សម្រាប់ថ្នាក់ដឹកនាំរូបនេះ គោលការណ៍ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ អាចជាពាក្យមួយពិបាក តែបើមន្ត្រីទាំងអស់មានឆន្ទៈការងារនេះនឹងអាចសម្រេចបាន។ ជាមួយគ្នានេះឯកឧត្តម ស សុខា ជំរុញមន្ត្រីទៅសិក្សាពីរបៀបរបបធ្វើការរបស់ប្រទេសដទៃ ដើម្បីយកមកកែលម្អចំណុចខ្វះខាតនានា សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នាជំនួបសំណេះសំណាលជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញមន្ត្រី និងអង្គភាពពាក់ព័ន្ធពិនិត្យឡើងវិញនូវតម្លៃធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ដ្បិតឯកឧត្តមយល់ថា តម្លៃបច្ចុប្បន្នហាក់ស្ថិតនៅក្នុងកម្រិតមួយខ្ពស់បើធៀបនឹងប្រទេសក្នុងតំបន់។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំរូបនេះណែនាំឲ្យមន្ត្រីពាក់ព័ន្ធសិក្សាពីតម្លៃធ្វើលិខិតឆ្លងដែននៅតាមប្រទេសមួយចំនួនដូចជាវៀតណាម ថៃ មីយ៉ាន់ម៉ា និងសិង្ហបុរីជាដើម ដើម្បីប្រមូលព័ត៌មានធ្វើជាធាតុចូលក្នុងការកំណត់តម្លៃធ្វើលិខិតឆ្លងដែនជូនពលរដ្ឋកម្ពុជាក្នុងតម្លៃសមរម្យមួយ។ សម្រាប់ឯកឧត្តម ស សុខា មិនជឿថា ថ្លៃដើមផលិត ឬបោះពុម្ភលិខិតឆ្លងដែនមានតម្លៃលើស១០០ដុល្លារដូចតម្លៃបច្ចុប្បន្ននោះទេ។
ក្រៅពីជំរុញឲ្យត្រួតពិនិត្យលើតម្លៃ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជំរុញមន្ត្រី និងភាគីពាក់ព័ន្ធសិក្សាពីលទ្ធភាពក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្សត់ខ្សោយហើយមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេសផងដែរ។ គោលបំណងនៃជំរុញទាំងនេះ គឺដើម្បីលើកកម្ពស់ និងធានាប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដ្បិតឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ចង់ឲ្យអាណត្តិទី៧ជាអាណត្តិផ្តល់គោលការណ៍ដ៏កក់សម្រាប់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការជំរុញខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួនឲ្យថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន ស្ថាប័នក្រោមដំបូលក្រសួងមហាផ្ទៃអនុវត្តផងដែរ។ គោលការទាំងនោះរួមមានឯកឧត្តមដាស់តឿនឲ្យមន្ត្រីទាំងអស់ត្រូវការធ្វើការជាក្រុម ពោលគឺមន្ត្រីទាំងអស់ត្រូវចាត់ទុកសមាជិកសមាជិកានៃក្រសួងមហាផ្ទៃជាគ្រួសារតែមួយ ប្រកាន់ភ្ជាប់នូវទស្សនៈរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឈានទៅសម្រេចឲ្យបាននូវផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ និងត្រូវប្រកាន់ភ្ជាប់នូវទស្សនៈដើមឈើមួយដើមយើងមិនអាចឱបម្នាក់ឯងបាននោះទេ ទាល់តែខ្ចីដៃសមាជិកគ្រួសារក្រសួងមហាផ្ទៃទើបឱបជុំ៕