ក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ លោក ណាយជែល ប្រេត នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD បានលើកឡើងថា ឆ្លើយតបនឹងសមិទ្ធផលដ៏ថ្លៃថ្លានៃការអនុវត្តគម្រោង ក្រោមក្របខណ្ឌហិរញ្ញប្បទានរបស់ IFAD ប្រកបដោយជោគជ័យ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក មូលនិធិ IFAD នឹងផ្ដល់ថវិកាចំនួន ៦៤ លានដុល្លារបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់នៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងការងារអាទិភាពផ្សេងទៀត។
ក្នុងនោះ ថវិកាចំនួន ១២លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់បន្ថែមលើគម្រោងដែលកំពុងអនុវត្តបច្ចុប្បន្ន និងទឹកប្រាក់ចំនួន ៥២ លានដុល្លារផ្សេងទៀត សម្រាប់ប្រើប្រាស់លើគម្រោងថ្មី ដែលផ្ដោតលើការជំរុញ ទីផ្សារកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ ដោយគ្រោងនឹងអនុវត្តចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២១។
បន្ថែមពីនេះទៀត IFAD ក៏នឹងរៀបចំក្របខណ្ឌយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការផ្ដល់ហិរញ្ញប្បទានថ្មីសម្រាប់ឆ្នាំ២០២១ -២០២៦ ដែលយុទ្ធសាស្ត្រនេះ នឹងមានសង្គតភាពទាំងស្រុង ជាមួយនឹងទិសដៅជាអាទិភាព និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងទំហំហិរញ្ញប្បទានកាន់តែធំជាងមុនផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ដែរថា ចំពោះទិសដៅ ជាយុទ្ធសាស្ត្រនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ IFAD សម្រាប់ពេលខាងមុខ គឺត្រូវផ្ដោតលើការអភិវឌ្ឍកសិកម្ម និងកាត់បន្ថយភាពក្រីក្រជនបទ ដែលកាន់តែរឹងមាំ និងមាននិរន្តរភាពជាងមុន ពោលគឺមិនត្រឹមតែផ្ដោតលើផលិតកម្មដើម្បីសន្ដិសុខស្បៀងប៉ុណ្ណោះទេ តែត្រូវផ្ដោតលើ ការលើកកម្ពស់ផលិតភាពកសិកម្ម ពាណិជ្ជូបនីយកម្ម និងពិពិធកម្មកសិកម្ម ដើម្បីជាការលើកស្ទួយដល់ជីវភាព និងវិបុលភាពរបស់កសិករ។
សូមជម្រាបថា ជាង២០ឆ្នាំមកនេះ មូលនិធិ IFAD បានផ្ដល់វិភាគទានប្រមាណជិត ១៩០លានដុល្លារអាមេរិក ដល់កម្មវិធី និងគម្រោងក្នុងប្រទេសកម្ពុជា ក្នុងនោះ មានទឹកប្រាក់ជាង ៥០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានឥតសំណង សម្រាប់តម្លៃផលប័ត្រសរុបប្រមាណជាង ៣៥០លានដុល្លារ និងរំពឹងថា បានធ្វើការគ្របដណ្ដប់លើគ្រួសារពលរដ្ឋកម្ពុជា ចំនួនជាង ១,៣ លានគ្រួសារ៕