
គណៈប្រតិភូហុងកុងដែលរួមមាន ប្រធានក្រុមហ៊ុន តំណាងមកពីសភាពាណិជ្ជកម្មទីក្រុងហុងកុង មេធាវី វិស្វករ និងសហគ្រិនវ័យក្មេងរបស់ហុងកុង ដែលរួមមានសរុបទាំងអស់ចំនួន៥០នាក់ បានធ្វើដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា ដោយបានជួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូនរបស់កម្ពុជាផងដែរ។
លោក Edward Yau លេខាធិការពាណិជ្ជកម្ម និង អភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋបាលពិសេសនៃក្រុងហុងកុង បានថ្លែងប្រាប់ក្រុងអ្នកកាសែតថា បន្ទាប់ពីមានចុះហត្ថលេខាពាណិជ្ជកម្មសេរីចំនួនពីររវាងអាស៊ាន និង ហុងកុងដែលបានធ្វើកន្លងមកនេះ ហុងកុងបានជ្រើសរើសកម្ពុជាជាប្រទេសទី១ក្នុងកិច្ចការសហប្រតិបត្តិការដើម្បីពង្រីកជំនួញរវាងហុងកុង និង កម្ពុជា។ លើសពីនេះ គណៈប្រតិភូហុងកុងទាំងអស់ ក៏ស្វះស្វែងរកឱកាសវិនិយោគក្នុងវិស័យផលិតកម្មនៅកម្ពុជាផងដែរ។

លោកពន្យល់យ៉ាងដូច្នេះថា៖ «មូលហេតុដែលហុងកុងធ្វើពាណិជ្ជកម្មជាមួយអាស៊ាន ព្រោះ នៅបណ្តាប្រទេសអាស៊ានមានតារាពន្ធគយទាប ចំណែកទីក្រុងហុងកុង បើចង់នាំទំនិញទៅហុងកុង មិនគិតពន្ធនោះទេ»។
លោក Edward Yau បានបន្ថែមថា ទីក្រុងហុងកុងជាមជ្ឈមណ្ឌលមួយ ដែលផ្តល់អត្ថប្រយោជន៍ទៅកាន់តំបន់ផ្សេងៗជុំវិញពិភពលោក។ នៅក្នុងគំនិតផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ទីក្រុងហុងកុង អាចវិនិយោគទៅកាន់ប្រទេសទាំងអស់ ដោយក្នុងនោះរួមមានកម្ពុជាផងដែរ។ លើសពីនេះ ហុងកុង ក៏ចូលរួមចំណែកក្នុងផ្តល់សេវាផ្សេងៗដូចជា សេវាហិរញ្ញវត្ថុ សេវាផ្នែកពាណិជ្ជកម្មជាដើម ដើម្បីជួយដល់គម្រោងនានា ដែលយកមកអនុវត្តន៍ក្នុងប្រទេសទាំងអស់ដោយក្នុងនោះក៏មានកម្ពុជាដែរ។ ក្រៅពីផ្សារភ្ជាប់ពាណិជ្ជកម្ម ហុងកុង និងកម្ពុជា ដំណើរទស្សនកិច្ចនេះ ធ្វើឲ្យមានការផ្លាស់ប្តូរវប្បធម៌ផងដែរ ព្រមទាំងជំរុញឲ្យប្រជាជនទៅលេងកម្សាន្តនៅក្នុងប្រទេសទាំងសងខាងទៀតផង។

បើយោងតាមតួលេខដែលកត់ត្រាដោយ CDC ការវិនិយោគរបស់ហុងកុងនៅកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួនគម្រោង ២៤៤ គម្រោង មានទុនវិនិយោគសរុប ១,២៥ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង ២ភាគរយនៃទុនវិនិយោគផ្ទាល់សរុបពីក្រៅប្រទេស។ ហើយនៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហុងកុង មានចំនួន៧៣០លានដុល្លារអាមេរិក ខណៈកម្ពុជានាំចេញទៅហុងកុងបាន២១៣លានដុល្លារអាមេរិក រីឯហុងកុងបាននាំទំនិញចូលមកកម្ពុជាដែលមានទឹកប្រាក់រហូតដល់៥១៦លានដុល្លារអាមេរិកឯនោះ។

លើសពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកត់ត្រាថា វិនិយោគិនហុងកុង ស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ៣ បន្ទាប់ពីចិន ដែលជាវិនិយោគិនធំជាងគេទី១ និងជប៉ុនឈរលំដាប់ថ្នាក់លេខ២ ដែលបានចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៦។
សូមបញ្ជាក់ថា គម្រោងដែលអ្នកវិនិយោគទីក្រុងហុងកុង ចូលចិត្តវិនិយោគនៅកម្ពុជាច្រើនជាងគេ រួមមាន៖ គម្រោងផលិតកម្មស៊ីម៉ងត៍ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង រោងចក្រផលិតកាបូប កសិឧស្សាហកម្ម និងឧស្សាហកម្មផ្សេងៗទៀត៕