ដែលទាមទារឱ្យមន្ទីរពេទ្យនានា ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញនូវចំនួនគ្រូពេទ្យ និងទីកន្លែង ត្រូវធ្វើយ៉ាងណាការផ្ដល់សេវាកម្មទាន់ពេល និងកាត់បន្ថយការកកស្ទះនៅកន្លែងរង់ចាំ។
បើតាមលោកបណ្ឌិត ឈត ប៊ុនថង កាលដែលសន្សំប្រាក់បន្តិចម្ដងៗជាមួយបណ្ណ ប.ស.ស អាចជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋយ៉ាងច្រើនទៅលើថ្លៃព្យាបាល ជាពិសេសជួយសម្រួលលើការព្យាបាលជំងឺធម្មតា សង្គ្រោះបន្ទាន់ដោយប្រការណាមួយ ដែលបានជួយដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខមាលភាព៕
អត្ថបទដោយ៖ ជា ម៉ារ៉ា