កំណត់ហេតុនៃកិច្ចប្រជុំរបស់ធនាគារកណ្ដាលអាម៉េរិក ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ថ្ងៃទី២១ ខែសីហា បានបង្ហាញថា អ្នកបង្កើតគោលនយោបាយមួយចំនួនរបស់ធនាគារកណ្តាលអាម៉េរិក បានបង្ហាញឆន្ទៈចង់បញ្ចុះអត្រាការប្រាក់ តាំងពីនៅឯកិច្ចប្រជុំរបស់ធនាគារកណ្ដាលអាម៉េរិក កាលពីខែមុនម៉្លេះ។
គណៈកម្មាធិការទីផ្សារសេរីសហព័ន្ធ (FOMC) ដែលជាស្ថាប័នកំណត់គោលនយោបាយនៃធនាគារកណ្ដាលអាម៉េរិក បានរក្សាទុកអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែល ដោយគ្មានការផ្លាស់ប្ដូរក្នុងរង្វង់ចន្លោះពី៥,២៥% ទៅ៥,៥០% កាលពីថ្ងៃទី៣១ ខែកក្កដា ប៉ុន្តែបានបើកទ្វារចំហសម្រាប់ការបញ្ចុះអត្រាការប្រាក់នៅឯកិច្ចប្រជុំបន្ទាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ដ៏ខ្លីខាងមុខនេះ។
ទីផ្សារហិរញ្ញវត្ថុនានា ទូទាំងពិភពលោក បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដោយក្ដីអន្ទះសា ហើយរំពឹងថា ធនាគារកណ្ដាលអាម៉េរិក នឹងចាប់ផ្ដើមបន្ធូបន្ថយគោលនយោបាយនៅខែកញ្ញា ជាមួយនឹងការបញ្ចុះអត្រាការប្រាក់១%ពេញ ដែលគេរំពឹងថានឹងធ្វើឡើងយ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។
កំណត់ហេតុនៃកិច្ចប្រជុំខាងលើនេះបានបញ្ជាក់ថា នៅឯកិច្ចប្រជុំកាលពីអំឡុងខែកក្កដា អ្នកបង្កើតគោលនយោបាយភាគច្រើនយល់ថា ប្រសិនបើទិន្នន័យនៅតែបន្តស្របគ្នាដូចការរំពឹងទុក ការបន្ធូរបន្ថយគោលនយោបាយនៅក្នុងកិច្ចប្រជុំបន្ទាប់ គឺជាពេលវេលាដ៏សមស្របក្នុងការបញ្ចុះអត្រាការប្រាក់៕
ដោយ: តែម សុខុម