អ្នកជំងឺកូវីដ១៩កាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃត្រូវបានគេបញ្ជូនទៅតាមមន្ទីរពេទ្យនៅពាសពេញផ្ទៃប្រទេសហ្វីលីពីន ក្រោយករណីឆ្លងរាលដាលកូវីដ១៩ ពិសេសកូវីដ១៩ឌែលតា បានវាយលុកហ្វីលីពីនឥតឈប់ឈរអស់ពេលជាច្រើនខែមកហើយ។ ក្នុងចំណោមមន្ទីរពេទ្យធំៗទូទាំងប្រទេសហ្វីលីពីនប្រមាណជិត ១.៣០០កន្លែង មានជិត ៣០០កន្លែងទៅហើយ ដែលពោរពេញដោយអ្នកជំងឺកូវីដ១៩។ ក្នុងនោះមាន ៨៥%នៃពួកគេកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
ជាមួយនឹងប្រជាជនសរុបប្រមាណ ១១០លាននាក់ ហ្វីលីពីននៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានរកឃើញករណីវិជ្ជមានកូវីដ១៩ប្រចាំថ្ងៃ គិតជាមធ្យមចន្លោះពី ៨ពាន់ទៅ ១ម៉ឺននាក់ក្នុងមួយថ្ងៃ។ ចំនួននេះមានការកើនឡើងជាងពាក់កណ្តាល បើធៀបនឹងតួលេខកាលពីខែមុន ដែលករណីឆ្លងក្នុងមួយថ្ងៃមានតែជិត ៥ពាន់ករណីប៉ុណ្ណោះ។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលហ្វីលីពីនបានឲ្យដឹងថា ករណីឆ្លងនឹងបន្តកើនឡើងលើសពីចំនួននេះទៀត ដោយសារតែករណីវិជ្ជមានចុងក្រោយភាគច្រើន ជាប្រភេទកូវីដ១៩បំប្លែងខ្លួនឌែលតា។
យ៉ាងណាមិញ អាជ្ញាធរទីក្រុងម៉ានីល ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីន បានប្រកាសហើយថា ខ្លួននឹងរឹតបន្តឹងវិធានការណ៍ចត្តាឡីស័កពលរដ្ឋនៅក្នុងផ្ទះបន្ថែមទៀត ដើម្បីទប់ស្កាត់ការចម្លងក្នុងករណីសង្ស័យ ដោយហេតុថា ទីក្រុងម៉ានីល ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលខ្លាំងជាងគេ។
គួរជម្រាបថា រដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន បានស្ថិតនៅក្រោមការបិទខ្ទប់ចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ ក្រោយករណីឆ្លងបានកើនឡើងទ្វេដង នៅក្នុងទីក្រុងធំបំផុតរបស់ហ្វីលីពីនមួយនេះ។ គិតត្រឹមថ្ងៃច័ន្ទទី០៩សីហា ហ្វីលីពីនមានអ្នកឆ្លងកូវីដ១៩សរុបចំនួនជាង ១លាន៦សែននាក់ ស្លាប់ជិត ៣ម៉ឺន ជាប្រទេសមានអ្នកឆ្លងច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី៕