មានផ្នែកសំខាន់ៗចំនួន១០ត្រូវបានរំលេចក្នុងគោលនយោបានជាតិនេះ ដែលសំដៅអភិវឌ្ឍន៍កសិកម្មកម្ពុជាឲ្យក្លាយជាកសិកម្មបែបទំនើបនាពេលអនាគត។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ជាសមិទ្ធិផលថ្មីមួយទៀតក្នុងក្របខណ្ឌគោលនយោបាយជាតិ ដែលត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍន៍ និងជំរុញកំណើនវិស័យសកសិកម្ម តាមរយៈការបង្កើនផលិតភាពពិពិធកម្ម និងការធ្វើពាណិជ្ជូបនីយកម្ម ប្រកបដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន។ បន្ថែមលើនេះ គឺដើម្បីធានាការផ្តល់នូវផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាមួយការគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផៃ ស៊ីផាន សេចក្តីព្រាងគោលនយោបាយ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តខាងលើមានផ្នែកសំខាន់ៗចំនួន១០រួមមាន ការវិភាគស្ថានភាពកសិកម្ម, ចក្ខុវិស័យ, គោលបំណង, គោលដៅ, យុទ្ធសាស្រ្ត និងសកម្មភាពសម្រាប់អនុវត្ត, យន្តការសម្រាប់អនុវត្តគោលនយោបាយ, ធនធានហិរញ្ញវត្ថុ, ការពិនិត្យតាមដាន និងវាយតម្លៃ, ការគ្រប់គ្រងហានិភ័យ និងចុងក្រោយសេចក្តីសន្និដ្ឋាន។
ទន្ទឹមនឹងនេះគោលនយោបាយជាតិនេះ ក៏មានភ្ជាប់ឧបសម្ព័ន្ធពីរ ដែលជាសូចនាករដ៏សំខាន់ក្នុងការចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មបែបទំនើបមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនឹងធ្វើឱ្យកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
លើសពីនេះវាក៏ជាផែនទីបង្ហាញផ្លូវមួយក្នុងការឈានឆ្ពោះទៅរកការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខែ្សច្រវាក់តម្លៃកសិកម្ម, ការបង្កើនការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម, ការជំរុញកំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យនានាផងដែរ។
ក្រៅពីសេចក្តីព្រាងគោលនយោបាយខាងលើ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងចំនួន៣ផ្សេងទៀតផងដែររួមមានសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០, សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងបញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ានផងដែរ៕