លោក កឹម សុខា

តើការដោះលែងលោក កឹម សុខា បានបង្ហាញពីការបង្រួបបង្រួមជាតិ និងជួយស្តារមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិយ៉ាងណាដែរ?


ការទទួលបានសេរីភាពឡើងវិញរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ស្របពេលដែលពលរដ្ឋចង់ឃើញការផ្សះផ្សាជាតិ និងឯកភាពផ្ទៃក្នុងក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមមុខនឹងភាពតានតឹងព្រំដែនជាមួយប្រទេសជិតខាង។
លោក កឹម សុខា
ដោយ

ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយមើលឃើញថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជួយកែប្រែមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងស្មារតីសាមគ្គីភាពខ្មែរតែមួយ ដើម្បីជាកម្លាំងចលករការពារបូរណភាពទឹកដី និងស្ដារទំនុកចិត្តជាមួយសហគមន៍អន្តរជាតិ សំដៅឈានទៅរកការបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចនានាផងដែរ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា ក្នុងកាលៈទេសៈបច្ចុប្បន្នសាមគ្គីភាពជាតិ គឺជាកត្តាគន្លឹះដ៏សំខាន់បំផុត ហើយការលើកលែងទោសដល់លោក កឹម សុខា ដែលជាអ្នកនយោបាយជើងចាស់ និងជាអតីតប្រធានបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺប្រៀបបាននឹងការរឹតចំណងឯកភាពជាតិឱ្យកាន់តែរឹងមាំ និងប្រឆាំងនឹងការប៉ុនប៉ងបំបែកបំបាក់ពីខាងក្រៅ។ អ្នកជំនាញរូបនេះបន្ថែមថា ដើម្បីពង្រឹងខឿនការពារជាតិ គឺទាមទារឱ្យមានការរួមផ្សំគ្នារវាងសាមគ្គីភាពផ្ទៃក្នុង វិស័យការពារជាតិ ការទូត ព័ត៌មាន និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ហើយការដោះលែងលោក កឹម សុខា នៅពេលនេះពិតជាបានជះឥទ្ធិពលវិជ្ជមានដល់រូបភាពកម្ពុជាក្រោមក្រសែភ្នែកអន្តរជាតិ។
ជាមួយគ្នានេះលោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិយល់ឃើញថា ការដោះលែងអ្នកនយោបាយជើងចាស់លោក កឹម សុខា ជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជាក្នុងការសម្រាលសម្ពាធផ្សេងៗ ព្រោះទាំងស្ថានទូត និងកាសែតអន្តរជាតិបានចេញសារអបអរ និងចុះផ្សាយយ៉ាងព្រៀងព្រាតពីហេតុការណ៍នេះ។ សម្រាប់អ្នកជំនាញរូបនេះការដោះលែងលោក កឹម សុខា មិនត្រឹមតែជួយស្តារ និងលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការរួបរួម និងឯកភាពផ្ទៃក្នុង ដែលជាខឿនដ៏រឹងមាំក្នុងការជួយការពារការបំបែកបំបាក់ និងការរំលោភបំពានផ្សេងៗពីខាងក្រៅ។
ដោយឡែកលោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានចាត់ទុកការដោះលែងលោក កឹម សុខា គឺជាសញ្ញាណនៃការបង្រួបបង្រួមជាតិ ដែលឆ្លុះបញ្ចាំងពីការប្រមូលផ្តុំស្មារតីខ្មែរឡើងវិញ ដើម្បីរួមគ្នាកសាងប្រទេសជាតិ។ ទន្ទឹមនឹងនេះលោករំពឹងថា ការដោះលែងនេះនឹងក្លាយជាចំណុចចាប់ផ្តើមដ៏ល្អមួយក្នុងការបើកផ្លូវឱ្យមានការជជែកដេញដោល និងសម្រាលនូវរាល់ទណ្ឌកម្ម ឬសម្ពាធពាណិជ្ជកម្មនានាពីសហភាពអឺរ៉ុបមកលើកម្ពុជាឡើងវិញផងដែរ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានលើកលែងទោសតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ដែលចុះព្រះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ការលើកលែងទោសនេះ គឺអនុវត្តចំពោះតែទោសពន្ធនាគាររយៈពេល២៧ឆ្នាំ ដែលសម្រេចដោយតុលាការប៉ុណ្ណោះ ដោយមិនទាន់បានរាប់បញ្ចូលការផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ឬសិទ្ធិធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញ នៅតែវាយតម្លៃខ្ពស់ថា នេះជាជំហានវិជ្ជមានមួយក្នុងការបង្កើនកម្លាំងសាមគ្គីភាពផ្ទៃក្នុងក្នុងនាមជាឈាមជ័រខ្មែរតែមួយ ដើម្បីឈរដោះស្រាយបញ្ហាប្រឈមនៅតាមខ្សែបន្ទាត់ព្រំដែនប្រកបដោយភាពរឹងមាំ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈ និងប្រាក់ដុល្លារហក់ឡើង ខណៈទីផ្សារភាគហ៊ុន​ពិភពលោក​​​ក្រឡាប់ចាក់ ក្រោយអាម៉េរិកបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់

សហរដ្ឋអាម៉េរិកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បា​នបើកការវាយប្រហារជាថ្មីលើប្រទេសអ៊ីរ៉ង់ ខណៈដែលដំណើរការចរចា​សន្តិភា​ពកំពុង​តែដំណើរការ ដោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ