គោរមងារឧកញ៉ា កម្ពុជា

ធ្វើដូចម្តេចទើបទទួលបានគោរមងារឧកញ៉ា ហើយត្រូវចំណាយថវិកាអស់ប៉ុន្មាន?


ឧកញ៉ា គឺជាគោរមងារ សម្រាប់រូបវន្ដបុគ្គល ដែលបានបរិច្ចាគធនធានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលជូនជាតិមាតុភូមិ ហើយបច្ចុប្បន្ន ការផ្ដល់គោរមងារនេះ ក៏ត្រូវបានកំណត់ដោយច្បាប់ផងដែរ។
ធ្វើដូចម្តេចទើបទទួលបានគោរមងារឧកញ៉ា ហើយត្រូវចំណាយថវិកាអស់ប៉ុន្មាន?
ដោយ

យោងតាមអនុក្រឹត្យ​លេខ ១២៩អនក្រ.បក ដែលត្រូវបានចុះហត្ថលេខា ​ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញថា ក្រសួង ស្ថាប័ន និងសមាគម​ឧកញ៉ាកម្ពុជា អាចស្នើសុំ​ការផ្ដល់គោរមងារឧកញ៉ា ដល់រូបវន្តបុគ្គល ជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់​ក្នុងការចូលរួម​អភិវឌ្ឍ និងកសាងជាតិ តាមរយៈ ការផ្ដល់អំណោយជាថវិកា និង/ឬ ការបរិច្ចាគធន​ធាន​ទ្រព្យសម្បត្តិ សម្ភារៈ បរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម អគារសាធារណៈ ឬសមិទ្ធផលផ្សេងៗទៀត ដែលបម្រើដល់ប្រយោជន៍ជាតិជាដើម។ ការចូលរួមអភិវឌ្ឍនិងកសាងជាតិ តាមរយៈ​របកគំហើញ​នូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែល មានអត្ថប្រយោជន៍​សម្រាប់សង្គមជាតិ ក៏អាចមានសិទ្ធិទទួលបាន​ការស្នើសុំសម្រាប់គោរមងារឧកញ៉ាផងដែរ។

គោរមងារឧកញ៉ា ត្រូវបានបែងចែកជា ៣ ថ្នាក់ គឺលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ ក្នុងនោះ រូបវន្ដបុគ្គល ដែលអាចទទួលបានគោរមងារ «លោកអ្នកឧកញ៉ា» ត្រូវតែជា​អ្នកដែលទទួលបាន​គោរមងារជា អ្នកឧកញ៉ា​ យ៉ាងតិច ៥ឆ្នាំជាមុនសិន និងមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ និងផ្ដល់អំណោយ​ជា​ថវិកាជូនរដ្ឋ​ក្នុងទំហំទឹកប្រាក់ប្រមាណ ១៦ពាន់លានរៀល ឬស្មើនឹងជិត ៤លានដុល្លារអាមេរិក ឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀត ដែលជាអត្ថប្រយោជន៍សម្រាប់​សង្គមជាតិ។

រីឯគោរមងារ «អ្នកឧកញ៉ា» វិញ គឺផ្ដល់ជូនរូបវន្ដបុគ្គលណា ដែលបានទទួលគោរមងារជាឧកញ៉ា យ៉ាងតិច ៣ឆ្នាំ និងផ្ដល់អំណោយថវិកាជូនរដ្ឋចំនួន ៤ពាន់លានរៀល ឬស្មើនឹងជិត ១លានដុល្លារ​ បន្ថែមពីលើសមិទ្ធផលផ្សេងទៀត ដែលជាអត្ថប្រយោជន៍សម្រាប់​សង្គមជាតិ។

ដោយឡែក គោរមងារ «ឧកញ៉ា» វិញ គឺផ្ដល់ជូនរូបវន្តបុគ្គល ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងត្រូវផ្ដល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ ២ពាន់លានរៀល ឬស្មើនឹងជិត ៥០ម៉ឺនដុល្លារ បន្ថែមពីលើសមិទ្ធផលផ្សេងទៀត ដែលជាអត្ថប្រយោជន៍សម្រាប់​សង្គមជាតិ។

ក្រៅពីនេះ អ្នកដែលទទួលបានគោរមងារឧកញ៉ាទាំង ៣ថ្នាក់ខាងលើនេះ ក៏ត្រូវបង់វិភាគទានប្រចាំឆ្នាំ​ជូនដល់​​រាជរដ្ឋាភិបាលផងដែរ រួមមាន៖

- លោកអ្នកឧកញ៉ា ត្រូវបង់ ៤០០លានរៀល ឬស្មើនឹងប្រមាណ ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

- អ្នកឧកញ៉ា ត្រូវបង់វិភាគទាន ៦០លានរៀល ឬស្មើនឹងប្រមាណ ១ម៉ឺន៥ពាន់ដុល្លារក្នុងមួយឆ្នាំ។

- ឧកញ៉ា ត្រូវបង់វិភាគទាន ៣២លានរៀល ឬស្មើនឹងប្រមាណ ៨ពាន់ដុល្លារក្នុងមួយឆ្នាំ។

ទឹកប្រាក់ដែលបានមកពីការបង់វិភាគទានប្រចាំឆ្នាំទាំងនេះ ត្រូវយកទៅប្រើប្រាស់ សម្រាប់ ប្រយោជន៍ សង្គមជាតិ តាមការសម្រេច​របស់នាយករដ្ឋមន្ត្រី។

យោងតាមរយៈអនុក្រឹត្យដដែលនេះ គោរមងារឧកញ៉ា អាចត្រូវបានបញ្ចប់ ក្នុងករណីដូចខាងក្រោម៖

-គោរមវន្ដសុំលាលែងពីគោរមងារឧកញ៉ា ដោយស្ម័គ្រចិត្ត

- គោរមវន្ដមិនបានបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំ​​រយៈពេល ៣ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ

- គោរមវន្ដត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ

- ត្រូវបានរកឃើញសកម្មភាពណា ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរ​របស់គោរមងារឧកញ៉ា

-ត្រូវបានរកឃើញថា សំណុំឯកសារស្នើសុំគោរមងារឧកញ៉ា​របស់គោរមវន្ដមានការក្លែងបន្លំ។

យោងតាមការលើកឡើងរបស់​លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានអះអាងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ អ្នកមានគោរមងារឧកញ៉ាសរុប​មានចំនួនជាង ១,៤០០ នាក់ ប៉ុន្ដែ ឧកញ៉ា ដែលបានចុះឈ្មោះចូលជាសមាជិក​របស់សមាគមឧកញ៉ាកម្ពុជា​មានចំនួន ៤១០នាក់ប៉ុណ្ណោះ។ ក្នុងនោះ លោកអ្នកឧកញ៉ា មានចំនួន ៧រូប, អ្នកឧកញ៉ាមាន ១១៥រូប និងឧកញ៉ា មាន២៨៨រូប៕

None



អត្ថបទបន្ទាប់


រោងចក្រផលិតសំបកកង់យានយន្តតម្លៃ១៤០លានដុល្លារនៅខេត្តក្រចេះត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

រោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar Tier តម្លៃ១៤០លានដុល្លារស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី ម៉ី ស្នួល ខេត្តក្រចេះ ត្រ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការតំបន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ