ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយធ្វើឱ្យតម្លៃប្រេងឆៅ និងប្រាក់ដុល្លារអាម៉េរិកហក់ឡើងថ្លៃមួយរំពេច ខណៈទីផ្សារភាគហ៊ុនពិភពលោកទទួលបានលទ្ធផលចម្រុះ។ ជាក់ស្ដែងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី២៦ ខែឧសភា បានហក់ឡើងលើស៩៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅលើទីផ្សារអាម៉េរិកមានតម្លៃជិត៩២ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកងកម្លាំងអាម៉េរិក បានបើកការវាយប្រហារទីតាំងបាញ់មីស៊ីល និងទូកវាយប្រហាររបស់អ៊ីរ៉ង់នៅក្បែរច្រកសមុទ្រហ័រម៉ូស។
ការវាយប្រហារនេះកើតឡើង ខណៈមន្ត្រីអ៊ីរ៉ង់កំពុងជួបចរចានៅទីក្រុងដូហា ជាមួយប្រទេសកាតា និងសហរដ្ឋអាម៉េរិកស្តីពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ដែលបានអូសន្លាយរយៈពេល៣ខែមកនេះ។ រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក Marco Rubio បានថ្លែងថា ការចរចាអាចចំណាយពេលប៉ុន្មានថ្ងៃទៀត។
ទន្ទឹមនេះទីផ្សារភាគហ៊ុនពិភពលោកបានបញ្ចេញប្រតិកម្មឆ្លើយតបដោយប្រុងប្រយ័ត្ន។ ទីផ្សារភាគហ៊ុននៅអាស៊ីទទួលបានលទ្ធផលចម្រុះ ដោយភាគហ៊ុនហុងកុងបានហក់ឡើង ស្របពេលវិស័យផលិតបន្ទះឈីបរីកចម្រើន ខណៈដែលសន្ទស្សន៍ផ្សារភាគហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ចុះបន្តិច ចំណែកឯទីផ្សារភាគហ៊ុនអាម៉េរិក ក៏បានធ្លាក់ចុះវិញផងដែរ ដោយសារវិនិយោគិនបារម្ភថា សង្គ្រាមអ៊ីរ៉ង់អាចអូសបន្លាយយូរជាងការរំពឹងទុក។
ងាកមកមើលប្រាក់ដុល្លារអាម៉េរិកឯណោះវិញឃើញថា បានហក់ឡើងថ្លៃបន្តិច ខណៈវិនិយោគិនងាកទៅវិនិយោគលើទ្រព្យសកម្មសុវត្ថិភាព ស្របពេលមានភាពមិនច្បាស់លាស់នៅតំបន់មជ្ឈិមបូព៌ា។ ទន្ទឹមនេះ លុយអឺរ៉ូ និងលុយផោនរបស់អង់គ្លេស បានធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
ក្រុមអ្នកវិភាគបានលើកឡើងថា ទីផ្សារពិភពលោកនៅតែមានការព្រួយបារម្ភ ព្រោះច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ២០% និងឧស្ម័នធម្មជាតិរាវ LNG ប្រមាណ៣០%របស់ពិភពលោកនៅតែត្រូវបានបិទនៅឡើយ ដោយសារភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។
ទោះបីជាអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកកំពុងចរចាកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបន្តអនុវត្តបទឈប់បាញ់យ៉ាងណាក្ដី ក៏នៅតែមានការខ្វែងគំនិតគ្នាជុំវិញការគ្រប់គ្រងច្រកសមុទ្រនេះ។ ក្រុមអ្នកជំនាញព្រមានថា កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងទំនងជាមិនអាចសម្រេចបានឆាប់ៗនេះឡើយ៕
ដោយ: តែម សុខុម