ជាស្ដែង ពាណិជ្ជកម្មទំនិញសរុបអាស៊ាន-ចិន កើនដល់ ៦៦៩ពាន់លានដុល្លារនៅឆ្នាំ២០២១ ពោលមានការកើនឡើង២៨% បើធៀបនឹងឆ្នាំ២០២០។ តើប្រទេសចិន នឹងមានការរួមចំណែកសំខាន់ៗអ្វីខ្លះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចអាស៊ាននៅឆ្នាំនេះ និងឆ្នាំក្រោយ?
ថ្លែងក្នុងឱកាសអញ្ជើញទទួលពានរង្វាន់«សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ការរក្សាបាននូវកិត្យានុភាពអាស៊ាន ក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា ជាពិសេសការចូលរួមពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ លើសកលលោក។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាលពីឆ្នាំ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» នាពេលឆាប់ៗ ខាងមុខ ផងដែរ។
ផ្អែកតាមការវាយតម្លៃ និងព្យាកររបស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី កាលពីខែតុលា កន្លងទៅនេះ តំបន់អាស៊ាន នឹងអាចសម្រេចបានកំណើន៥,៣% ក្នុងឆ្នាំ២០២២ និងកំណើន ៤,៩% នៅឆ្នាំ២០២៣ ជាអត្រាកំណើនខ្ពស់ បើធៀបនឹងតំបន់ផ្សេងៗទៀត។
បើតាមសម្ដេច ហ៊ុន សែន ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី១ របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញសរុប រវាងអាស៊ាន និងចិន បានកើនឡើងរហូតដល់ប្រមាណ ៦៦៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ពោលគឺកើនឡើង២៨% ខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស(FDI) ពីចិនមកអាស៊ាន មានចំនួន ១៣,៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដែលកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំ២០២០។
ស្ថិតក្នុងស្ថានភាពពិភពលោកកំពុងមានភាពមិនច្បាស់លាស់ សម្ដេចក៏បានស្នើឲ្យអាស៊ាន-ចិន ត្រូវធ្វើការរួមគ្នាដើម្បីជំរុញបន្ថែមនូវកិច្ចប្រតិបត្តិការក្នុងតំបន់ដែលមានលក្ខណៈបើកចំហ តម្លាភាព ប្រកបដោយបរិយាបន្ន បំពេញបន្ថែម និងផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ទន្ទឹមនេះដែរ អាស៊ាន និងចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត, ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ច ការលុបបំបាត់របាំងពាណិជ្ជកម្ម ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ចឌីជីថល កំណើនបៃតង អន្តរកាលថាមពល និង ការបង្កើនសមត្ថភាពសហគ្រាសមីក្រូ ធុនតូច និង មធ្យមដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី និងជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា៕