សម្តេចហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីចែកវិញ្ញាបនប័ត្រ និងសញ្ញប័ត្រជូននិសិ្សតជាង ១ពាន់នាក់ ក្នុងន័យថាកម្ពុជា មិនចាំបាច់ពឹងបរទេសតែរហូតនោះទេ បើទោះបីជាពេលនេះ ប្រទេសនេះ មិនបានទទួលធនធានប្រេងនៅឡើយក្តី។
សម្តេចហ៊ុន សែន បាននិយាយថា ថវិកាដែលបានមកពីធនធានធម្មជាតិនៅពេលខាងមុខ ជាពិសេសប្រេង នឹងយកមកប្រើប្រាស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា «យើងពិតជាមានសុទិដ្ឋិនិយមលើបញ្ហានេះ ដោយសារអី អាហ្នឹងយើងមិនទាន់ប្រើធនធានធម្មជាតិផង មិនទាន់ប្រើប្រេង១តំណក់ ប៉ុន្តែយើងបានរស់ទៅហើយ។សម្តេចហ៊ុន សែន បានបន្តថា«អញ្ចឹងនៅពេលដែលប្រាក់ចំណូលពីធនធានធម្មជាតិ ពីវិស័យប្រេង បានមកដល់ ត្រូវប្រមូលផ្តុំ ខិតខំវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន ដែលក្នុងហ្នឹងមានផ្នែកទន់ និងផ្នែករឹង។»
សម្ដេចបានបន្តថា នេះមិនមែនគ្រាន់តែផ្តោតលើផ្លូវថ្នល់ ស្ពានកំពង់ផែ និងអាកាសយានដ្ឋាន នោះទេ ក៏ប៉ុន្តែ សាលារៀន មន្ទីរពេទ្យនិងអ្វីៗផ្សេងទៀត ដែលទាក់ទងជាមួយនឹងធនធានមនុស្ស។
ជាមួយនឹងការអះអាងថា អាចរស់នៅដោយខ្លួនឯងបាននោះ សម្តេចក៏បាននិយាយផងដែរ ថាសម្រាប់ រយ:ពេល ៩ខែ ឆ្នាំនេះចំណូលគយបាន ១០៥ភាគរយ ដែលនឹងអាចលើសផែនការឆ្នាំនេះ ចំនួន ៨០០លានដុល្លារ។
លោកបន្តថា ចំណូលបានពីពន្ធដារផ្ទៃក្នុង បានជាង៩៥ភាគរយ ហើយទេសចរណ៍ចូល ៤លាននាក់ ក៏បានចំណូលប្រមាណជា១០០លានដុល្លារផងដែរ។
សម្តេចក៏បានអះអាងដែរថា កម្ពុជា មានមាសចំនួន ៣០តោន ដែលជាមរតកដើម ដែលតំកល់នៅប្រទេសស្វីសចំនួន ១២តោន, នៅប្រទេសអង់គ្លេស ១៥តោន និងតម្កល់ទុកនៅក្នុងធនាគារជាតិនៃកម្ពុជា មានចំនួន ៣តោន៕