អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានលើកឡើងគួរឱ្យភ្ញាក់ផ្អើលថា លោកនឹងពិចារណាតែងតាំងលោក ជេមី ដាយម៉ុន (Jamie Dimon) នាយកប្រតិបត្តិធនាគារដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក JPMorgan ជារដ្ឋមន្ត្រីរតនាគារអាម៉េរិកប្រសិនបើលោកឈ្នះការបោះឆ្នោត។ ទោះជាយ៉ាងណា ធនាគារ JPMorgan បានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅក្នុងបទសម្ភាសន៍ខាងលើនេះ។
សូមបញ្ជាក់ថា អាណត្តិរបស់លោក ជើរ៉ូម ផៅវែល (Jerome Powell) ជាប្រធានធនាគារកណ្ដាលអាម៉េរិកនឹងផុតនៅឆ្នាំ២០២៦ ខណៈដែលអាសនៈរបស់លោកនៅក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារកណ្ដាលអាម៉េរិក នឹងផុតនៅឆ្នាំ២០២៨។
លោក ជើរ៉ូម ផៅវែល (Jerome Powell) បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកក្កដា ថា លោកគ្មានគម្រោងចុះចេញពីមុខតំណែងជាប្រធានធនាគារកណ្តាលអាម៉េរិក មុនពេលអាណត្តិរបស់លោកផុតកំណត់នោះឡើយ។
សូមបញ្ជាក់ថា លោក ជើរ៉ូម ផៅវែល (Jerome Powell) ត្រូវបានតែងតាំងលើកដំបូងជាសមាជិកក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្ដាលអាម៉េរិក ដោយអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែក្រោយមកគឺលោក ដូណាល់ ត្រាំ បានជ្រើសរើសលោកឱ្យកាន់តំណែងជាប្រធានធនាគារកណ្តាលអាម៉េរិករហូតមកទល់នឹងសព្វថ្ងៃនេះ៕
ដោយ: តែម សុខុម
ទស្សនាវីដេអូខាងក្រោម