ធនធាន​មនុស្ស

អ្នកជំនាញ​ផ្នែក​ធនធាន​មនុស្ស​ប្រាប់​គន្លឹះ​សំខាន់ៗ​សម្រាប់​ការ​ជ្រើសរើស​បុគ្គលិក


លោក លន់ បូរី គឺ​ជា​ប្រធាន​ក្រុមហ៊ុន 3G Agent Co., Ltd ដែល​ផ្តល់​សេវា​ជ្រើសរើស​បុគ្គលិក​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ឲ្យ​ក្រុមហ៊ុន​តូច មធ្យម និង​ក្រុមហ៊ុន​ធំៗ។​ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋា​នៅ​ភ្នំពេញ​មួយ​នេះ បាន​ឈរ​ជើង​លើ​មុខ​ជំនួញ​ផ្នែក​សេវាកម្ម​អស់​រយៈពេល​៥​ឆ្នាំ និង​បាន​ទទួល​អតិថិជន ដែល​សុទ្ធតែ​ជា​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស។
លោក លន់ បូរី ​ប្រធាន​ក្រុមហ៊ុន 3G Agent Co., Ltd ដែល​ផ្តល់​សេវា​ជ្រើសរើស​បុគ្គលិក​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស។
ដោយ

អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន និង​ជា​អតីត​ប្រធាន​សាខា​ធនាគារ​ធំ​មួយ​នៅ​ភ្នំពេញ​រូប​នេះ បាន​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង និង​បាន​ហែល​ឆ្លង​ឧបសគ្គ​ជាច្រើន រហូត​ទទួល​បាន​ជោគជ័យ ដោយ​មាន​ដៃគូ​សហការ​ទាំង​ជាតិ​និង​អន្តរជាតិ និង​ទទួល​បាន​អតិថិជន​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស​ដទៃ​ទៀត​ដូចជា៖ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌា និង​អូស្រ្តាលី ជាដើម។

បើតាម លោក លន់ បូរី ការ​បង្កើត​ក្រុមហ៊ុន 3G Agent នេះ គឺ​ដើម្បី​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា ដែល​លោក​អះអាង​ថា គុណភាព​ធនធាន​មនុស្ស​នៅ​កម្ពុជា នៅ​ចាញ់​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ក្នុង​តំបន់។ 

លោក​ពន្យល់​ថា៖ «គ្រប់​ក្រុមហ៊ុន​ទាំង​អស់ គឺ​តែងតែ​មាន​ការ​ពិបាក​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ល្អ និង​តែងតែ​មាន​បញ្ហា​ដែល​កើត​ពី​បុគ្គលិក។ បុគ្គលិក​ខ្លះ ធ្វើការ​៦​ខែ​ទើប​អាច​មាន​ផលិតភាព​ដល់​ក្រុមហ៊ុន ខណៈ​បុគ្គលិក​ពូកែ​ខ្លះ រត់​ចេញ​ពី​ក្រុមហ៊ុន ដែល​ទាំង​នេះ សុទ្ធសឹង​ជា​បញ្ហា។ ដូច្នេះ ខ្ញុំ​ចង់​យក​ចំណេះ ជំនាញ និង​បទ​ពិសោធន៍​ការងារ​ជិត​២០​ឆ្នាំ​របស់​ខ្ញុំ ជួយ​ម្ចាស់​ក្រុមហ៊ុន​ឲ្យ​ទទួល​បាន​បុគ្គលិក​ដែល​ជា​ទ្រព្យ​របស់​ក្រុមហ៊ុន»។  

តើ​លក្ខណ​សម្បត្តិ​បុគ្គលិក​ដូចម្តេច ដែល​ក្រុមហ៊ុន​មិន​គួរ​មើល​រំលង?

បុគ្គលិក គឺ​ជា​បេះដូង​របស់​ក្រុមហ៊ុន ដែល​តម្រូវ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ត្រូវ​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ទទួល​បាន​បុគ្គលិក​ល្អ មក​បម្រើ​ការងារ​ជំរុញ​ការ​អភិវឌ្ឍ​ក្រុមហ៊ុន។ លោក លន់ បូរី បាន​បង្ហើប​គន្លឹះ​ចំនួន​ពីរ ដើម្បី​ជ្រើសរើស​បុគ្គលិក​ថ្នាក់​ក្រោម​ប្រកប​ដោយ​គុណភាព​និង​មាន​ប្រសិទ្ធ​ភាព។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «បុគ្គលិក​ថ្នាក់​ក្រោម គឺ​គួរតែ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​អាកប្បកិរិយា និង​ចរិត​លក្ខណៈ​ល្អ​របស់​គាត់ ពីព្រោះ បទ​ពិសោធន៍​ការងារ យើង​អាច​បណ្តុះ​បណ្តាល​បាន​ទេ ផ្ទុយ​ទៅ​វិញ សម្រាប់​អាកប្បកិរិយា និង​អត្តចរិត​ល្អ យើង​បណ្តុះ​បណ្តាល​អត់​បាន​ទេ ដោយសារ​វា​កើត​ឡើង​តាំង​ពី​សង្គម​គ្រួសារ ការ​អប់រំ និង​បទ​ពិសោធន៍​សព្វ​បែប​សព្វ​យ៉ាង។ ដូច្នេះ បើ​គាត់​មាន​បញ្ហា គឺ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ក្រុមហ៊ុន​ទាំង​មូល។ មួយ​ទៀត គឺ​ត្រូវ​ជ្រើសរើស​មនុស្ស​ដែល​មាន​ស្មារតី​ធ្វើ​ការងារ​ជាក្រុម»។

លោក​បន្ថែម​ថា ការ​ជ្រើសរើស​បុគ្គលិក គេ​ចែក​ជា​៣​ប្រភេទ គឺ​បុគ្គលិក​ថ្នាក់​ក្រោម ថ្នាក់​កណ្តាល និង​ថ្នាក់​ខ្ពស់។ លោក​ពន្យល់​ថា បុគ្គលិក​ថ្នាក់​ក្រោម គឺ​ត្រូវ​ផ្តោត​សំខាន់​លើ​អត្តចរិត និង​ការងារ​ក្រុម ហើយ​បុគ្គលិក​ថ្នាក់​កណ្តាល គួរតែ​ជ្រើស​រើស​មនុស្ស​ដែល​យល់​ច្បាស់​ពី​ការងារ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ខណៈ​បុគ្គលិក​ថ្នាក់​ខ្ពស់ ដែល​មាន​ភាព​ចាស់ទុំ មាន​ជំនាញ និង​ចំណេះ​ដឹង​ច្បាស់​លាស់​ហើយ​នោះ គួរ​ជ្រើស​រើស​មនុស្ស​ដែល​ពូកែ​រៀបចំ​ផែនការ​តាម​វិស័យ​របស់​ខ្លួន និង​មាន​លទ្ធភាព​ដាក់​គោលដៅ​ថ្មីៗ​នៅ​ក្នុង​ទីផ្សារ ដែល​អាច​ធ្វើ​ឲ្យ​មាន​លទ្ធផល​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ក្រុមហ៊ុន៕

None



អត្ថបទបន្ទាប់


តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ​ហាក់​ផ្ដល់​ក្ដី​សង្ឃឹម​ឡើង​វិញ​សម្រាប់​កសិករ

ផលិតផល​ដំឡូងមី ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កសិផល​សំខាន់ និង​មាន​ការ​ដាំដុះ​ច្រើន​ជាង​គេ​លំដាប់​ទី​២​នៅ​កម្ពុជាប​ន្ទាប់​ពី​ស្រូវ។ យ៉ា…

បើ​ចាយ​១ថ្ងៃ​១លាន​ដុល្លារ ប៊ីល ហ្គេតស៍ ចាយ​ ២៤៥ឆ្នាំ​ទើប​អស់​លុយ​គាត់!

លោក ប៊ីល ហ្គេតស៍ (Bill Gates) សហស្ថាបនិក​ក្រុមហ៊ុន​ Microsoft ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី​លំដាប់​កំពូល​ផុត​លេខ​ នៅ​លើ​ពិភព​លោក ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ