យើងធ្លាប់តែបានលឺ និងទទួលស្គាល់ពីគុណភាពនៃម៉ូតូរបស់ក្រុមហ៊ុនហុងដា ដែលជាក្រុមហ៊ុនមានឈ្មោះបោះសម្លេងមួយនៅកម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីព្រមទាំងពិភពលោក។
មែនទែនទៅក្រុមហ៊ុនហុងដារបស់ជប៉ុន ក៏មានផលិតនូវរថយន្តជាច្រើនប្រភេទផងដែរ គ្រាន់តែរថយន្តប្រភេទខ្លះមិនសូវមានលក់នៅទីផ្សារនៅកម្ពុជា ឬប្រទេសក្បែរខាងប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ ហុងដា បានឈានជើងមួយជំហានទៀត ដោយបញ្ចេញលក់រថយន្តមួយប្រភេទថ្មីមានឈ្មោះថា The Legend បំពាក់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិជំនាន់ទី៣ចុងក្រោយបំផុត ហើយបច្ចេកវិទ្យានេះ ពុំទាន់មានក្រុមហ៊ុនណាអាចផលិតបាននោះទេ សូម្បីតែរថយន្ត Tesla របស់អាមេរិក ក៏មិនមានបំពាក់មកជាមួយនូវបច្ចេកវិទ្យាចុងក្រោយនេះដែរ។
គេសង្កេតឃើញថា មានក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជុំវិញពិភពលោករួមទាំងក្រុមហ៊ុន Google និងក្រុមហ៊ុន Teslaផងដែរ បាននិងកំពុងវិនិយោគយ៉ាងខ្លាំងក្នុងការអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិនេះ ដើម្បីប្រកួតប្រជែងនឹងហុងដា។
រថយន្ត The Legend របស់ហុងកុងដាក់លក់ដំបូងតែ ១០០គ្រឿងប៉ុណ្ណោះ មានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិកក្នុងមួយគ្រឿង ក្នុងទីផ្សារប្រទេសជប៉ុន។
សូមបញ្ជាក់ថា ទោះបីជាបច្ចេកវិទ្យាកាន់តែជឿនលឿនក៏ដោយ ច្បាប់ស្តីពីការបើកបរដោយស្វ័យប្រវត្តិមានភាពខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ គេនៅចាំបានថា ក្រុមហ៊ុនរថយន្ត Audi ធ្លាប់បានដាក់បង្ហាញរថយន្ត Audi A8 របស់ខ្លួនជាមួយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិជំនាន់ទី៣ដូចគ្នានេះ កាលពីឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានច្បាប់រារាំង៕