ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២២ នេះថាបានធ្លាក់ប្រហែល៦% មកនៅត្រឹម ៤៥ពាន់លានដុល្លារ ហើយប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានធ្លាក់ចុះ ៥% ខណៈកាលពីឆ្នាំមុនទទួលបានប្រាក់ចំណេញជិត ១០% ។ ក្រុមហ៊ុនបានពន្យល់ថា ក្នុងឆ្នាំ ២០២២ ជាឆ្នាំដ៏លំបាកបំផុតជាប្រវត្តិសាស្ត្រសម្រាប់អាជីវកម្មលក់ឧបករណ៍អេឡិចត្រូនិករបស់ខ្លួន ដោយសារតែរងការវាយប្រហារយ៉ាងខ្លាំងដោយជំងឺកូវីដ ១៩ និង ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ ក្នុងនោះ ក្រុមហ៊ុន Huawei បានបន្តថា អាជីវកម្មស្មាតហ្វូនរបស់ខ្លួនត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេ បើធៀបក្នុងចំណោមអាជីវកម្មឧបករណ៍បច្ចេកទេសផ្សេងៗទៀតរបស់ក្រុមហ៊ុន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei ដែលធ្លាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេលើពិភពលោក ត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់បន្ទះឈីបទំនើប ចាប់តាំងពីសហរដ្ឋអាមេរិកបានបញ្ចូលក្រុមហ៊ុននេះ ទៅក្នុងបញ្ជីខ្មៅរួចមក។ ក្រុមហ៊ុនយក្សរបស់ចិននេះ ក៏បាត់បង់សមត្ថភាពក្នុងការសហការពាណិជ្ជកម្មជាមួយក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេក្នុងឧស្សាហកម្មបន្ទះឈីបដូចជា ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co និង ក្រុមហ៊ុន Samsung Electronics ដោយសារការហាមឃាត់របស់សហរដ្ឋអាមេរិកផងដែរ។
ទោះយ៉ាងណាក្រុមហ៊ុនចិន Huawei បាននិងកំពុងព្យាយាមបង្កើតសមត្ថភាពផលិតបន្ទះសៀគ្វីផ្ទាល់ខ្លួន ប៉ុន្តែក្រុមហ៊ុនក៏បានទទួលស្គាល់ដែរថា ការផលិតនេះគឺត្រូវការប្រើពេលវេលារយៈពេលយូរណាស់។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា កាលពីមុន ឧស្សាហកម្មផលិតបន្ទះឈីប គឺជាឧស្សាហកម្មសាកល ហើយអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាចប្រើប្រាស់បន្ទះឈីបបានយ៉ាងទូលំទូលាយ ប៉ុន្តែ បច្ចុប្បន្ននេះទីផ្សារបានក្លាយមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ហើយការទទួលបានបច្ចេកវិទ្យាមួយចំនួនក៏ត្រូវបានរារាំងដែរ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទោះយ៉ាងណា ក្រុមហ៊ុននឹងបន្តការច្នៃប្រឌិតជាមួយដៃគូរបស់ខ្លួន ដើម្បីជំរុញគោលដៅរួមនៃការអភិវឌ្ឍសម្រាប់ឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន។
អ្នកនាំពាក្យក្រុមហ៊ុន Huawei បាននិយាយថា ការធ្លាក់ចុះនៃប្រាក់ចំណេញសុទ្ធនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ គឺដោយសារតែទំហំអាជីវកម្មរបស់ខ្លួនធ្លាក់ចុះ និង បន្តការវិនិយោគយ៉ាងខ្លាំងក្លានៅក្នុងអាជីវកម្មថ្មី បច្ចេកវិទ្យាសូហ្វវែរ និង ការខិតខំប្រឹងប្រែងដើម្បីធានាបាននូវភាពបន្តប្រតិបត្តិការអាជីវកម្ម ខណៈក្រុមហ៊ុននេះក៏កំពុងបន្តបង្កើនការចំណាយលើការស្រាវជ្រាវ និង អភិវឌ្ឍន៍របស់ខ្លួនផងដែរ៕