វិបត្តិសេដ្ឋកិច្ចប្រទេសបង់ក្លាដេស

តើវិបត្តិសេដ្ឋកិច្ចប្រទេសបង់ក្លាដេសផុងកប់ជ្រៅដល់កម្រិតណាហើយ មកទល់នឹងពេលនេះ?


តើវិបត្តិសេដ្ឋកិច្ចប្រទេសបង់ក្លាដេសផុងកប់ជ្រៅដល់កម្រិតណាហើយ មកទល់នឹងពេលនេះ? ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងរង្គោះរង្គើកាន់តែខ្លាំងឡើងនោះ វាកំពុងដាក់សម្ពាធកាន់តែធ្ងន់ចំពោះសេដ្ឋកិច្ចនៃប្រទេសក្រីក្រជាច្រើន។ នៅចំពោះមុខវិបត្តិទាំងនេះ ប្រទេសនៅតំបន់អាស៊ីខាងត្បូងកាន់តែច្រើនឡើង បានស្វែងស្វះរកជំនួយសង្គ្រោះសេដ្ឋកិច្ចពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជា IMF ដើម្បីទប់ទល់នឹងវិបត្តិដែលកំពុងកើនឡើង។
តើវិបត្តិសេដ្ឋកិច្ចប្រទេសបង់ក្លាដេសផុងកប់ជ្រៅដល់កម្រិតណាហើយ មកទល់នឹងពេលនេះ?

យ៉ាងណាមិញ ប្រទេសបង់ក្លាដេស ដែលជាអ្នកជិតខាងមួយរបស់ប្រទេសស្រីលង្កា នៅថ្ងៃទី ៩ វិច្ឆិកា បានឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងកម្រិតបុគ្គលិករបស់ IMF ដើម្បីទទួលបាននូវកញ្ចប់ថវិកាគាំទ្រសេដ្ឋកិច្ចប្រមាណ ៤ពាន់៥រយលានដុល្លារអាមេរិក ចំពេលដែលប្រទេសមួយនេះ កំពុងរងគ្រោះដោយសារវិបត្តិអតិផរណា និងការធ្លាក់ចុះខ្លាំងនៃទុនបម្រុងអន្តរជាតិ។ ប្រទេសបង់ក្លាដេស ជាប្រទេសទី៣ហើយ នៅតំបន់អាស៊ីខាងត្បូង ដែលនឹងទទួលបានកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចពី IMF បន្ទាប់ពីប្រទេសប៉ាគីស្ថាន និងស្រីលង្កា។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei។

ប្រទេសបង់ក្លាដេស ដែលមានទំហំសេដ្ឋកិច្ចជាង ៤០០ពាន់លានដុល្លារអាមេរិកនោះ ត្រូវបានគេស្គាល់ថា គឺស្ថិតនៅក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សបំផុតមួយរបស់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្ដែ នៅមួយរយៈចុងក្រោយនេះ ប្រទេសដែលមានប្រជាជនសរុបប្រមាណ ១៧០លាននាក់នេះ បានជួបនូវវិបត្តិថាមពល និងស្បៀងអាហារឡើងថ្លៃខ្ពស់ ដោយសារតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ទន្ទឹមគ្នានេះ ទុនបម្រុងអន្តរជាតិរបស់ប្រទេសបង់ក្លាដេស ក៏មានការធ្លាក់ចុះយ៉ាងខ្លាំងដែរ ហើយវាបានធ្វើឲ្យការចំណាយលើការនាំចូលទំនិញ និងឱនភាពគណនីចរន្ដប៉ោងឡើងកាន់តែខ្ពស់ដូចគ្នា។

តួលេខពីធនាគារកណ្ដាលបង់ក្លាដេសបានបង្ហាញថា ទុនបម្រុងអន្តរជាតិរបស់ប្រទេសនេះ បានដាំក្បាលចុះពី ជាង៤៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន មកនៅត្រឹម ជិត៣៦ពាន់លានដុល្លារប៉ុណ្ណោះគិតត្រឹមដើមខែវិច្ឆិកានេះ។

ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា កិច្ចព្រមព្រៀងកម្រិតបុគ្គលិករបស់ IMF ដែលត្រូវបានធ្វើឡើងជាមួយប្រទេសបង់ក្លាដេសថ្មីៗនេះ គឺមានរយៈពេលរៀបចំ ៤២ខែ ដោយរួមបញ្ចូលទាំងទំហំទឹកប្រាក់ ៣ពាន់២រយលានដុល្លារ ដែលបានមកពីគម្រោងឥណទានបន្ថែម (Extended Credit Facility) និងគម្រោងមូលនិធិបន្ថែម (Extended Fund Facility) និងទឹកប្រាក់ប្រមាណ ១ពាន់៣រយលានដុល្លារទៀត បានមកពីគម្រោងភាពធន់ និងនិរន្តរភាពថ្មី របស់ IMF។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងកម្រិតបុគ្គលិករបស់ IMF គឺជាកិច្ចព្រមព្រៀងកម្រិតទាបមួយ ហើយវាត្រូវការការអនុម័តពីគណៈគ្រប់គ្រងរបស់ IMF និងការពិចារណាយ៉ាងល្អិតល្អន់ដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ មុននឹងសម្រេចផ្ដល់កញ្ចប់ថវិកាជាផ្លូវការសម្រាប់ប្រទេសដែលស្នើសុំថវិកាសង្គ្រោះសេដ្ឋកិច្ច ហើយគេរំពឹងថា សម្រាប់ប្រទេសបង់ក្លាដេស ការពិចារណា និងអនុម័តនេះ គឺនឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

ប្រទេសបង់ក្លាដេស គឺជាប្រទេសទី៣ហើយ នៅតំបន់អាស៊ីខាងត្បូង បន្ទាប់ពីប៉ាគីស្ថាន និងស្រីលង្កា ដែលបានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកសម្រាប់ប្រាក់កម្ចីជាមួយនឹង IMF នៅឆ្នាំនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ IMF បានគូសបញ្ជាក់ដែរថា គោលបំណងនៃកម្មវិធីមូលនិធិគាំទ្រថ្មីរបស់ប្រទេសបង់ក្លាដេសនេះ គឺដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រដល់កំណើនរឹងមាំប្រកបដោយបរិយាបន្ន និងបៃតង រួមទាំងការគាំពារដល់ជនងាយរងគ្រោះជាដើម។

គួររំឭកថា សសរសម្ភដ៏សំខាន់បំផុតរបស់សេដ្ឋកិច្ចបង់ក្លាដេស គឺជាឧស្សាហកម្មកាត់ដេរ ដែលផ្តោតលើការនាំចេញ ហើយបច្ចុប្បន្នឧស្សាហកម្មនេះ កំពុងប្រឈមនឹងការធ្លាក់ចុះគួរឲ្យកត់សម្គាល់ នៅចំពេលដែលអតិថិជនធំៗដូចជាហាងលក់ទំនិញយក្ស Walmart របស់អាមេរិក កំពុងប្រឈមនឹងការចាល់ទំនិញក្នុងស្ដុកជាច្រើន ដោយសារតែបញ្ហាអតិផរណាបង្ខំឲ្យមនុស្សកាត់បន្ថយការចំណាយជាងមុន៕




អត្ថបទបន្ទាប់


រុស្ស៊ីដកទ័ពចេញពីទីក្រុងខឺសុនរបស់អ៊ុយក្រែន ខណៈអាមេរិកថា ម៉ូស្គូបាត់បង់ទ័ព ១០ម៉ឺននាក់ក្នុងសង្គ្រាមជិត៩ខែមកនេះ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃពុធ ទី ៩ វិច្ឆិកា បានបញ្ជាឱ្យកងទ័ពរបស់ខ្លួនដកចេញពីទីក្រុងយុទ្ធសាស្ត្រខឺសុន (Kherso…

តើអាមេរិក និងតៃវ៉ាន់សម្រេចបានផ្លែផ្កាអ្វីខ្លះ ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាពាណិជ្ជកម្ម អស់រយៈពេល២ថ្ងៃ?

តៃវ៉ាន់ និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចប្រជុំពិភាក្សាពាណិជ្ជកម្មរយៈពេល២ថ្ងៃជាមួយគ្នា នៅក្នុងទីក្រុងញូវយក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៨-៩ខែវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ