ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន បានធ្វើឱ្យតម្លៃសណ្ឋាគារ នៅក្នុងទីក្រុងតូក្យូ កាន់តែមានតម្លៃសមរម្យសម្រាប់ភ្ញៀវទេសចរអន្តរជាតិ តែវាបង្កការលំបាកដល់ធុរជន និងពាណិជ្ជកម្មនៅក្នុងស្រុក។ សារព័ត៌មាន Nikkei បានរាយការណ៍ថា អត្រាតម្លៃបន្ទប់ស្នាក់ក្នុងទីក្រុងតូក្យូកាលពីខែមីនា កន្លងទៅជាមធ្យមត្រឹមតែ១៧៧ដុល្លារតែប៉ុណ្ណោះ ពោលគឺថោកជាងតម្លៃសណ្ឋាគារនៅទីក្រុងញូវយ៉ក និងសិង្ហបុរីចន្លោះពី៣០%ទៅ៤០%។ តម្លៃបន្ទប់សណ្ឋាគារនៅក្នុងទីក្រុងញូវយ៉ក នៅពេលនេះបានឡើងដល់១យប់៣០៥ដុល្លារ ខណៈនៅសិង្ហបុរី ឡើងដល់២៥១ដុល្លារក្នុង១យប់។
យ៉ាងណាក៏ដោយ អ្នកទេសចរដែលយកលុយដុល្លារទៅដូរចាយនៅជប៉ុន គឺល្អប្រសើរ ប៉ុន្តែប្រសិនបើគេយកលុយយ៉េន ទៅទូទាត់ការស្នាក់នៅវិញ គឺតម្លៃសណ្ឋាគារបែរជាកើនឡើងរហូតដល់ទៅ៣៨%ឯណោះ។ បញ្ហានេះ បានបណ្តាឱ្យសណ្ឋាគារនៅក្នុងប្រទេសជប៉ុន កំពុងរងសម្ពាធរវាងតម្លៃនៃការស្នាក់នៅគិតជាលុយយ៉េន និងប្រាក់ដុល្លារ។ ជាក់ស្តែងករណីដូចជាសណ្ឋាគារ Bulgari Hotel Tokyo ដែលមានទីតាំងនៅជាប់ស្ថានីយរថភ្លើងក្រោមដីនៅតូក្យូ បើគិតជាលុយយ៉េន គឺមានតម្លៃដល់ទៅ៣សែនយ៉េន តែបើគិតជាដុល្លារមានត្រឹមតែ១ពាន់៩រយដុល្លារប៉ុណ្ណោះ។
ក្រោយតម្លៃបន្ទប់សណ្ឋាគារនៅជប៉ុន ស្ថិតក្នុងស្ថានភាពបែបនេះ ជាទូទៅភ្ញៀវភាគច្រើន ដែលចូលមកស្នាក់នៅ គឺជាអ្នកទេសចរ ខណៈដែលបុគ្គលិករដ្ឋាភិបាល និងអ្នកជំនួញក្នុងស្រុកបានជួបបញ្ហាពិបាករកកន្លែងស្នាក់។ អង្គការទេសចរណ៍ជាតិជប៉ុន បានរាយការណ៍ថា ភ្ញៀវអន្តរជាតិ ទៅកាន់ប្រទេសជប៉ុនក្នុងខែមីនា កើនលើសពី៣លាននាក់ ជាលើកដំបូង ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ