តម្លៃដូងប្រេងកើនខ្ពស់ ប៉ុន្ដែការដាំដុះមានតិចតួច

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ជំរុញឲ្យតម្លៃដូងប្រេងកើនកាន់តែខ្ពស់ ប៉ុន្ដែការដាំដុះដំណាំនេះនៅកម្ពុជាមានតិចតួច


ការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យមានសម្ពាធអតិផរណាកាន់តែខ្លាំង ពិសេសលើទំនិញប្រើប្រាស់ប្រចាំថ្ងៃ រួមទាំង ដូងប្រេង ជាដើម។ យ៉ាងណាមិញ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញដូងប្រេង ដ៏ធំបំផុតរបស់ពិភពលោក បានប្រកាសថា ផ្អាកនាំចេញដូងប្រេង ក្រោយប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងជួបនូវវិបត្តិទំនិញឡើងថ្លៃ ពិសេសប្រេងឆា ដែលផលិតចេញពីដូងប្រេងតែម្ដង។
ដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ដែលបានដឹកមកដល់កន្លែងកែច្នៃ (រូបថតពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)

ជុំវិញ​នឹង​ការ​ផ្អាក​នាំ​ចេញ​ដូងប្រេង​របស់​ឥណ្ឌូ​នេ​ស៊ី​នេះ​ដែរ ត្រូវ​បាន ឧកញ៉ា ម៉ុង ឫ​ទ្ធី មហាសេដ្ឋី​កសិកម្ម​កម្ពុជា និង​ជា​អ្នក​ដាំ​ដុះ នាំ​ចេញ​ដូងប្រេង​ដែរ​នោះ បញ្ជាក់​ថា វា​នឹង​ជំរុញ​ឲ្យ​តម្លៃ​ដូងប្រេង​នឹង​ហក់​ឡើងថ្លៃ​បន្ថែម​ទៀត ខណៈ​ដែល​តាំងពី​ដើមឆ្នាំ​២០២២​មក តម្លៃ​ដូងប្រេង​បាន​ឡើងថ្លៃ​ជា​បន្ដបន្ទាប់​រួច​ទៅ​ហើយ​នោះ​។ ទោះ​យ៉ាងណា ឧកញ៉ា ម៉ុង ឫ​ទ្ធី​គូសបញ្ជាក់​ថា សម្រាប់​កម្ពុជា​ការ​ដាំ​ដុះ​ដំណាំ​ដូងប្រេង​នេះ គឺ​មិន​មាន​ច្រើន​នោះ​ឡើយ គឺ​មាន​តែ​ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី គ្រុប​មួយ​ប៉ុណ្ណោះ ដែល​មានការ​ដាំ​ដុះ​ដំណាំ​នេះ​ជា​លក្ខណ​ឧស្សាហកម្ម​។

បើ​ទោះបីជា តម្លៃ​ដូងប្រេង​កំពុង​មានការ​ឡើងថ្លៃ​ខ្ពស់​ក៏​ដោយ​ចុះ ប៉ុន្ដែ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ កម្ពុជា បាន​នាំ​ចេញ​ដូងប្រេង ជាង​១​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​,​ម៉ា​ឡេ​ស៊ី និង​ថៃ បាន​ថយ​ចុះ​ជាង ៣% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១​។ នេះ​បើ​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​។

តម្លៃ​ដូងប្រេង​កំពុង​ឡើងថ្លៃ​ខ្ពស់ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ក្រោយ​ពេល​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ជំរុញ​ឲ្យ​មាន​អតិ​ផរ​ណ​កើនឡើង​កាន់តែ​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។

ដើម្បី​ទប់ទល់​នឹង​បញ្ហា​អតិផរណា តម្លៃ​ទំនិញ​ឡើងថ្លៃ​ខ្ពស់ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ប្រទេស​នាំ​ចេញ​ដូងប្រេង​ដ៏​ធំ​ជាងគេ​មួយ​របស់​ពិភពលោក​នោះ បាន​ប្រកាស​ថា ផ្អាក​ការ​នាំ​ចេញ​ដូងប្រេង ដែល​កំពុង​បង្ក​ជា​ក្ដី​បារម្ភ​ថា វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ចំណីអាហារ ពិសេស​ផលិត​ដែល​ផលិត​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ដូងប្រេង​ដូច​ជា គ្រឿងសម្អាង​ជាដើម​នោះ នឹង​បន្ដ​ឡើងថ្លៃ​កាន់តែ​ខ្ពស់​ថែម​ទៀត​ដែរ​។

ជុំវិញ​ស្ថានភាព​វិស័យ​ទីផ្សារ​ដូងប្រេង នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​ឧកញ៉ា ម៉ុង ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី គ្រុប​គូសបញ្ជាក់​ថា ហាក់​មាន​ភាពល្អ​ប្រសើរ​ជាង​នៅ​ឆ្នាំ​២០២២ បើ​ទោះជា ពិភពលោក​កំពុង​រង​ឥទ្ធិពល​អាក្រក់​ពី​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន​ក៏​ដោយ​។ បើ​តាម​ឧកញ៉ា ម៉ុង ឫ​ទ្ធី ស្ថិត​លើ​ផ្ទៃដី​ដាំ​ដុះ​ជាង​១​ពាន់​៦​រយ​ហិ​កតា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២ លោក​បាន​នាំ​ចេញ​ដូងប្រេង ជិត​៩​ពាន់​តោន ក្នុង​តម្លៃ ប្រមាណ​១​ពាន់​២​រយ​ដុល្លារ ក្នុង​មួយ​តោន ខណៈ​នៅ​ពេញ​មួយ​ឆ្នាំ​២០២១ ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី បាន​នាំ​ចេញ​ដូងប្រេង ក្នុង​បរិមាណ ជិត​៤​ម៉ឺន​តោន និង​មាន​តម្លៃ​ជា​មធ្យម​ជិត​១​ពាន់​ដុល្លារ ក្នុង​មួយ​តោន​។ ដ្បិតថា ទីផ្សារ​ដូងប្រេង កាន់តែ​ប្រសើរ តែ​ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​សង្កត់ធ្ងន់​ថា បញ្ហា​ខ្វះ​ផ្ទៃដី​ដាំ​ដុះ និង​អ្នក​វិនិយោគ នៅ​តែ​ជា​បញ្ហា​សម្រាប់​វិស័យ​នេះ ស្រប​ពេល​ពិភពលោក​កាន់តែ​មាន​តម្រូវការ​ដូងប្រេង​ខ្ពស់ ប្រហាក់ប្រហែល​នឹង​តម្រូវការ​ប្រេងឥន្ធនៈ​ដែរ ក៏​ប៉ុន្តែ​ការ​វិនិយោគ​លើ​ដំណាំ​ដូងប្រេង មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ដូច​ជា កត្តា​ដី ទឹកភ្លៀង បច្ចេកទេស និង​ហិរញ្ញវត្ថុ ជាដើម​។

បើ​ទោះជា តម្រូវការ​ដូងប្រេង​សាកល​កាន់តែ​កើនឡើង ក៏​ពិតមែន តែ​ការ​ផ្គត់ផ្គង់​ហាក់​កាន់តែ​ថយ​ចុះ ដោយសារ​ប្រទេស​នាំ​ចេញ​ដូងប្រេង​ធំ​បំផុត គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ផ្អាក​ការ​នាំ​ចេញ​ដូងប្រេង ដើម្បី​ទប់ទល់​បញ្ហា​អតិផរណា​ទំនិញ​ឡើងថ្លៃ​ក្នុង​ប្រទេស​របស់​ខ្លួន​។ ដោយឡែក សម្រាប់​កម្ពុជា​វិញ ការ​នាំ​ចេញ​ដូងប្រេង ក៏​កាន់តែ​ថយ​ចុះ​ផង​ដែរ ដោយសារ​ភាគច្រើន​ដំណាំ​ដូងប្រេង មាន​អាយុកាល​ច្រើន​ឆ្នាំ និង​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​វិនិយោគ​ដាំ​ដុះ​បន្ថែម​លើ​ដំណាំ​ឧស្សាហកម្ម​មួយ​នេះនោះ​ទេ​។

សូម​បញ្ជាក់​ថា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២ កម្ពុជា បាន​នាំ​ចេញ​ដូងប្រេង​សរុប​ក្នុង​បរិមាណ ជាង​១​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​ក្រៅ​ស្រុក មានការ​ថយ​ចុះ​ជាង ៣% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១​។ ក្នុង​នោះ កម្ពុជា បាន​នាំ​ចេញ​ដូងប្រេង ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ច្រើន​ជាងគេ ចំនួន ៩ ៧០០​តោន​, នាំ​ចេញ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ១ ៥០០​តោន និង​ទីផ្សារ​ប្រទេស​ថៃ ១៦០​តោន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន៥៦ម៉ឺនដូស ពីប្រទេសអ៊ីតាលី

ព័ត៌មាន
កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ១៩ប្រភេទ AstraZeneca ចំនួន១លាន៥៦ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នៅថ្ងៃទី ២៥ ខែមេស…

ក្រុមហ៊ុនកម្ពុជា និងជប៉ុនសរុបជាង៥០ក្រុមហ៊ុន ជួបគ្នាស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្ម

ព័ត៌មាន
លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំអ្នកវិនិយោគជប៉ុន ចំនួន ២៤ក្រុមហ៊ុន ដើម្បីជួបជុំគ្នាដោះដូរគំនិតយោបល់ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ