ទីក្រុងហុងកុងកំពុងផ្ដោតអារម្មណ៍កាន់តែខ្លាំងលើរូបិយវត្ថុឌីជីថល

ទីក្រុងហុងកុងកំពុងផ្ដោតអារម្មណ៍កាន់តែខ្លាំងលើរូបិយវត្ថុឌីជីថល ខណៈរដ្ឋាភិបាលប្រទេសនានាព្យាយាមបង្ក្រាប


វិស័យអាជីវកម្មរូបិយវត្ថុឌីជីល ឬហៅថា Cryptocurrency នៅមួយរយៈចុងក្រោយនេះ ហាក់មិនសូវមានភាពល្អប្រសើរឡើយ បន្ទាប់ពីមានមហន្ដរាយកើតឡើងជាបន្តបន្ទាប់នៅក្នុងឧស្សាហកម្មនេះ ពិសេស គឺការដួលរលំក្ស័យធនរបស់ក្រុមហ៊ុនគ្រីបតូ FTX តែម្ដង ហើយតាំងពីពេលនោះមកនិយ័តករនៅទូទាំងពិភពលោកបាននិងកំពុងចាត់វិធានការបង្ក្រាបលើវិស័យនេះកាន់តែតឹងរ៉ឹងជាងមុនផងដែរ។
ទីក្រុងហុងកុងកំពុងផ្ដោតអារម្មណ៍កាន់តែខ្លាំងលើរូបិយវត្ថុឌីជីថល ខណៈរដ្ឋាភិបាលប្រទេសនានាព្យាយាមបង្ក្រាប រូបភាព៖ Reuters

ប៉ុន្ដែអ្វីដែលគេចាប់អារម្មណ៍នោះ និន្នាការផ្ទុយពីនេះកំពុងកើតមានឡើងនៅអាស៊ី ជាក់ស្ដែង នៅប៉ុន្មានខែកន្លងទៅថ្មីៗនេះ ទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងកំពុងប្រណាំងប្រជែងយ៉ាងខ្លាំងក្លាជាមួយប្រទេសសិង្ហបុរីនោះ បាននិងកំពុងបង្កើតយុទ្ធនាការយ៉ាងសកម្មរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលគ្រីបតូរបស់ពិភពលោក។ នេះបើយោងតាមការរាយការណ៍មួយដោយសារព័ត៌មានជប៉ុន Nikkei។

កាលពីសប្ដាហ៍មុន គណៈកម្មការមូលបត្ររបស់ហុងកុង បានស្នើនូវរបបអាជ្ញាបណ្ណសម្រាប់ការជួញដូរគ្រីបតូ ដែលអាចអនុញ្ញាតឲ្យមានការជួញដូរលក់រាយក្នុងនិមិត្តសញ្ញាឌីជីថល ខណៈរដ្ឋាភិបាលបានដាក់ចេញថវិកាជាង៦លានដុល្លារ នៅក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំ ដើម្បីអភិវឌ្ឍបណ្ដាញប្រតិបត្តិការអាជីវកម្ម Web3 នៅលើបច្ចេកវិទ្យាប្លុកឆេន ដែលជាបច្ចេកវិទ្យាមួយ ជួយគាំទ្រដល់រូបិយបណ្ណគ្រីបតូ។ កាលពីសប្ដាហ៍មុននេះដែរ រដ្ឋាភិបាលហុងកុង បានចេញលក់សញ្ញាបណ្ណតៃតងប្រមាណ ៨០០លានដុល្លារហុងកុង ឬស្មើនឹងជាង១០០លានដុល្លារអាមេរិក ជារូបិយបណ្ណឌីជីថល ដែលវាជាការចេញលក់លើកដំបូងគេមួយនៅទូទាំងពិភពលោក។

យ៉ាងណាក៏ដោយចុះ ទីក្រុងហុងកុង មិនមែនតែងតែស្វាគមន៍រាល់គ្រីបតូទាំងអស់នោះទេ។ ជាក់ស្ដែង នៅឆ្នាំ២០១៨ មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ីមួយនេះ ក៏បានដាក់ចេញនូវច្បាប់ដាក់កម្រិតលើការជួញដូរគ្រីបតូដល់វិនិយោគិននៅតាមស្ថាប័នផងដែរ ហើយការរឹតបន្ដឹងនាពេលកន្លងមក ក៏បានធ្វើឲ្យអាជីវកម្មគ្រីបតូ បានងាកចេញពីហុងកុង និងបន្ដរីកដុះខ្លាំងនៅប្រទេសសិង្ហុបុរីវិញ ដោយសារតែប្រទេសដីកោះមួយនេះ មិនសូវមានច្បាប់តឹងរ៉ឹងលើវិស័យនេះ។ យ៉ាងណាមិញ កាលពីឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានធ្វើការហាមឃាត់ទាំងស្រុងលើអាជីវកម្មរូបិយបណ្ណគ្រីបតូ នៅចិនដីគោកផងដែរ។

ទោះយ៉ាងណា ទីក្រុងហុងកុងបច្ចុប្បន្ន កំពុងខិតខំមែនទែន នៅក្នុងការដណ្ដើមយកឱកាសនៃពាណិជ្ជកម្មគ្រីបតូពីសិង្ហបុរីមកវិញ ដើម្បីឈានទៅសម្រេចបាននូវគោលដៅក្លាយជាមជ្ឈមណ្ឌលគ្រីបតូពិភពលោក។ បើតាមក្រុមហ៊ុនវិភាគមួយឈ្មោះ Chainalysis បានឲ្យដឹងថា គិតត្រឹមចន្លោះពី ខែកក្កដាឆ្នាំ២០២១ ដល់ខែមិថុនាឆ្នាំ២០២២ ការជួញដូរគ្រីបតូនៅក្នុងប្រទេសសង្ហបុរីមានតម្លៃដល់ទៅជាង ១០០ពាន់លានដុល្លារអាមេរិកឯណោះ ធៀបនឹងការជួញដូរនៅហុងកុងមានត្រឹមតែ ៧៤ពាន់លានដុល្លារប៉ុណ្ណោះ។

ស្របពេលដែល វិស័យគ្រីបតូ កំពុងមានការផុសផុលខ្លាំង និងចំពេលសេដ្ឋកិច្ចមិនសូវមានភាពនឹងនរផងនោះ រដ្ឋាភិបាល ក៏ដូចជាធនាគារកណ្ដាលធំៗជាច្រើន រួមទាំងសហរដ្ឋអាមេរិក ក៏បានលើកឡើងពីគោលបំណងក្នុងការរឹតបន្ដឹងការប្រើប្រាស់ ឬជួញដូររូបិយវត្ថុឌីជីលនេះផងដែរ។

បើតាមអ្នកជំនាញ ការជួញដូរ រូបិយវត្ថុឌីជីថល ឬគ្រីបតូនេះ វាមានប្រឈមហានិភ័យខ្ពស់ជាងការជួយដូរភាគហ៊ុន ឬបណ្ណបំណុល ដោយសារតែការប្រែប្រួលតម្លៃទីផ្សាររបស់វាលឿនរហ័សពេក៕




អត្ថបទបន្ទាប់


កាណាដាដាក់ចេញវិធានការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍រដ្ឋាភិបាល

ប្រទេសកាណាដាកាលពីថ្ងៃទី២៧ កុម្ភៈ បានប្រកាសការហាមឃាត់ការប្រើប្រាស់កម្មវិធីបណ្តាញសង្គម TikTok របស់ចិននៅលើឧបករណ៍រដ្ឋាភិបាលទាំងអស់ ដោយអះអា…

ក្រុមហ៊ុននាំចូលរថយន្ដម៉ាកប្រណីតចំនួន ២ ប្រកាសឈប់នាំចូលមកកម្ពុជា

នៅមួយរយៈចុងក្រោយនេះ ក្រុមហ៊ុននាំចូលរថយន្ដម៉ាកប្រណីតមកកម្ពុជាមួយចំនួន បានប្រកាសឈប់នាំចូលរថយន្ដមកកម្ពុជា ក្រោយពីបានឈរជើងអស់ជាច្រើនឆ្នាំនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ