កសិកម្ម​តំបន់

វៀតណាម​ក៏​មាន​បញ្ហា​កសិផល​លក់​មិន​ដាច់​​ដែរ! តើ​គេ​ជួយ​កសិករ​យ៉ាង​ដូចម្ដេច?


កសិករ​នៅ​ប្រទេស​វៀតណាមជិតខាងកម្ពុជា ផលិត​ស្បៀង​អាហារ​បាន​ច្រើន​ជាង​តម្រូវការ​បរិភោគ​របស់​ប្រជាជន​​ក្នុង​ប្រទេស ដែល​ធ្វើ​ឲ្យ​កសិផល​ខ្លះ​សល់​លក់​មិន​ដាច់។ បញ្ហា​នេះ​ស្រដៀង​គ្នា​នឹង​នៅ​កម្ពុជា​ដែរ។ តើ​វៀតណាម​គេ​មាន​វិធានការ​អ្វី​លើ​រឿង​នេះ?
វៀតណាម​នាំ​បន្លែផ្លែ​ឈើ​ចេញ​ទៅ​៦០​ប្រទេស ក្នុង​ទឹក​ប្រាក់​ជាង ២ពាន់ ៤រយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦។ រូបភាព៖ pixabay.com
ដោយ

ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀតណាម បាន​បង្កើត​នាយកដ្ឋាន​ថ្មី​មួយ ដើម្បី​ជួយ​សង្គ្រោះ​កសិផល​របស់​ប្រទេសនេះ។ ទោះ​បី​មាន​ភាពខ្លាំង​ផ្នែក​កសិកម្ម​ក្ដី វៀតណាម​ប្រើ​ប្រាស់​កសិផល​របស់​ខ្លួន​មិន​អស់​ទេ។ ភាពខ្សោយ​ផ្នែក​ផ្សារ​ភ្ជាប់​រវាង​កសិករ​និង​ឈ្មួញ និង​អសមត្ថភាព​ក្នុង​ការ​ព្យាករ​ទីផ្សារ បាន​នាំ​ឲ្យ​មាន​ការ​ផលិត​លើស​តម្រូវការ ជាហេតុ​ធ្វើ​ឲ្យ​កសិករ​និង​ផលិតករ​ប្រឈម​នឹង​ភាព​ក្ស័យធន។

តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​ម្ល៉េះ អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​មូលដ្ឋាន​ជួយ​ទិញ​កសិផល​ដែល​សល់​គរ​ចោល​ ដូចជា ចេក ឪឡឹក និង​សាច់​ជ្រូក​ ជាដើម។ 

ជា​ដំណោះស្រាយ នាយកដ្ឋាន​ថ្មី​របស់​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ នឹង​ផ្ដល់​ការព្យាករ​ទីផ្សារ និង​តាមដាន​ការ​ប្រើប្រាស់​ផលិតផល​ពី​កសិដ្ឋាន​ក្នុង​ស្រុក រួចហើយ​សម្របសម្រួល​ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ ដើម្បី​រក្សា​បាន​នូវ​តុល្យភាព​រវាង​ការ​ផ្គត់ផ្គង់​និង​តម្រូវការ ព្រមទាំង​ធ្វើការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​គ្រប់គ្រង​ការនាំចូល និង​ការនាំចេញ។

ក្នុងពេល​៣០ឆ្នាំ​កន្លង​មក​នេះ វៀតណាម​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​ប្រទេស​ហូប​មិន​គ្រប់ មក​ជា​ប្រទេស​នាំ​ចេញ​ស្បៀង​អាហារ​ដ៏​ធំ​មួយ។ ឆ្នាំ​២០១៦ វៀតណាម​រក​ចំណូល​បានពី​ការនាំ​ចេញ​ផលិតផល​កសិកម្ម ព្រៃឈើ និង​ជលផល ចំនួន ៣២​ពាន់​លាន​ដុល្លារ។ 

ប៉ុន្តែ ប្រទេស​វៀតណាម​ជួប​បញ្ហា​ប្រឈម​ចំនួន ៣ គឺ​ទីមួយ កសិករ​វៀតណាម​ប្រមាណ ១០លាន​គ្រួសារ នៅមានកម្រិត​ផលិតភាព​កសិកម្ម​ទាប​នៅ​ឡើយ បើ​ធៀប​នឹង​កម្រិត​ក្នុង​តំបន់​និង​ពិភព​លោក។ ទីពីរ វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​៥​នៅ​លើ​ពិភព​លោក​ដែល​រងគ្រោះខ្លាំង​បំផុត​ពី​ការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស ក្នុង​វិស័យ​កសិកម្ម។ ទីបី ក្នុង​យុគសម័យ​សមាហរណកម្ម វៀតណាម​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាងខ្លាំង​ក្លា​ពី​ក្រៅ​ប្រទេស។

ដើម្បីដោះស្រាយបញ្ហា​ទាំងនេះ ក្រសួង​កសិកម្ម​វៀតណាម​ប្រកាសថា នឹងកែទម្រង់​រចនា​សម្ព័ន្ធ​វិស័យ​កសិកម្ម និងផ្ដោត​ច្រើន​ថែមទៀត​ទៅ​លើ​ការ​កែ​ច្នៃ និង​ការ​រក​ទីផ្សារ៕




អត្ថបទបន្ទាប់


ក្រុម​អ្នក​ជំនាញ៖ មហា​សន្និបាត​អចលន​ទ្រព្យ​​នៅ​កម្ពុជា​នឹង​ជំរុញ​ឲ្យ​វិស័យ​ដី​ធ្លី​កាន់​តែ​រឹង​មាំ

មហា​សន្និបាត​និង​ពិព័រណ៍​អចលន​ទ្រព្យ​​នៅ​កម្ពុជា នឹង​អាច​ទាក់ទាញ​វិនិយោគិន​មក​ធ្វើការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់ អចលន​ទ្រព្យ​កាន់​…

អ្នក​សេដ្ឋកិច្ច៖ អាករលើ​តម្លៃ​បន្ថែម ១០% ប៉ះពាល់​ទាំង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទាំង​អ្នក​ប្រើប្រាស់​សេវា

មួយ​រយៈ​ចុងក្រោយ​នេះ បញ្ហា​អាករ​លើ​តម្លៃ​បន្ថែម​ ១០% បាន​ក្លាយ​ជាប្រធាន​បទ​ក្ដៅ​គគុក​នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ នៅ​កម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ