ការបើកដំណើរការឡើងវិញនូវរោងចក្រចម្រាញ់ប្រេងដែលមានអាយុកាលប្រមាណ ១០០ ឆ្នាំនេះ បានធ្វើឡើងក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីសន្សំសំចៃរូបិយប័ណ្ណបរទេស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់របបយោធាមីយ៉ាន់ម៉ា រោងចក្រចម្រាញ់ប្រេងនេះមានសមត្ថភាពកែច្នៃប្រេងចំនួន ៥០ ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទី១។ ចំណែកឯការសាងសង់ដំណាក់កាលទី២ កំពុងបន្ត ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨។
តាមការរាយការណ៍របស់សារព័ត៌មាន DVB របស់មីយ៉ាន់ម៉ា រោងចក្រនេះអាចដំណើរការឡើងវិញបាន ដោយមានជំនួយពីក្រុមហ៊ុនចិន ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែករបស់របបយោធាមីយ៉ាន់ម៉ាលើការនាំចូលប្រេងឥន្ធនៈសម្រាប់យន្តហោះ។ ការនាំចូលនេះងាយរងផលប៉ះពាល់ពីទណ្ឌកម្មអន្តរជាតិ កង្វះរូបិយប័ណ្ណបរទេស និងការប្រែប្រួលតម្លៃនៅក្នុងទីផ្សារប្រេងឥន្ធនៈពិភពលោក។
លោក មីន អ៊ុងឡាំង បានលើកឡើងថា រោងចក្រចម្រាញ់ប្រេងនេះមិនអាចពឹងផ្អែកទាំងស្រុងលើប្រេងឆៅក្នុងស្រុកបានឡើយ។ ដូច្នេះ រោងចក្រនេះចាំបាច់ត្រូវការការផ្គត់ផ្គង់វត្ថុធាតុដើមពីបរទេសជាប្រចាំ ដើម្បីធានាដល់ដំណើរការផលិតកម្ម។
ជាមួយគ្នានេះ លោក កូ កូ ល្វីន (Ko Ko Lwin) រដ្ឋមន្ត្រីក្រសួងថាមពលមីយ៉ាន់ម៉ា បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមេសា ដោយសង្ឃឹមថានឹងប្រើប្រាស់ទំនាក់ទំនងមិត្តភាពរវាងរបបយោធាមីយ៉ាន់ម៉ា និងទីក្រុងមូស្គូ ដើម្បីចរចាទទួលបានតម្លៃសមរម្យ ព្រមទាំងរៀបចំប្រព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលប្រេងឥន្ធនៈក្នុងរយៈពេលវែង។