បរិស្ថាន

ការជីកយករ៉ែខុសច្បាប់នៅមីយ៉ាន់ម៉ា និងឡាវ កំពុងបំពុលទឹកទន្លេ និងស្ទឹងមួយចំនួននៅអាស៊ាន


ទន្លេមេគង្គ និងប្រភពទឹកមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ អាចកំពុងរងការបំពុលដោយសារសារធាតុគីមីដែលហូរចេញពីអណ្តូងរ៉ែ ជាង២,៤០០ ដែលភាគច្រើនជាអណ្តូងរ៉ែខុសច្បាប់ ឬគ្រប់គ្រងមិនត្រឹមត្រូវនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឡាវ។ ការព្រួយបារម្ភនេះ កើតឡើងក្រោយមានការចេញផ្សាយរបាយការណ៍ពាក់ព័ន្ធបញ្ហានេះរបស់មជ្ឈមណ្ឌល Stimson Center ដែលជាបណ្តុំអ្នកស្រាវជ្រាវមួយមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បរិស្ថាន
ដោយ

មជ្ឈមណ្ឌល Stimson Center បានអះអាងនៅក្នុងរបាយរាយការណ៍អង្កេតតាមរយៈរូបភាពផ្កាយរណប ដែលគេបានតាមដានលើសកម្មភាពរុករករ៉ែនៅអណ្តូងចំនួន៣៦៦កន្លែង និងកន្លែងបង្ហូរល្បាប់ចេញពីការចម្រាញ់រ៉ែចំនួន៣៥៩កន្លែង និងអណ្តូងរ៉ែកម្រចំនួន៧៧នៅលើផ្ទៃដីលាតសន្ធឹងតាមបណ្តោយទន្លេ និងស្ទឹងថា ទឹកទន្លេមេគង្គ និងប្រភពទឹកមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍កំពុងរងការបំពុលដោយសារសារធាតុគីមី ដែលចេញពីសំណល់នៃការធ្វើអាជីវកម្មរ៉ែខុសច្បាប់ទាំងនោះ។

បច្ចុប្បន្នគុណភាពទឹកទន្លេ ដែលគេកំពុងសង្ស័យខ្លាំង គឺទន្លេអ៊ីរ៉ាវ៉ាឌី នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទន្លេមេគង្គ ដែលហូរកាត់មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ព្រមទាំងទន្លេ និងស្ទឹងមួយចំនួនទៀត។ អណ្តូងរ៉ែ ដែលគេកំពុងដាក់ការសង្ស័យភាគច្រើនជាអណ្តូងរ៉ែមាស នីកែល ទង់ដែង និងម៉ង់កាណេស។

លោក ប្រាយអែន អ៊ីល័រ (Brian Eyler) អ្នកស្រាវជ្រាវមជ្ឈមណ្ឌល Stimson Center ម្នាក់បានអះអាងថា ទន្លេអ៊ីរ៉ាវ៉ាឌី ទន្លេមេគង្គ និងទន្លេសាលវីន អាចជាប្រភពទឹកដែលអាចរងការគំរាមកំហែងខ្លាំង។ សម្រាប់ទន្លេមេគង្គ ដែលជាប្រភពទឹកស្អាតសម្រាប់ទ្រទ្រង់ជីវភាពប្រជាជនប្រមាណ៧០លាននាក់ ត្រូវបានលោក អ៊ីល័រ បានអះអាងថា គុណភាពទឹកអាចមានការប្រែប្រួលហើយ។ បើតាមការគូសបញ្ជាក់របស់អ្នកជំនាញរូបនេះ សារធាតុគីមី ដែលគេច្រើនបង្ហូចូលទៅក្នុងទន្លេ ត្រូវបានគេដឹងថា មានអាម៉ូញ៉ូមស៊ុលហ្វាត សូដ្យូមស៊ីយ៉ានីត និងបារ៉តជាដើម​៕

ដោយៈ សរ សុជាតិ




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ