កិច្ចប្រជុំអាស៊ាន

តើបញ្ហាអ្វីខ្លះនឹងក្លាយជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលឡាវធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍នេះ?


តើបញ្ហាអ្វីខ្លះនឹងក្លាយជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលឡាវធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍នេះ? មេដឹកនាំអាស៊ាន រូមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបគ្នាជាមួយនឹងមេដឹកនាំពិភពលោកផ្សេងៗទៀត ចាប់ពីថ្ងៃអង្គារ ទី៨ ដល់ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ដើម្បីជជែកគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតនៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់»។
កិច្ចប្រជុំអាស៊ាន
ដោយ

កិច្ចប្រជុំកំពូលអាស៊ានដែលឡាវធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ ក៏ដូចជាអ្នកវិភាគបានលើកឡើងថា បញ្ហាគ្រោះធម្មជាតិ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង និង ឥណ្ឌូប៉ាស៊ីហ្វិក និង ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសរវាងអ៊ីរ៉ង់ និង អ៊ីស្រាអែល នឹងក្លាយជាប្រធានបទក្តៅសម្រាប់ជំនួបកំពូលអាស៊ានលើកនេះ។

បើតាមការប្រកាសរបស់ប្រទេសម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ នឹងប្រពឹត្តទៅក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ហើយមេដឹកនាំអាស៊ានទាំងអស់ ក៏នឹងជំរុញនូវវឌ្ឈនភាពនៃការកសាងសហគមន៍អាស៊ាន១ ឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និង ការលើកកម្ពស់ទំនាក់ទំនងជាមួយនឹងដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន នៅក្នុងការលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ផងដែរ។ នៅក្រោមប្រធានបទនេះ សម្រាប់អាស៊ាន ត្រូវបានគេដឹងថា បញ្ហាដ៏ក្តៅបំផុតនោះ គឺគ្រោះមហន្តរាយធម្មជាតិ ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់ទន្លេមេគង្គក្រោម ខណៈដែលពេលនេះ ថៃ នៅតែប្រឈមមុខនឹងបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅឡើយ។

បើក្រឡេកទៅមើលកាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា នៅមុនពេលចាកចេញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបង្ហាញពីក្តីព្រួយបារម្ភរបស់លោកស្រីចំពោះគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលបានធ្វើឲ្យប៉ះពាល់ដល់តំបន់ភាគខាងជើង ប្រទេសថៃ ហើយបានបញ្ជាក់ថា បញ្ហានេះ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងស្ថិរភាពក្នុងតំបន់ នឹងត្រូវដោះស្រាយជាមួយនឹងមេដឹកនាំនានាក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ។

ដោយឡែក ប្រធានបទក្តៅមួយទៀត គឺ​ការបរាជ័យរបស់របបយោធាមីយ៉ាន់ម៉ា ក្នុងការបញ្ចប់អំពើហិង្សានៅក្នុងប្រទេស និងបញ្ហានៃការមិនទាន់សម្រេចបានគោលការណ៍កុងសង់ស៊ី៥ចំណុច ដែលដាក់ចេញតាំងពីឆ្នាំ២០២១ ក៏នឹងក្លាយជាការផ្តោតសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ាន នៅសប្តាហ៍នេះផងដែរ​។ បញ្ហានេះកំពុងក្លាយជាជំងឺរ៉ាំរ៉ៃមួយ ដែលកំពុងរារាំងដល់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ បញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ប្រហែលជាមិនមែនជារឿងងាយដោះស្រាយសម្រាប់ឡាវ នោះដែរ ថ្វីត្បិតតែ ការចរចាអំពីក្របខ័ណ្ឌប្រតិបត្តិការសមុទ្រចិនខាងត្បូង បានដំណើរការជាបន្តបន្ទាប់ក៏ដោយ ខណៈដែលប្រទេសហ្វីលីពីន បានប្តូរគោលនយោបាយនេះច្រើនគួរសម ហើយចំណែកឯវៀតណាមវិញ ទោះបីជាមិនសូវក្លៀវក្លាដូចពីមុន តែក៏កំពុងដាក់សម្ពាធគួរសមដែរនៅលើឆាកអន្តរជាតិ ស្របពេលដែលយន្តការមហាអំណាច ដែលបានដាក់ចេញ នៅឥណ្ឌូប៉ាស៊ីហ្វិក វារិតតែធ្វើឲ្យបញ្ហាកាន់តែរ៉ាំរ៉ៃបន្តទៀត។

ក្រៅពីបញ្ហាធំៗក្តៅៗទាំងនេះ ក៏មានដែរបញ្ហាជម្លោះថ្មីៗនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺក្រោយពេលដែលអ៊ីរ៉ង់ បានប្រើមីស៊ីលបាញ់ស្រោច មកលើអ៊ីស្រាអែល កាលពីដើមខែតុលា ថ្មីៗនេះ ប្រហែលជាមិនចុះត្រជាក់ឡើយ ទោះបីនៅព្រឹកថ្ងៃអង្គារ សប្តាហ៍នេះ អ៊ីស្រាអែលមិនទាន់បានឆ្លើយតបអ៊ីរ៉ង់ជាក់ស្តែងក៏ដោយចុះ។ បញ្ហាដ៏ក្តៅមួយនេះ នឹងមិនធ្វើឲ្យឡាវ ដែលជាប្រធានអាស៊ានឆ្នាំនេះ ងាយស្រួលក្នុងការសម្របសម្រួលនោះឡើយ ខណៈបញ្ហាសង្រ្គាមរវាងរុស្ស៊ី និង អ៊ុយក្រែន វាហាក់បីដូចជាស៊ាំទៅហើយនៅពេលនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមេដឹកនាំកំពូលវៀតណាម កំពុងលេងនយោបាយការទូតអ្វីនៅអឺរ៉ុប?

ប្រទេសបារាំង បានក្លាយជាប្រទេសដំបូងគេនៅសហភាពអឺរ៉ុប ដែលបានសម្រេចលើកដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីមួយកម្រិតទៀតជាមួយនឹងប្រទេសវៀតណាម។ នៅក្ន…

ក្រុមហ៊ុនធានារ៉ាប់រងកំពុងត្រៀមខ្លួន សម្រាប់គ្រោះមហន្តរាយពិភពលោកដែលកំពុងកើតឡើងកាន់តែច្រើន

មហន្ដរាយ ដែលបង្កឡើងដោយគ្រោះធម្មជាតិ កំពុងបន្ដកើតមានកាន់តែច្រើន នៅពាសពេញពិភពលោក ហើយបញ្ហានេះ កំពុងដាក់សម្ពាធកាន់តែខ្លាំងដូចគ្នាទៅវិស័យសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ