បើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei វិបត្តិបំណុលរបស់ក្រុមហ៊ុននេះ បច្ចុប្បន្ន បាននិងកំពុងបន្តជះឥទ្ធិពលអាក្រក់ជាបណ្ដើរៗហើយដល់សុខភាពទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន។
បើយោងតាមវិទ្យាស្ថានហិរញ្ញវត្ថុ Rushi Advanced បានឱ្យដឹងថា តម្លៃខុនដូនៅភាគខាងត្បូងទីក្រុងស៊ិនជិន (Shenzhen) បច្ចុប្បន្នគឺមានតម្លៃស្មើនឹង ៥៧ដង នៃប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ពលរដ្ឋនៅទីនោះ ខណៈតម្លៃខុនដូនៅទីក្រុងប៉េកាំងវិញ មានតម្លៃស្មើនឹងប្រមាណ ៥៥ដង នៃចំណូលមធ្យមរបស់ពលរដ្ឋដូចគ្នាដែរ។ នេះជាតម្លៃមួយដ៏ខ្ពស់មិនធ្លាប់មាន សូម្បីតែអំឡុងវិបត្តិសេដ្ឋកិច្ចនៅជប៉ុនក្នុងឆ្នាំ ១៩៩០ ដែលធ្វើឲ្យតម្លៃខុនដូនៅទីក្រុងតូក្យូកើនឡើង ខ្ពស់បំផុត គឺត្រឹមតែ ១៨ដងប៉ុណ្ណោះ នៃប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋជប៉ុន។
ជាមួយនឹងផ្ទះដែលមានតម្លៃលើសពីសមត្ថភាពរបស់គ្រួសារនីមួយៗនៅប្រទេសចិន វិនិយោគិនកំពុងភ័យខ្លាចថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង អាចនឹងចាត់វិធានការដើម្បីបន្ថយតម្លៃ។ ពិសេសគឺតាមរយៈគោលនយោបាយថ្មីរបស់លោកដែលមានឈ្មោះថា «វិបុលភាពជារួម» (Common Prosperity) ដោយផ្តោតទៅលើប្រព័ន្ធសេដ្ឋកិច្ច ដែលផ្តល់ប្រយោជន៍ជារួមដល់ជាតិ និង ប្រកបដោយសមធម៌។
ក៏ប៉ុន្តែបើមានវិធានការទម្លាក់តម្លៃណាមួយពីរដ្ឋអំណាចក្រុងប៉េកាំងពិតមែន វិស័យអចលនទ្រព្យនៅចិន អាចប្រឈមនឹងហានិភ័យកាន់តែខ្ពស់នៃការធ្លាក់ចុះ។ ប្រសិនបើគេដោះស្រាយស្ថានការណ៍នេះ មិនបានត្រឹមត្រូវ វាក៏អាចជំរុញឱ្យសេដ្ឋកិច្ចចិន ធ្លាក់ចូលក្នុងបញ្ហាកាន់តែខ្លាំងផងដែរ ។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន មានស្មើនឹង ៧% នៃផលិតផលក្នុងស្រុកសរុបរបស់ចិន ដែលវា សបញ្ជាក់អំពី តួនាទីដ៏សំខាន់ នៃវិស័យអចលនទ្រព្យក្នុងចរន្តសេដ្ឋកិច្ចប្រទេសមួយនេះ ដូច្នេះហើយបញ្ហារបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Evergrande ក៏ទំនងជាអាចនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចចិនផងដែរ ប្រសិនបើក្រុមហ៊ុននេះ មិនអាចដោះស្រាយបញ្ហាបំណុលរបស់ខ្លួនបាន។
ជាមួយគ្នានេះ អត្រាបំណុលឯកជននៅក្នុងប្រទេសចិនធៀបនឹងផលិតផលក្នុងស្រុក គឺមានដល់ទៅ ២២០%ឯណោះ ដែលមានលើសអត្រាបំណុលឯកជននៅក្នុងប្រទេសជប៉ុនទៅទៀត។ ក្នុងចំណោមអត្រាបំណុលឯកជននៅក្នុងប្រទេសចិន បំណុលនៅក្នុងវិស័យអចលនទ្រព្យ គឺមានក្រោម ៣០% នៃបំណុលសរុប។
យ៉ាងណាមិញ បំណុលដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Evergrande មួយនេះ បានធ្វើឲ្យវិនិយោគិនបន្ថែមការព្រួយបារម្ភ និងការសម្រុកលក់ភាគហ៊ុនចេញ នៅក្នុងទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក និងប្រទេសជប៉ុន នៅស្ទើរពេញមួយខែកញ្ញានេះ ដែលបានធ្វើឲ្យទីផ្សារភាគហ៊ុនសកលលោកក៏មានការរង្គោះរង្គើផងដែរ ហើយសូម្បីតែម្ចាស់ភាគហ៊ុនធំៗរបស់ Evergrande ក៏ចង់លក់ភាគហ៊ុនរបស់ខ្លួនចេញអស់ដែរ។
គួរជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន Evergrande កំពុងប្រញាប់ប្រញាល់លក់ចេញនូវទ្រព្យសម្បត្តិ និងអាជីវកម្មដទៃទៀតរបស់ខ្លួន ដើម្បីបានលុយយកមកទូទាត់បំណុល។ ប៉ុន្តែទោះបីជាការលក់ចេញនេះ បានជួយបញ្ចៀសការដួលរលំភ្លាមៗរបស់ក្រុមហ៊ុនក៏ដោយ ប៉ុន្តែបើនិយាយជារួម ពពកខ្មៅនៅតែបន្តហ៊ុមព័ទ្ធបិទបាំង និងគ្របដណ្តប់លើទីផ្សារអចលនទ្រព្យចិន ដែលមើលទៅហាក់ដូចជានៅគាំងទ្រឹងស្តូកតែម្តង។
សូមបញ្ជាក់ថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនមានការធ្លាក់ចុះ ហើយមិនសូវមានតម្រូវការផ្ទះ អាផាតមិន ឬ ខុនដូថ្មីៗច្រើននោះទេ។ ដូច្នេះហើយ ជាមួយនឹងតម្លៃដ៏ខ្ពស់កប់ពពករបស់ខុនដូថ្មីៗ ដូចបានរៀបរាប់ខាងលើ បូករួមនឹងភាពមិនប្រាកដប្រជារបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិនដ៏ធំ កំពុងរុញច្រានឲ្យវិស័យអចលនទ្រព្យកំពុងប្រឈមនឹងហានិភ័យកាន់តែខ្ពស់៕