បើតាមរបាយការណ៍ពីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១នេះ អ្នកឆ្លងថ្មីទាំងនោះ មាន១៧៨នាក់ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមានតែម្នាក់គត់ ដែលជាករណីនាំចូល។ ហើយក្នុងនោះ ចំណោមករណីឆ្លងថ្មីទាំងនោះ គឺភាគច្រើនបំផុតត្រូវបានរកឃើញនៅខេត្តព្រះសីហនុ បន្ទាប់មកនៅរាជាធានីភ្នំពេញ ខេត្តកណ្ដាល និងព្រៃវែង ។
យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលដដែល គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបទាំងអស់មាន ២.១៤៧ នាក់ហើយក្នុងនោះ មានដល់ទៅ១.៦២២នាក់ គឺជាករណីឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ទោះយ៉ាងណាចំនួនអ្នកដែលបានជាសះស្បើយក៏មានការកើនឡើងសរុបដល់ទៅ ១.១៣២នាក់ ខណៈដែលនៅព្រឹកថ្ងៃទី ២៧ ខែមីនានេះអ្នកជាសះស្បើយថ្មីមានចំនួន៥៨នាក់។
មួយរយៈចុងក្រោយនេះ បន្ទាប់ពីរាជាធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថាមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេ។
កាលពីថ្ងៃទី ២៦ ខែមីនា កម្ពុជាក៏ទើបទទួលបានវ៉ាក់សាំង Sinovac ដែលខ្លួនបានបញ្ជាទិញពីប្រទេសចិនចំនួន១,៥លានដូស តម្លៃ១៥លានដុល្លារអាមេរិកផងដែរ ហើយគិតត្រឹមថ្ងៃទី ២៧ ខែមីនា កម្ពុជាទទួលបានវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនប្រមាណជាង២លាន៤សែនដូសហើយ។
ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការការពារមួយចំនួនដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕