ត្បូងពេជ្រទំហំប្រហែល២,៤៩២ការ៉ាត់ ត្រូវបានជីករកឃើញនៅអណ្ដូងរ៉ែមួយ ស្ថិតនៅចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ពីរដ្ឋធានីប្រទេសបុតស្វាណា ហើយអណ្ដូងរ៉ែនេះត្រូវបានធ្វើប្រតិបត្តិការស្របច្បាប់ដោយក្រុមហ៊ុនជីកត្បូង Lucara Diamond របស់ប្រទេសកាណាដា។
បើគិតចាប់តាំងពីឆ្នាំ១៩០៥មក ត្បូងពេជ្រនេះ គឺមានទំហំធំជាងគេបំផុតដែលគេបានរកឃើញនៅលើពិភពលោក ប៉ុន្តែបើគិតជាប្រវត្តិសាស្ត្រពិភពលោកវិញ ត្បូងដែលទើបជីកបាននេះ គឺជាមានទំហំធំបំផុតទីពីរបន្ទាប់ពីត្បូងពេជ្រទំហំជាង៣ពាន់ការ៉ាត់ ដែលត្រូវបានជីករកឃើញនៅក្នុងឆ្នាំ១៩០៥។
រដ្ឋាភិបាលប្រទេសបុតស្វាណា បាននិយាយថា នេះគឺជាត្បូងពេជ្រមានទំហំធំបំផុតដែលគេមិនធ្លាប់ជីកបាននៅក្នុងប្រទេស ស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង មួយនេះ។ ប្រទេសបុតស្វាណា គឺជាអ្នកផលិតត្បូងពេជ្រដ៏ធំបំផុតមួយនៅលើពិភពលោកដែលមានចំនួន២០% នៃផលិតកម្មនៅលើពិភពលោក។
លោក វីលៀម ឡេម (William Lamb) ប្រធានក្រុមហ៊ុន Lucara បាននិយាយថា នេះគឺជាត្បូងពេជ្រមួយដុំធំបំផុតមួយ ដែលពួកគេមិនធ្លាប់បានរកឃើញពីមុនមកឡើយ ហើយពួកគេពិតជារីករាយខ្លាំងណាស់ចំពោះការរកឃើញត្បូងពេជ្រដ៏អស្ចារ្យមួយនេះ។
ក្រុមហ៊ុននេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីគុណភាពត្បូង ឬតម្លៃរបស់វានោះទេ ប៉ុន្តែបើតាមកាសែត Financial Times ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថា ប្រភពដែលស្និទ្ធនឹងក្រុមហ៊ុន Lucara បានប៉ាន់ស្មានថា ត្បូងពេជ្រនេះអាចមានតម្លៃដល់ទៅ ៤០លានដុល្លារអាម៉េរិក៕
អត្ថបទ៖ សុខ មង្គល