តម្លៃប្រេងបានហក់ឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារបណ្ដាវិនិយោគិនមានការព្រួយបារម្ភថា ប្រទេសអ៊ីស្រាអែល អាចនឹងបើកការវាយប្រហារទៅលើកន្លែងស្តុកប្រេង ឬ ទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ដើម្បីសងសឹកចំពោះការវាយប្រហារដោយមីស៊ីលពីសំណាក់អ៊ីរ៉ង់ ដែលជាប្រទេសនាំចេញប្រេងដ៏សំខាន់ និងដែលជាសមាជិករបស់អង្គការនាំចេញប្រេង OPEC។
ដោយសារតែបែបនេះ ធនាគារអាម៉េរិក Citi បានដំឡើងការព្យាកររបស់ខ្លួនសម្រាប់តម្លៃប្រេងនៅត្រីមាសទី៤ នេះ និងត្រីមាសបន្ទាប់ ដោយលើកឡើងពីហានិភ័យនៃការអាក់ខានការផ្គត់ផ្គង់ដោយសារជម្លោះដែលកំពុងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា។ ធនាគារនេះព្យាករថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ អាចនឹងហក់ឡើងពី ៨០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែលនៅពេលនេះ រហូតដល់១២០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។
ជាការឆ្លើយតបទៅនឹងការព្យាករនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលជាស្ថាប័នគ្រប់គ្រងស្តុកប្រេងសម្រាប់បញ្ចេញប្រើក្នុងគ្រាមានអាសន្ន សម្រាប់ប្រទេសអភិវឌ្ឍន៍ បានអះអាងថា ស្តុកប្រេងសាធារណៈមានលើសពី ១,២ពាន់លានបារ៉ែល ហើយសមត្ថភាពផលិតបន្ថែមនៅក្នុងអង្គការ OPEC+ រួមទាំងប្រទេសរុស្ស៊ី ផង គឺមានកម្រិតខ្ពស់បំផុតដែលគ្មានអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ។
ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ខ្លួនបានត្រៀមខ្លួនរួចហើយ ដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើចាំបាច់ នៅពេលការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារពិភពលោកមានការប្រែប្រួល។ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានបន្តថា បច្ចុប្បន្ន ការផ្គត់ផ្គង់ប្រេងនៅតែបន្តជាប្រក្រតី ហើយបើគ្មានការរអាក់រអួលជាដុំកំភួនទេនោះ ការផ្គត់ផ្គង់ប្រេងអាចនឹងលើសតម្រូវការច្រើននៅឆ្នាំក្រោយ។
ទន្ទឹមនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ក៏បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនតម្រូវការប្រេងពិភពលោកសម្រាប់ឆ្នាំនេះផងដែរ ដោយសារតម្រូវការធ្លាក់ចុះនៅក្នុងប្រទេសចិន៕
ដោយ: តែម សុខុម