ការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជាធ្លាក់ចុះ!

ការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជាធ្លាក់ចុះពី ៥០ម៉ឺនមកនៅត្រឹម៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ ដោយសារកត្តាអ្វី?


ចូលមកដល់ឆ្នាំ២០២៣ ទីផ្សារភាគហ៊ុនកម្ពុជាហាក់បង្ហាញទំនោរធ្លាក់ចុះបើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២២ ក្រោយពីមានការឹតបន្តឹងវិធានការហិរញ្ញវត្ថុ និងភាពចលាចលផ្នែកហិរញ្ញវត្ថុបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្ដាប្រទេសធំៗមួយចំនួនពិភពលោក។ ជាក់ស្តែង បើតាមការអះអាងរបស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា នៅក្នុងរយៈពេលប្រមាណ៥ខែកន្លងមកនេះ ការជួញដូរភាគហ៊ុននៅកម្ពុជាដែលមានជាមធ្យម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ បានធ្លាក់ចុះមកនៅក្នុងរង្វង់៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។
ការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជាធ្លាក់ចុះពី ៥០ម៉ឺនមកនៅត្រឹម៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ ដោយសារកត្តាអ្វី?

ការធ្លាក់ចុះនេះ ត្រូវបានថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាវាយតម្លៃថា គឺដោយសារនៅឆ្នាំ២០២៣ ពុំមានការជួញដូរធំដុំ គួបផ្សំអ្នកវិនិយោគមានការព្រួយបារម្ភចំពោះបញ្ហាការដួលរលំធនាគារមួយចំនួននៅសហរដ្ឋអាមេរិកជះឥទ្ធិពលមិនល្អដល់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា។ ទោះយ៉ាងណាថ្នាក់ដឹកនាំ CSX រំពឹងថា ទំហំជួញដូរភាគហ៊ុននៅកម្ពុជានឹងល្អប្រសើរឡើងវិញ ក្រោយការហក់ចូលទីផ្សាររបស់ក្រុមហ៊ុនថ្មីធំៗចំនួនពីរ នាពេលឆាប់ៗនេះ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ទំហំជួយដូរភាគហ៊ុននៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់នៅ៥ខែជាប់ៗគ្នា ពោលគឺបានធ្លាក់ចុះពីទំហំជួញដូរជាមធ្យម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ មកនៅត្រឹម៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺអាចបណ្តាលមកពីអ្នកវិនិយោគមានការព្រួយបារម្ភចំពោះបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ជាពិសេសការដួលរលំធនាគារធំៗនៅអាមេរិកក្នុងការធ្វើឲ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ម្យ៉ាងទៀត នៅឆ្នាំ២០២៣ នេះ ពុំសូវមានការជួញដូរធំៗដូចឆ្នាំមុន ដែលមានការជួញដូររាប់សិបលានដុល្លារនោះទេ។

ឯកឧត្តម ហុង សុហួរ ជឿជាក់ថា ប្រសិនបើការព្រួយបារម្ភចំពោះស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ជាពិសេសនៅសហរដ្ឋអាមេរិករបស់អ្នកវិនិយោគ មិនបានជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសណាមួយ រួមទាំងកម្ពុជាទេនោះ ទីផ្សារភាគហ៊ុនរបស់កម្ពុជាទំនងជាអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ។ ជាមួយគ្នានេះឯកឧត្តមរំពឹងថា ទំហំជួញដូរភាគហ៊ុននៅកម្ពុជានឹងមានកើនឡើងមួយកម្រិតទៀត ក្រោយក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី និងក្រុមហ៊ុន សេលកាត របស់អ្នកឧកញ៉ា គិត ម៉េង បានចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាផ្លូវការនៅផ្សារមូលបត្រកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមរំពឹងផងដែរថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនទាំងពីរ ក៏នឹងធ្វើឲ្យតម្លៃភាគហ៊ុននៅកម្ពុជា ដែលកំពុងមាននិន្នាការធ្លាក់ចុះមានសន្ទុះងើបឡើងវិញផងដែរ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាអះអាងថា នៅឆ្នាំ២០២៣ នេះមានក្រុមហ៊ុនចំនួន៧ គ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា ដែលធ្វើឲ្យឯកឧត្តមរំពឹងថា ការជួញដូរភាគហ៊ុនជាមធ្យមនឹងអាចកើនដល់ ១លានដុល្លារនៅឆ្នាំ២០២៣។ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៨បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល៕




អត្ថបទបន្ទាប់


តម្លៃផ្ទះក្នុងទីក្រុងហុងកុងឡើងតិចតួចប៉ុណ្ណោះក្នុងខែមេសា ខណៈដែលអត្រាការប្រាក់ឡើងខ្ពស់

ព័ត៌មាន
ក្នុងខែមេសា តម្លៃផ្ទះសម្រាប់រស់នៅក្នុងទីក្រុងហុងកុងបានកើនឡើងត្រឹមតែ ០,៥ ភាគរយ ដែលជាកំណើនទាបបំផុត រហូតមកដល់ពេលនេះ ដោយសារអ្នកទិញផ្ទះត្រូ…

ម៉ាឡេស៊ីចាប់ឃាត់កប៉ាល់ចិន ដែលបោះយុថ្កាក្នុងដែនទឹកខ្លួនដោយគ្មានច្បាប់

ព័ត៌មាន
អាជ្ញាធរដែនសមុទ្រម៉ាឡេស៊ីនៅថ្ងៃចន្ទបាននិយាយថា អាជ្ញាធរបានឃាត់ទុកភា្លមៗកាលពីចុងសប្តាហ៍មុននេះ នូវកប៉ាលដែលបានចុះបញ្ជីនៅប្រទេសចិន ដោយកប៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ