លេខាធិការហិរញ្ញវត្ថុ ហុងកុង លោក Paul Chan បានសរសេរនៅក្នុងគេហទំព័រផ្លូវការរបស់ អាជ្ញាធរហុងកុង នាពេលថ្មីៗនេះថា ចំនួនភ្ញៀវទេសចរធ្វើដំណើរទៅកាន់ទីក្រុងហុងកុង បានធ្លាក់ចុះជិត៤០% នៅក្នុងខែសីហាឆ្នាំនេះ។ វាគឺជាការធ្លាក់ចុះក្នុងចំនួនធំធេងណាស់ មិនធ្លាប់មានឡើយតាំងតែពីខែឧសភាឆ្នាំ២០០៣មក ដែលកាលនោះ មានការធ្លាក់ចុះ ៧០% ដោយសារតែមានផ្ទុះជំងឺសា ។
លោក ចាន់ បានបន្ថែមទៀតថា បញ្ហាសង្គមនៅក្នុងប៉ុន្មានខែមកនេះ ជាពិសេសការប៉ះទង្គិចគ្នាដោយសារអំពើហិង្សា និងការបាតុកម្មបិទព្រលានយន្ដហោះ និងផ្លូវនានា គឺបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់ហុងកុង ដែលមានឈ្មោះជាទីក្រុងអន្តរជាតិដែលមានសុវត្ថិភាព។
វិស័យទេសចរណ៍ ការលក់រាយ និងឧស្សាហកម្មសណ្ឋាគាររបស់ហុងកុង ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង។ តួយ៉ាងមានសណ្ឋាគារនៅតាមតំបន់មួយចំនួនបានធ្លាក់ចុះការជួលជាងពាក់កណ្ដាលខណៈដែលចំនួនបន្ទប់បានធ្លាក់ចុះពី៤០ ទៅ៧០%។ មិនតែប៉ុណ្ណោះ មានកិច្ចប្រជុំ និងការធ្វើដំណើរលក្ខណៈអាជីវកម្ម ជាច្រើនក៏ត្រូវបានពន្យាពលេ និងត្រូវប្ដូទៅកន្លែងផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់ ពីលោក Paul Chan លេខាធិការហិរញ្ញវត្ថុហុងកុង។
ដោយឡែកការលក់រាយនៅក្នុងទីក្រុងហុងកុងវិញ បានធ្លាក់ចុះតម្លៃ ជាង១១% នៅក្នុងខែកក្កដា ដែលជាខែមួយរងផលប៉ះពាល់ខ្លាំងដោយសារតែបាតុកម្ម។ អាជីវកម្មខ្នាតតូចក៏មានអត្រាធ្លាក់ចុះដែរ ខណៈដែលសេដ្ឋកិច្ចហុងកុងជារួមបានធ្លាក់ចុះ០,៤% នៅត្រីមាសទី២ ឆ្នាំនេះ ធៀបនឹងត្រីមាសមុន ហើយសេដ្ឋកិច្ចហុងកុងត្រូវបានគេរំពឹងថា អាចនឹងបន្តធ្លាក់ចុះទៀត។
បើធៀបទៅនឹងខែសីហាឆ្នាំ២០១៨ ឃើញថាការធ្លាក់ចុះនៅក្នុងខែ សីហាឆ្នាំ២០១៩ ដែលមាន៤០%នោះ គឺហុងកុងនឹងត្រូវបាត់បង់ភ្ញៀវទេសចរប្រមាណ៣លាន៥សែននាក់ ដែលជាអត្រាមកនៅទាបបំផុតក្នុងរយៈពេលជាង៧ឆ្នាំមកនេះ។
មានក្រុមហ៊ុនប្រតិបត្តិការផ្សារទំនើប និងសណ្ឋាគារជាច្រើនសុទ្ធតែបង្ហាញពីការធ្លាក់ចុះការលក់និងជួលរបស់ពួកគេ។
សូមជម្រាបថា បើមើលទៅលើរបាយការណ៍ បង្ហាញថា ចំនួនភ្ញៀវទេសចរទៅកាន់ទីក្រុងហុងកុង បានដាំក្បាលធ្លាក់ចុះ រយៈពេល២ខែមកហើយ ដោយកាលពីខែកក្កដា ធ្លាក់ចុះ ៤,៨% និងខែសីហាកន្លងទៅនេះ ធ្លាក់ចុះ ៤០% ដោយសារតែបញ្ហាកុបកម្មនៅតែបន្ដអូសបន្លាយ៕