
ប៉ុន្តែ នៅទីក្រុងហូជីមិញ អាជ្ញាធរក្រុងបានសម្រេចចិត្តជួលក្រុមហ៊ុនឯកជនមួយ ឲ្យជួយបូមទឹកភ្លៀងចេញពីតាមផ្លូវនានាដែលជន់លិច ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតាមដងផ្លូវ។
នៅសប្ដាហ៍នេះ ក្រុមហ៊ុន Quang Trung Industry Joint Stock Company បានដាក់ពង្រាយម៉ាស៊ីនបូមទឹក នៅលើវិថី Nguyen Huu Canh ក្នុងខណ្ឌ Binh Thanh និងចាប់ផ្ដើមបូមទឹកភ្លៀងកម្ពស់ ៣០-៤០សង់ទីម៉ែត្រ ដែលគ្របដណ្ដប់វិថីមួយនេះ។
វាជាការសាកល្បងលើកទីពីរហើយនាសប្ដាហ៍នេះ ហើយម៉ាស៊ីនចំណាយពេល ២០នាទីទើបបូមទឹកអស់ពីផ្លូវ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញ VN Express។

តំណាងក្រុមហ៊ុន បានឲ្យដឹងថា ម៉ាស៊ីនបូមទឹកដែលក្រុមហ៊ុនប្រើមានតម្លៃ ៣,៨៧លានដុល្លារអាមេរិក ហើយបច្ចុប្បន្ន ម៉ាស៊ីននេះត្រៀមរួចរាល់ហើយសម្រាប់ការដាក់ពង្រាយដើម្បីបូមទឹកនៅពេលណាដែលមានភ្លៀងធ្លាក់ខ្លាំង។
ប៉ុន្តែ ទោះយ៉ាងនេះក្ដី អាជ្ញាធរឲ្យដឹងថា គេមិនទាន់ដឹងច្បាស់លាស់អំពីប្រសិទ្ធភាពនៃការប្រើម៉ាស៊ីនបូមទឹកនេះនៅឡើយទេ ព្រោះអីកន្លងមក គេបានសាកល្បងជាមួយតែជំនន់លិចផ្លូវដែលបណ្ដាលមកពីទឹកទន្លេ សាយហ្គន ជោរឡើង ប៉ុន្តែ មិនទាន់សាកល្បងជាមួយជំនន់លិចផ្លូវដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅឡើយទេ។

ទីក្រុងហូជីមិញងាយរងគ្រោះដោយសារទឹកជំនន់ណាស់ ហើយវិថីនានាក្នុងទីក្រុងប្រែក្លាយជាកូនអូរ ស្ទើរតែរាល់ពេលដែលទឹកទន្លេជោរខ្លាំង ឬមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ។
គិតត្រឹមឆ្នាំ២០២០ ទីក្រុងមួយនេះ ត្រូវគេព្យាករថា នឹងត្រូវការថវិកាប្រមាណ ៤,៣៨ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងបង្ការទឹកជំនន់៕