តម្រូវការទីផ្សារមានការធ្លាក់ចុះ ក៏ដោយសារតែបច្ចុប្បន្នពិភពលោកកំពុងជួបប្រឈមនឹងបញ្ហាជាច្រើនទាក់ទងនឹងថាមពលឡើងថ្លៃ និងអតិផរណាកំពុងកើនខ្ពស់ ធ្វើឲ្យអ្នកប្រើប្រាស់មានការកាត់បន្ថយការចំណាយកាន់តែច្រើនឡើងៗ។ កត្តានេះ ក៏កំពុងបង្កជាក្ដីបារម្ភចំពោះការអាចឈានរកការដាំក្បាលចុះនៃសេដ្ឋកិច្ចសកលលោកផងដែរ។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោកហ្វ្រេដើរីក នួមែន (Frederic Neumann) ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ធនាគារHSBC បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទ ទី៨ សីហាថា «ក្រុមហ៊ុនផលិតនៅអឺរ៉ុបកំពុងបន្ថយការផលិតរបស់ខ្លួនគួរឲ្យកត់សម្គាល់រួចទៅហើយ ពិសេសនៅប្រទេសអាឡឺម៉ង់តែម្ដង។ លោកបញ្ជាក់ទៀតថា អឺរ៉ុបនេះ ក៏ជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ប្រទេសនាំចេញមួយចំនួននៅតំបន់អាស៊ីផងដែរ»។
លោកបានបន្ថែមថា "ការធ្លាក់ចុះនៃការនាំចេញទំនិញរបស់ប្រទេសនៅតំបន់អាស៊ី នឹងឈានមកដល់ឆមាសទីពីរនៃឆ្នាំនេះ ទាំងការនាំចេញទៅសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប ដោយសារតែអ្នកប្រើប្រាស់មានការកាត់បន្ថយការចំណាយទៅលើទំនិញដែលមិនសូវចាំបាច់។ ជាមួយគ្នានេះ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្ថែមបញ្ហាមួយកម្រិតទៀតនៃការនាំចេញក្នុងតំបន់នេះដូចគ្នា។
យោងតាមការិយាល័យស្ថិតិជាតិរបស់ចិន (NBS) បាននិយាយកាលពីសប្តាហ៍មុនថា សន្ទស្សន៍អំណាចនៃការទិញរបស់រោងចក្រនៅក្នុងប្រទេសចិនបានធ្លាក់ចុះពីជាង ៥០% នៅក្នុងខែមិថុនា មកត្រឹម ៤៩% ប៉ុណ្ណោះនៅក្នុងខែកក្កដា។
ប្រទេសចិនដែលបានមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនត្រឹមតែ 0,៤% ក្នុងត្រីមាសទីពីរនៅឆ្នាំនេះ ហើយចិនក៏ជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ប្រទេសអាស៊ីជាច្រើន។ ដូច្នេះការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិននេះ នឹងជះឥទ្ធិពលជារួមលើតំបន់ទាំងមូល។
ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរូបនេះបានកត់សម្គាល់ថា តម្លៃទំនិញបានចាប់ផ្តើម «ផ្ទុះឡើង» ដែលអាចដាក់សម្ពាធលើអតិផរណា។ ទោះបីជាយ៉ាងណាក៏ដោយ អតិផរណាស្នូលនៅតែមានកម្រិតខ្ពស់ ដោយមួយផ្នែកត្រូវបានបណ្តាលមកពីបញ្ហាប្រាក់ឈ្នួល និងការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។
ប្រការនេះ ទំនងជានឹងប៉ះពាល់ដល់ប្រទេសនាំចេញរបស់អាស៊ី ដោយសារអតិផរណាស្នូលទំនងជានឹងបន្ថែមសម្ពាធលើតម្លៃទំនិញថែមទៀត។
អ្នកជំនាញសេដ្ឋកិច្ចបានគូសបញ្ជាក់ថា «វិស័យផលិតកម្មពិតជាផ្នែកដ៏ផុយស្រួយបំផុតនៃសេដ្ឋកិច្ចពិភពលោកនៅពេលនេះ»។ ហើយគេកំពុងកត់សម្គាល់ឃើញថា សញ្ញាដំបូងនៃភាពទន់ខ្សោយនៃតម្រូវការដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិក មិនថានៅក្នុងប្រទេសចិនដីគោក ឬនៅអឺរ៉ុបនោះទេ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើននៅតំបន់អាស៊ី៕