ត្រៀមអំបិល​សម្រាប់អំឡុងពេលវិបត្តិ​កូវីដ១៩

សហគមន៍​ផលិត​អំបិល កំពត កែប កំពុង​ត្រៀម​អំបិល​ស្តុក​ទុក អំឡុង​ពេល​វិបត្តិ​កូវីដ​១៩


សហគមន៍​ផលិត​អំបិល កំពត-កែប បាន​ឲ្យ​ដឹង​ថា ក្នុង​ស្ថានការណ៍​វិបត្តិ​នៃ​ការឆ្លងរាតត្បាត​​វីរុស​កូវីដ​១៩ សហគមន៍​ផលិត​អំបិល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុងការ​ផលិត​ក៏​ដូចជា​រក្សា​ការគ្រប់គ្រង​បរិមាណ​អំបិល​ក្នុង​ស្រុក ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទាន់​នឹង​តម្រូវការ​ប្រើប្រាស់​ ពិសេស​គឺ​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​មេរោគ​កូវីដ១៩​នេះ។
ដោយ

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល កំពត-កែប បាន​អះអាង​ថា ដល់​ពេល​នេះ ខាង​សហគមន៍​ផលិត​អំបិល​ខេត​កំពត-កែប បាន​ត្រៀម​សម្រាប់​ការផលិត​អំបិល​ទុក​ក្នុង​ឃ្លាំង​រួចរាល់​អស់​ហើយ ប៉ុន្តែ បរិមាណ​អំបិល​ជាក់លាក់ គឺ​មិនទាន់​អាច​ប្រាប់​បាននៅ​​ឡើយ​ទេ ដោយសារ​ផល​អំបិល​ផលិត​បាន​មួយ​ចំនួន​ទៀត នៅ​មិន​ទាន់​ប្រមូល​អស់​ពី​ស្រែ​នៅឡើយ។

លោក ប៊ុន បារាំង បញ្ជាក់​ថា ជា​ការប៉ាន់​ស្មាន ផល​អំបិល​ឆ្នាំ​នេះ​នឹង​ទទួល​​បាន​ច្រើន​ជាង​ឆ្នាំ​មុនៗ ដោយសារ​អាកាសធាតុ​ផ្តល់​អំណោយ​ផល​ល្អ រួមទាំង​អំបិល​ដែល​នាំចូល​ពី​ឥណ្ឌា​ចុង​ក្រោយ​នៅ​សល់​ប្រហែល​ជា ៥​ពាន់​តោន ដូច្នេះ បើយើង​បូក​បញ្ចូល​គ្នា​ទាំង​អំបិល​ផលិត​បាន និង​អំបិល​នាំចូល​នៅសល់ គឺ​អាច​ផ្គត់ផ្គង់​គ្រប់​ចំនួន​តម្រូវការ​ឆ្នាំ​នេះ។

នៅក្នុង​កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈ​រដ្ឋមន្ត្រី​ នាព្រឹក​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បាន​ធ្វើការ​ណែនាំ និង​ចាត់​វិធានការ​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​កំពុង​កើត​មាន និង​ដែល​អាច​កើត​មាន បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩ ហើយ​ក្នុង​ចំណោម​វិធានការ​ទាំងឡាយ​​ដែល​បាន​លើក​ឡើង​នោះ សម្តេច​តេជោ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ត្រៀម​ទុក​នូវ​វិធានការ​សេដ្ឋកិច្ច ដែល​អាច​រង​ផល​ប៉ះពាល់​រយៈពេល​យូរ​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​នេះ ដោយ​បាន​ណែនាំឱ្យ​ពង្រឹង​វិស័យ​កសិកម្ម​ដែល​ជា​ចំណុច​ខ្លាំង​របស់​កម្ពុជា ពិសេស​គឺ​ការ​ត្រៀម​ទំនិញ​ស្បៀង​ចាំបាច់​សម្រាប់​ប្រជាជន​កម្ពុជា ដូចជា អង្ករ និង អំបិល ជាដើម។

យោងតាម​ទិន្នន័យ​ពី​សហគមន៍​ផលិត​អំបិល កំពត-កែប បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ការផលិត​អំបិល​នៅ​ក្នុង​ខេត្ត​កំពត និង​កែប បាន​ប្រហែល​ជាង ៣ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ខណៈ​តម្រូវការ​ប្រើប្រាស់​សរុប​ក្នុង​ប្រទេស​មាន​ចន្លោះពី ៨ម៉ឺន ទៅ ១០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ។

បច្ចុប្បន្ន ក្នុង​ខេត្ត​កំពត និង​កែប មាន​ផ្ទៃដី​ផលិត​អំបិល​ប្រហែល ៤​ពាន់​៥០០​ហិកតា។ ប្រសិនបើ​អាកាសធាតុ​អំណោយ​ផល ក្នុង ១​ហិកតា គេ​អាច​ផលិត​អំបិល​បាន​ជាង ២០​តោន សម្រាប់​រយៈពេល​១​ឆ្នាំ ដោយ​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​ឧសភា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចចិននឹងដាំក្បាលចុះ ២.៣% ក្នុងឆ្នាំ ២០២០នេះ

ព័ត៌មាន
ដោយសារតែវិបត្តិមេរោគកូវីដ១៩ បានទាញទម្លាក់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា ធនាគារពិភពលោក បានព្រមានថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន អ…

ក្រសួង​ការងារ​៖ រោងចក្រ​ចំនួន៩១​ហើយ​បាន​​បិទទ្វារ ដោយសារ​វីរុសកូវីដ១៩

ព័ត៌មាន
អ្នក​នាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវ: លោក ហេង សួរ បាន​និយាយ​នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០២០​នេះ ថា រោងចក្រ​ចំនួន​៩១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ