ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាត់ទុក គម្រោងគំនិតផ្គួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ឆ្លើយតបនឹងសំនួរ របស់អ្នកសារព័ត៌មាន ដែលបានចោទសួរថា តើកម្ពុជា ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ចំពោះគម្រោងគំនិតផ្គួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ? ឯកឧត្តម ប្រាក់ សុខុន បានរៀបរាប់ យ៉ាងដូច្នេះ គម្រោងនេះគឺជាកាលានុវត្តភាពដ៏សំខាន់របស់កម្ពុជា ដែលអាចទាក់ទាញអ្នកនិយោគិនពីប្រទេសចិន ចូលមកកម្ពុជា សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសកំពុងប្រែក្លាយប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា គម្រោងគំនិតផ្គួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ គឺជាការតភ្ជាប់តំបន់អាស៊ី ទៅតំបន់អឺរ៉ុប ដែលជួយពង្រឹងផ្នែកនយោបាយ,ហេដ្ឋារចនាសម្ព័ន្ធ,សេដ្ឋកិច្ច,ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ជាដើម។ ឯកឧត្តមបានបន្ថែមថា គម្រោងនេះ ក៏ជាផ្នែកមួយជួយបង្កើនទំនាក់ទំនង រវាងប្រជាជន និងប្រជាជន នៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែជិតស្និទ ទៀតផង។
ជាក់ស្ដែងសម្រាប់កម្ពុជា មានគម្រោងធំៗ ចំនួន២ ដែលនឹងទទួលបានអត្ថប្រយោជន៍ ពីគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ របស់ចិន ក្នុងនោះ រួមមាន ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដែលមានចំងាយ ១៩០គីឡូម៉ែត្រ និងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្ររហូត ២០០រោងចក្រ ដែលអាចផ្ដល់ការងារដល់ប្រជាពលរដ្ឋ ជាង២ម៉ឺន៦ពាន់នាក់។ នេះជាការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុខុន ដោយឯកឧត្តមបានគូសរំលេចនូវគម្រោងព្រលានយន្តហោះថ្មីមួយ នៅខេត្តសៀមរាប ដែលអាចទទួលភ្ញៀវទេសចរប្រមាណ ២០លាននាក់ ក្នុងមួយឆ្នាំៗ ទៅថ្ងៃអនាគត។
ជុំវិញនឹងទៅនឹងទំនាក់ទំនងចិននេះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានច្រានចោលផងដែរ ចំពោះមតិលើកឡើងមួយចំនួនដែលថា កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់បំណុលចិនតាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺផ្អែកទៅលើការផ្ដល់ផលប្រយោជន៍ឲ្យគ្នា និងគោរពគ្នាទៅវិញទៅមក ជាមួយនឹងភាពស្មោះត្រង់ជាមួយគ្នា។ ហើយបើមើលទៅលើ កម្រិតបំណុលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន គឺស្ថិតនៅកម្រិតមួយទាបនៅឡើយទេ ពោលគឺនៅត្រឹមតិចជាង៣០%នៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ។
សូមបញ្ជាក់ថា តាមតួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបគិតត្រឹមឆមាសទី១ឆ្នាំ២០២១ជាង ៩ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ បំណុលដែលកម្ពុជាជំពាក់ចិនមានដល់ទៅជិត ៤ពាន់លានដុល្លារ ឬស្មើនឹងជាង៤៣% នៃបំណុលសាធារណៈសរុបពីបរទេស៕