តាមការប្រកាសព័ត៌មាន របស់ក្រុមហ៊ុនហុងដា កាលពីថ្ងៃទី ១៩ កុម្ភៈនេះ បានឲ្យដឹងដែរថា ការបោះបង់រោងចក្រដំឡើងរថយន្ដនៅ អង់គ្លេសនេះ គឺដោយសារតែក្រុមហ៊ុនផ្ដោតទៅលើទុនវិនិយោគ សម្រាប់ការផលិតម៉ាស៊ីនដែលប្រើប្រាស់អគ្គិសនីវិញម្ដង ហើយវាមិនពាក់ព័ន្ធទៅនឹងរឿងការដកខ្លួនរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) នោះឡើយ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធារេ សាមេ បាននិយាយថា ការប្រកាសព័ត៌មានរបស់ក្រុមហ៊ុនជប៉ុន ហុងដា អំពីការឈានទៅបិទរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅអង់គ្លេស នៅត្រឹមឆ្នាំ២០២១ខាងមុខនោះ គឺជារឿងមួយដែលគួរឲ្យសោកស្ដាយជាពន់ពេក ប៉ុន្ដែ លោកស្រីថា សូមកុំមកបន្ទោសថា ការបិទរោងចក្រ ផលិតរថយន្ដហុងដានេះ គឺបណ្ដាលមកពីការចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុបឲ្យសោះ។
សារព័ត៌មាន Reuters បានស្រង់សម្ដី លោកស្រី ធារេសា មេ ដែលបាននិយាយថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនហុងដានៅសប្ដាហ៍នេះ គឺជារឿងមួយ ដែលគួរឲ្យខកចិត្តមែនទែន។ ហើយក្រុមហ៊ុន ហុងដា បានបញ្ជាក់យ៉ាងច្បាស់ហើយថា ការបិទរោងចក្ររបស់ខ្លួននេះ គឺមិនជាប់ទាក់ទងនឹងការដកខ្លួនរបស់អង់គ្លេសពីសហភាពអឺរ៉ុបនោះឡើយ។ តែការសម្រេចចិត្តនេះ គឺដោយសារតែមានការប្រែប្រួលទាក់ទងទៅនឹងនិន្នាការទីផ្សាររថយន្ដសកលតែប៉ុណ្ណោះ។
តាមសារព័ត៌មាន Automotive news បានវិភាគដែរថា ហេតុផលមួយទៀត ដែលជំរុញឲ្យក្រុមហ៊ុន ហុងដា ដករោងចក្រផលិតពីអឺរ៉ុប គឺដោយសារតែ នាពេលថ្មីៗនេះ ជប៉ុន និងអឺរ៉ុប ទើបតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ដែលបានកិច្ចព្រមព្រៀងនេះ បានចូលជាធរមានកាលពីថ្ងៃទី ១ខែកុម្ភៈ មកម្លេះ ដែលវាបានធ្វើឲ្យការនាំចូលរថយន្ដពីជប៉ុនទៅអឺរ៉ុប ដែលធ្លាប់តែតម្រូវឲ្យបង់ពន្ធ១០% ត្រូវបានកាត់ចោលមកនូវពន្ធស្មើសូន្រ រហូតដល់១០ឆ្នាំឯណោះ។ ដូច្នេះហើយ វាបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ដក្នុងស្រុកនៅប្រទេសជប៉ុន មានឱកាស កាន់តែងាយស្រួលក្នុងការនាំចូលរថយន្ដ ចូលទៅអឺរ៉ុបរួចពន្ធ។
បើតាមប្រធានក្រុមហ៊ុន ហុងដា ប្រចាំសហភាពអឺរ៉ុប លោក Ian Howells បាននិយាយនៅក្នុងវិទ្យុBBCថា ក្រោយពីដកខ្លួនពីអឺរ៉ុប ក្រុមហ៊ុនហុងដា នឹងផ្ដោតការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសចិន អាមេរិក និងជប៉ុន។
ទោះយ៉ាងណា តាមសេចក្ដីថ្លៃងការណ៍មួយរបស់ក្រុមហ៊ុនហុងដា បានឲ្យដឹងថា ការសម្រេចចិត្ត នឹងបិទរោងចក្រដំឡើងរថយន្ដ នៅក្នុងទីក្រុង ស្វីនដុន នៃចក្រភពអង់គ្លេសនៅក្នុងរយៈពេល ២ឆ្នាំខាងមុខទៀតនេះ អាចនឹងធ្វើឲ្យកម្មករនិយោជិតប្រមាណ ៣.៥០០ នាក់ ប្រឈមមុខនឹងការបាត់បង់ការងារធ្វើ ខណៈដែលក្នុងមួយឆ្នាំៗ ក្រុមហ៊ុននេះ មានសមត្ថភាពផលិតរថយន្ដប្រមាណ ១៥ម៉ឺនគ្រឿង។
អង់គ្លេស ត្រូវបានគេដឹងថា គឺជាទីតាំងមួយ ដែលបណ្ដុះទៅដោយរោងចក្រផលិតរថយន្ដរបស់ក្រុមហ៊ុនជប៉ុនធំៗ ដូចជា ហុងដា នីសាន់ និងតូយ៉ូតាជាដើម ដោយក្រុមហ៊ុនទាំង៣នេះ គឺឈរក្នុងចំណោមរោងចក្រផលិតរថយន្ដធំបំផុតទាំ៦នៅក្នុងប្រទេសអង់គ្លេស។
មិនត្រឹមតែ បិទរោងចក្រនៅអង់គ្លេសប៉ុណ្ណោះទេ បើតាមផែនការ ក្រុមហ៊ុន ហុងដា ក៏នឹងបិទរោងចក្ររបស់ខ្លួន នៅប្រទេសតួកគីផងដែរ នៅឆ្នាំ២០២១ខាងមុខនេះ ខណៈដែលនៅតួកគី ក្រុមហ៊ុនហុងដា ផលិតរថយន្ដបានប្រមាណ ៣ម៉ឺន ៨ពាន់គ្រឿងក្នុងមួយឆ្នាំៗ។ ដ្បិតតែរោងចក្រនៅតួកគី នឹងត្រូវបិទក្ដី តែ ក្រុមហ៊ុនហុងដា អះអាងថា នឹងនៅតែចូលរួម បន្តប្រតិបត្តិការលក់ និងផ្សព្វផ្សាយនៅក្នុងប្រទេសនេះដដែល៕