បុគ្គលឈ្មោះ ង្វៀន ធី គីម ហ្វួង (Nguyen Thi Kim Phuong) អាយុ៣៩ឆ្នាំ ឈ្មោះ ង្វៀន ធី ង៉ុក ចាវ (Nguyen Thi Ngoc Giau) អាយុ៤៤ឆ្នាំ ឈ្មោះ ង្វៀន ធី មិញ ហ្វុង (Nguyen Thi Minh Phung) អាយុ៤៣ឆ្នាំ និងបុគ្គលពាក់ព័ន្ធចំនួន២១នាក់ផ្សេងទៀតបានឡើងសវនាការទទួលការជំនុំជម្រះទោសនៅចំពោះមុខតុលាការប្រជាជនក្រុងហូជីមិញពីបទរត់ពន្ធមាសខុសច្បាប់។
ទាក់ទិននឹងករណីនេះដែរ បុគ្គលឈ្មោះ ដាង ធី ថាញ់ ហាង (Dang Thi Thanh Hang) ដែលជាម្ចាស់ហាងមាស ហ្វុក ហាង (Phuc Hang) នៅទីក្រុងហាណូយ និងម្ចាស់ហាង ហាត់ ចាង (Hat Giang) នៅទីក្រុងហូជីមិញ កំពុងរត់គេចខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ច។
ស្ត្រីឈ្មោះ ង្វៀន ធី មិញ ហ្វុង (Nguyen Thi Minh Phung) អាយុ៤៣ឆ្នាំធ្លាប់ជាបុគ្គលិកបម្រើការងារនៅហាងមាសមួយកន្លែង ដូច្នេះនាងបានស្គាល់មនុស្សជាច្រើននៅក្នុងវិស័យនេះនៅទីក្រុងហូជីមិញ ខេត្តតៃនិញ និងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ខេត្តតៃនិញ មានព្រំប្រទល់ជាប់ទាំងទីក្រុងហូជីមិញ និងប្រទេសកម្ពុជា។
នៅដើមឆ្នាំ២០២២ ស្ត្រីឈ្មោះ ង្វៀន ធី មិញ ហ្វុង (Nguyen Thi Minh Phung) និងឈ្មោះ ង្វៀន ធី គីម ហ្វួង (Nguyen Thi Kim Phuong) បានមើលឃើញឱកាសល្អថា ហាងឆេងមាសនៅប្រទេសវៀតណាម បានហក់ឡើងខ្ពស់ជាងហាងឆេងមាសនៅប្រទេសកម្ពុជា ដូច្នេះហើយពួកគេក៏បានទំនាក់ទំនងមកឈ្មោះ ង្វៀន ធី ង៉ុក ចាវ (Nguyen Thi Ngoc Giau) និងអ្នកផ្សេងទៀតដើម្បីបង្កើតបណ្ដាញរត់ពន្ធចំនួនពីរ ដែលបានលួចរត់ពន្ធមាសពីភ្នំពេញចូលទៅកាន់ប្រទេសវៀតណាម ដើម្បីលក់បានប្រាក់ចំណេញខ្ពស់។
សរុបមក បណ្ដាញរត់ពន្ធទាំងពីរខាងលើនេះបានរត់ពន្ធមាសពីប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាមបានជាង៦តោន ដែលគិតជាទឹកប្រាក់ប្រមាណ៣៣៥លានដុល្លារអាម៉េរិក ហើយឈ្មោះ ង្វៀន ធី ង៉ុក ចាវ (Nguyen Thi Ngoc Giau) អាយុ៤៤ឆ្នាំត្រូវកំណត់មុខសញ្ញាថា ជាមេខ្លោងធំនៅក្នុងបណ្ដាញរត់ពន្ធខុសច្បាប់ទាំងពីរនេះ។
សូមបញ្ជាក់ថា សវនាការជំនុំជម្រះទោសក្រុមរត់ពន្ធមាសខុសច្បាប់នេះអាចនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា៕
ដោយ: តែម សុខុម