បញ្ហាដឹកជញ្ជូនឡើងថ្លៃខ្ពស់

រដ្ឋមន្រ្តីកសិកម្ម៖ បញ្ហាដឹកជញ្ជូនឡើងថ្លៃខ្ពស់ កំពុងប្រឈមកាន់តែខ្លាំងដល់ដំណើរការនាំចេញកសិផលកម្ពុជាឆ្នាំនេះ


ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា វិស័យកសិកម្មកម្ពុជាគឺមានប្រឈមច្រើន ហើយមួយរយៈកន្លងមកនេះ វិស័យនេះ បានជួបផលប៉ះពាល់កាន់តែខ្លាំងថែមទៀត ពីវិបត្តិកូវីដ-១៩ ដែលបានធ្វើឲ្យថ្លៃដឹកជញ្ជូនកើនខ្ពស់ទៅៗ គួបផ្សំនឹងខ្វះមធ្យោបាយដឹកជញ្ជូន និងការរឹតបន្តឹងការនាំចេញ-ចូលទំនិញ នៅតាមច្រកព្រំដែន នៃប្រទេសនាំចូលផងដែរ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រូបភាព ៖ ក្រសួងសាធារណៈការ

ឯកឧត្តម វេង សាខុនបញ្ជាក់ទៀតថា បញ្ហាទាំងអស់នេះ ពិសេសបញ្ហាថ្លៃដឹកជញ្ជូនឡើងថ្លៃខ្ពស់តែម្ដង បាននិងកំពុងរុញឲ្យការនាំចេញផលិតផលកសិកម្មកាន់តែជួបការលំបាក ពិសេសការនាំចេញផ្លែចេក និងស្វាយជាដើម។

បើទោះបីជា របាយការណ៍ក្រសួងកសិកម្មបង្ហាញថា ស្ថានភាពនៃការនាំចេញកសិផលទៅក្រៅប្រទេស ក្នុងរយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ នៅតែអាចដំណើរការជាធម្មតា និងមានការកើនឡើងជាង៥% បើប្រៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ក៏ដោយ ប៉ុន្ដែ បើមើលទៅលើ ការនាំចេញកសិផលមួយចំនួនសំខាន់ៗចំនួន បានបង្ហាញពីការថមថយចុះគួរឲ្យកត់សម្គាល់ផងដែរ ដូចជាការនាំចេញផ្លែចេកស្រស់ និងស្វាយស្រស់ជាដើម។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ជាការពិតការនាំចេញកសិផលស្រស់មួយចំនួន ដូចជា ផ្លែចេកស្រស់ និងស្វាយស្រស់ កំពុងមានការថយចុះគួរឲ្យកត់សម្គាល់ ពិសេសការនាំចេញទៅកាន់ប្រទេសចិន បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១។ ឯកឧត្តមរដ្ឋមន្រ្តីបន្តគូសបញ្ជាក់ដូច្នេះ បន្ទាប់ពីមានការពិគ្រោះយោបល់ ជាមួយក្រុមហ៊ុននាំចេញកសិផលធំៗមួយចំនួន បានឱ្យដឹងថា ការធ្លាក់ចុះនៃការនាំចេញកសិផលមួយចំនួន គឺបណ្តាលមកពីកត្តាកង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល ហើយតម្លៃទូត្រជាក់ក៏ឡើងថ្លៃជាខ្លាំងទៀត បើធៀបទៅនឹងមុនវិបត្តិកូវីដ-១៩ ដែលបច្ចុប្បន្ននេះ តម្លៃមានការកើនឡើងរហូតជាង៣ដងឯណោះ។ ជាមួយគ្នានោះ ការរឹតបន្តឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ស្របតាមយុទ្ធសាស្ត្រគ្មានការ ឆ្លងរាលដាលនូវកូវីដ-១៩ ពីប្រទេសខាងក្រៅ នៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម បណ្ដាលឱ្យមានការរាំងស្ទះទំនិញ ពិសេសការនាំចេញទៅកាន់ប្រទេសវៀតណាម ក៏មានការថយចុះ ដោយសារការនាំចេញពីប្រទេសវៀតណាម ទៅកាន់ប្រទេសចិន អាចដំណើរការទៅបានតិចតួច ដោយសារវិបត្តិកូវីដ-១៩។

ស្ថិតក្នុងស្ថានភាពនេះ វិស័យដឹកជញ្ជូនឯកជនវិញ កំពុងមានការរារែកចិត្តលើប្រតិបត្តិការនៃការដឹកជញ្ជូនកសិផល ព្រោះតែតម្លៃដឹកជញ្ជូនមានកើនឡើងខ្លាំង ដែលបញ្ហានេះកំពុងបង្កជាក្ដីបារម្ភបន្ថែមដលដំណើរការនាំចេញផលិតផលកសិកម្មកម្ពុជា។

លើសពីនេះ ការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ ដែលបណ្តាលមកពីការរកឃើញកូវីដ-១៩ នៅលើសំបកកេសវេចខ្ចប់ផ្លែចេក ពីសំណាក់អាជ្ញាធរគយចិន ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួន ត្រូវអាក់ខានការនាំចេញមួយរយៈ និងក្រុមហ៊ុនខ្លះទុកចោលមិនប្រមូលផល។ ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម ក៏បានបញ្ជាក់ផងដែរថា ការនាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេស តែងមានការប្រែប្រួល ដែលជាការសម្រេចចិត្តរបស់ផ្នែកឯកជន ដើម្បីឆ្លើយតប ទៅនឹងកត្តាទីផ្សារ។ រីឯក្រសួងកសិកម្ម បាននិងកំពុងខិតខំជំរុញការងារផលិតកម្មឱ្យកាន់តែមានភាព រីកចម្រើនទៅមុខប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ស្របតាមលក្ខខណ្ឌតម្រូវនៃប្រទេសនាំចូល ព្រមទាំងខិតខំចរចា ពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញកសិផលទាំងនោះ ទៅកាន់ទីផ្សារក្រៅប្រទេសឱ្យបានកាន់តែច្រើន។

សូមបញ្ជាក់ថា នៅរយៈពេល ៤ខែ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្ពុជា បាននាំចេញកសិផលសរុបប្រមាណ ៤លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការកើនឡើងជាង៥% បើធៀបនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ដោយឡែក រយៈពេលពេញ១ឆ្នាំ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម ជិត៨លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ជិត ៥ពាន់លានដុល្លារ មានការកើនឡើង ៦៣% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕

None



អត្ថបទបន្ទាប់


បុរីប្រណីតថ្មី ម៉ូដផ្ទះស្អាតប្លែក នឹងផុសរូបរាងឡើងក្បែរផ្សារអេអន៣

ក្រុមហ៊ុន អ៊ីអិលធី (ELT Development) ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះបោះសំឡេង និងបានចូលរួមចំណែកយ៉ាងសកម្មជាង20ឆ្នាំក្នុងការកសាងធនធានមនុ…

ទំនិញ និងទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តព្រះសីហនុនៅតែមានកំណើន ទោះមានការកកស្ទះយ៉ាងណាក្តី

ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុបានអះអាងថា ទំនិញនិងទូរកុងតឺន័រចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅតែរក្សាបាននូវកំណើនក្នុងរង្វង់១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ