លោកជំទាវ ជា សេរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុឱ្យបានរឹងមាំ ធនាគារជាតិនៃកម្ពុជាប្តេជ្ញាបន្តពង្រឹងការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត ការដាក់ចេញនូវវិធានការម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្ន កិច្ចការពារអតិថិជន និងការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់សាធារណជន។
ទន្ទឹមនឹការបន្តពង្រឹងជំនឿទុកចិត្ត និងអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព ភាពរឹងមាំ និងភាពប្រកួតប្រជែងនេះដែរ ធនាគារជាតិនៃកម្ពុជាក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រឹះស្ថានផ្តល់ប្រាក់កម្ចីភ្នំពេញ ដែលបច្ចុប្បន្ន គ្រឹះស្ថាននេះបានកំពុងប្រតិបត្តិការផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធអ៊ីនធើណែត ដោយគ្មានអាជ្ញាបណ្ណ ឬច្បាប់អនុញ្ញាតពីធនាគារជាតិនោះឡើយ។
បើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើងប្រមាណ ១០០ ទ្រីលានរៀល ឬស្មើនឹងប្រមាណជាង ២៤.៥០០ លានដុល្លារ និងប្រាក់កម្ចីបានកើនឡើងជាង ១១២ ទ្រីលានរៀល ស្មើនឹងប្រមាណប្រមាណជាង ២៧ ពាន់លានដុល្លារអាមេរិក។
បើគិតពីគណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានកើនដល់ ៦,៨ លានគណនី និងអ្នកខ្ចីកើនជាង ២,៧លានគណនី។ ទ្រព្យសកម្មរបស់ធនាគារ និងហិរញ្ញវត្ថុគិតមកដល់បច្ចុប្បន្នមានការកើនឡើងប្រមាណ ៤៥ពាន់លានដុល្លារ។
បច្ចុប្បន្នធនាគារពាណិជ្ជចំនួន ៤៤ ធនាគារឯកទេស១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឯកជនមានចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៤ គ្រឹះស្ថានឥណទានជនបទចំនួន ២៥១ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១៥ គ្រឹះស្ថានផ្តល់សេវាទូទាត់ចំនួន ១៦ ការិយាល័យតំណាងធនាគារបរទេសចំនួន ៥ និងអាជីវកម្មប្តូរប្រាក់ចំនួន ២.៧៩៩។
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់ធនាគារជាតិបង្ហាញទៀតថា ទ្រព្យសកម្មរបស់វិស័យធនាគារ និងហិរញ្ញវត្ថុបានកើនឡើងជាង ១៩ភាគរយ ស្មើនឹង ១៦៦ភាគរយ នៃផលទុនជាតិសរុប ខណៈឥណទានស្មើនឹង១០៣ភាគរយ និងប្រាក់បញ្ញើ ៩២ភាគរយ។ បើក្រឡេកមើលពីគុណភាពនៃសំពៀតឥណទានវិញបានបន្តស្ថិតក្នុងស្ថានភាពល្អ ដោយអនុបាតឥណទានមិនដំណើរការមានកម្រិត ២,៣ភាគរយសម្រាប់គ្រឹះស្ថានធនាគារ និង ១,១ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។