ភ្លើងឆេះព្រៃ

ផ្សែងពុលពីភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី គំរាមកំហែងសិង្ហបុរី ម៉ាឡេស៊ី និងបង្ខំឱ្យទីម័រខាងកើត បិទសាលារៀន


កាលពីថ្ងៃពុធ កម្រិតជាតិពុលក្នុងខ្យល់នៅប្រទេសសិង្ហបុរី បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅឆ្នាំនេះ ខណៈប្រទេសទីម័រខាងកើត បានសម្រេចប្រកាសបិទសាលារៀនរយៈពេល៣ថ្ងៃ ដើម្បីទប់ទល់នឹងវិបត្តិផ្សែងអ័ព្ទពុល និងរលកកម្តៅដ៏ខ្លាំងក្លា ដែលកើតចេញពីគ្រោះអគ្គិភ័យឆេះព្រៃដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ។
ផ្សែងពុលពីភ្លើងឆេះព្រៃ
ដោយ

បើយោងតាមទីភ្នាក់ងារបរិស្ថានជាតិ សិង្ហបុរី ភាគល្អិតក្នុងខ្យល់នៅប្រទេសសិង្ហបុរី បានកើនឡើងដល់កម្រិតខ្ពស់ និងគ្រោះថ្នាក់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំនេះ។ ជាមួយគ្នានេះរដ្ឋាភិបាលទីម័រខាងកើត បានចេញបញ្ជាបន្ទាន់ឱ្យផ្អាកការសិក្សានៅតាមសាលារៀនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែតុលា តទៅ ដោយសារការបំពុលពីកម្ទេចជាតិពុលល្អិតៗ ដែលកើតចេញពីផ្សែងភ្លើងឆេះនៅឥណ្ឌូនេស៊ី បើទោះកូនពៅអាស៊ានមួយនេះមិននិយាយចំឈ្មោះប្រទេសនេះក៏ដោយ។ រូបភាពពីកញ្ចក់ទូរទស្សន៍ក្នុងស្រុកបានបង្ហាញឱ្យឃើញពីផ្សែងអ័ព្ទពុលពណ៌លឿងក្រាស់ឃ្មឹកគ្របដណ្តប់លើទីក្រុងប៉ាឡាំងកា រ៉ាយ៉ា របស់ឥណ្ឌូនេស៊ី ដែលធ្វើឱ្យអ្នកបើកបរយានយន្តមើលផ្លូវស្ទើរមិនឃើញ។ 

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រ៉ាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) បានបញ្ជាឱ្យដាក់ពង្រាយឧបករណ៍ប្រឆាំងអគ្គិភ័យ និងចល័តធនធានសង្គ្រោះដែលមានទាំងអស់ ដើម្បីទប់ទល់នឹងវិបត្តិភ្លើងឆេះព្រៃនេះ។ នេះជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានសម្រាប់ឥណ្ឌូនេស៊ីក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ ដែលបង្កឡើងដោយអាកាសធាតុស្ងួតហួតហែងខ្លាំងពាក់ព័ន្ធនឹងបាតុភូត អែលនីញ៉ូ។ វិបត្តិផ្សែងអ័ព្ទពុលនេះមិនត្រឹមតែបង្កើនអត្រាអ្នកជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសឥណ្ឌូនេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់ ដែលតម្រូវឱ្យរដ្ឋមួយចំនួនក្នុងប្រទេសម៉ាឡេស៊ី ត្រូវសម្រេចចិត្តបិទសាលារៀនជាបណ្តោះអាសន្នផងដែរ។

កាលពីថ្ងៃទី១៣ ខែតុលា សមាជិកសភាម៉ាឡេស៊ី បានចេញមុខអំពាវនាវឱ្យបណ្តាប្រទេសអាស៊ាន ដាក់លិខិតតវ៉ាផ្នែកការទូត ឬដាក់ញត្តិប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងហ្សាការតា ចំពោះការខ្វះខាតវិធានការគ្រប់គ្រងអគ្គិភ័យដ៏មានប្រសិទ្ធភាព។ បញ្ហានេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទក្តៅសម្រាប់ការជជែកពិភាក្សាគ្នារវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំនាខែក្រោយ ខណៈរលកនៃការរិះគន់លើប្រទេសឥណ្ឌូនេស៊ី កំពុងបន្តកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងតំបន់៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


IMF ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI លើសកម្រិត និងបំណុលកើនឡើង

ទោះបីជាសេដ្ឋកិច្ចពិភពលោកអាចនឹងសម្រេចបាន​កំណើន​លឿនជាងការរំពឹងទុកបន្តិច​យ៉ាង​ណាក្ដី ក៏ហានិភ័យធំៗកំពុងបង្កជាក្តីបារម្ភ។ មូលនិធិរូបិយវត្ថ…

ក្រុមហ៊ុន Metfone តភ្ជាប់អ្នកជំនាញបច្ចេកវិទ្យា ដើម្បីជំរុញការយក AI មកប្រើប្រាស់ទូលំទូលាយក្នុងសហគមន៍អាជីវកម្មកម្ពុជា

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone បានរៀបចំកិច្ចព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ