សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធ្វើសមយុទ្ធរួមប្រឆាំងកូរ៉េខាងជើង

តើសហគមន៍អន្តរជាតិធ្វើការថ្កោលទោសខ្លាំងក្លាកម្រិតណា ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលពីលើប្រទេសជប៉ុន?


ក្រោយពីកូរ៉េខាងជើងបានបាញ់មីស៊ីលហោះពីលើប្រទេសជប៉ុនជាលើកដំបូងនាដើមសប្ដាហ៍នេះ ប្រទេសកូរ៉េខាងត្បូង និងយោធាអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលដ៏កម្ររបស់ខ្លួន ហើយនាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិកប្រចាំតបន់ប៉ាស៊ីហ្វិក បានក៏ចល័តមកទីតាំងនៅភាគខាងកើតនៃប្រទេសកូរ៉េខាងជើង ដែលជាការឆ្លើយតបយ៉ាងមុតស្រួចមួយមិនធ្លាប់មានទៅកាន់ទីក្រុងព្យុងយ៉ាង បើគិតចាប់តាំងពីឆ្នាំ២០១៧មក ខណៈសហគមន៍អន្តរជាតិ រួមទាំងកម្ពុជាផងនោះ ក៏បានថ្កោលទោសយ៉ាងខ្លាំងលើទង្វើបង្កហេតុរបស់កូរ៉េខាងជើងផងដែរ។
តើសហគមន៍អន្តរជាតិធ្វើការថ្កោលទោសខ្លាំងក្លាកម្រិតណា ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលពីលើប្រទេសជប៉ុន?

មែនទែនទៅ ជប៉ុនបាននិយាយថា វាជាមីស៊ីលដំបូងហើយចាប់តាំងពីឆ្នាំ២០១៧ មក ដែលកូរ៉េខាងជើងបានបាញ់ហោះលើទឹកដីរបស់ខ្លួនបែបនេះ ដែលមីស៊ីលនោះត្រូវគេដឹងថា មានរយៈចម្ងាយ៤.៦០០គីឡូម៉ែត្រ ដែលជាចម្ងាយឆ្ងាយបំផុត ដែលបានហោះពីលើប្រទេសជប៉ុនហើយបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានហៅការសាកល្បងចុងក្រោយបង្អស់របស់កូរ៉េខាងជើងថា ជាការណ៍ប្រកបដោយ«គ្រោះថ្នាក់ និងគ្មានការប្រុងប្រយ័ត្ន» ហើយយោធាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរួមមានជប៉ុន និងកូរ៉េខាងត្បូងក៏បានបង្កើនសាច់ដុំសមយុទ្ធយោធាជាបន្តបន្ទាប់ផងដែរ។ ជាមួយគ្នានេះ នាវាផ្ទុកយន្តហោះ USS Ronald Reagan ដែលជានាវាផ្ទុកយន្តហោះអាមេរិកក៏នឹងត្រឡប់ទៅកាន់សមុទ្ររវាងឧបទ្វីបកូរ៉េ និងជប៉ុន ជាមួយនឹងក្រុមនាវាចម្បាំងផ្សេងទៀតរបស់ខ្លួនផងដែរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការបាញ់ផ្លោងនេះថាជា «ទង្វើដែលមិនចេះគិតពិចារណា» និងជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងស្រុង។ លើសពីនេះ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric ក៏បាននិយាយថា វាជាការព្រួយបារម្ភដ៏ធ្ងន់ធ្ងរមែនទែន ដែលទីក្រុងព្យុងយ៉ាងបានបដិសេធម្តងហើយម្តងទៀតនូវការហោះហើរអន្តរជាតិ និងសុវត្ថិភាពដែនសមុទ្រ។

យ៉ាងណាមិញ ជាការឆ្លើយតប យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធទម្លាក់គ្រាប់បែកលើគោលដៅនៅសមុទ្រលឿង ហើយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងជប៉ុន ក៏បានធ្វើសមយុទ្ធរួមគ្នាលើសមុទ្រជប៉ុនផងដែរ ដែលជាចលនាចុងក្រោយបំផុត នៃការសម្ញែងសាច់ដុំឆ្លើយតបនឹងការបង្កហេតុរបស់ទីក្រុងព្រុយយ៉ាង។

បន្ថែមពីនេះ ស្របពេលដែលសមយុទ្ធបានធ្វើឡើងនោះ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានក៏បានធ្វើការថ្កោលទោស និងបានហៅទង្វើនេះថាជាការបង្ក «គ្រោះថ្នាក់ និងមិនចេះគិត» ខណៈអ្នកនាំពាក្យសហភាពអឺរ៉ុបឯណោះវិញ បានចាត់ទុកការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនេះថាជា «សកម្មភាពបង្កហេតុដោយចេតនា និងគ្មានទំនួលខុសត្រូវ» ដែលបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។

មួយវិញទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២ ក៏បានបង្ហាញពីការសោកស្តាយចំពោះការបាញ់មីស៊ីលដោយកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុននេះដែរ ដោយសម្តេចតេជោបានប្រសាសន៍ថា «ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។»

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup បានប្រាប់សភាថា ប្រទេសកូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ហើយទីក្រុងព្យុងយ៉ាងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរខ្នាតតូច ឬអាចធំជាងពេលមុនក្នុងការសាកល្បងថ្មីនេះនាពេលខាងមុខផងដែរ៕




អត្ថបទបន្ទាប់


តើវិស័យទេសចរណ៍កម្ពុជា អាចទាញយកឱកាសពីកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយនេះ ដើម្បីស្ដារ និងជំរុញកំណើនដែរឬទេ?

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ…

អាជ្ញាធរក្រុងបាងកកប្រាប់ឲ្យពលរដ្ឋធ្វើការពីផ្ទះ ខណៈដែលស្ថានភាពទឹកជំនន់កំពុងគំរាមកំហែងទីក្រុង

រដ្ឋបាលក្រុងបាងកក បានស្នើសុំឱ្យបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់ បំពេញការងារពីផ្ទះដើម្បីបញ្ចៀសការស្ទះចរាចរណ៍ដោយសារភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ