ការលួចបើកល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងបង្កក្តីបារម្ភដល់ល្បែងពាណិជ្ជកម្មស្របច្បាប់


មន្ត្រីជាន់ខ្ពស់នាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការលួចបើកដំណើរការល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិក កំពុងបង្កក្តីបារម្ភដល់អាជីវកម្មល្បែងពាណិជ្ជកម្មស្របច្បាប់នៅកម្ពុជា ដែលអាចធ្វើឲ្យប្រឈមនឹងបាត់បង់ប្រាក់ចំណូលរបស់ពួកគេផងដែរ។
ការលួចបើកល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងបង្កក្តីបារម្ភដល់ល្បែងពាណិជ្ជកម្មស្របច្បាប់ (រូបភាព៖ https://www.scmp.com)

មន្ត្រីជាន់ខ្ពស់រូបនេះគូសបញ្ជាក់ថា កម្ពុជាមិនបានផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនណាមួយ ដើម្បីបើកដំណើរការល្បែងស៊ី​សងតាមប្រព័ន្ធអេឡិចត្រូនិកនោះទេ ហើយការបង្ក្រាបបានល្បែងស៊ីសងអនឡាញ​កន្លងមកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច​ គឺសុទ្ធសឹងជាការលួចបង្កើតដោយខុសច្បាប់។ យ៉ាងណាក៏ដោយចុះ កម្ពុជារំពឹងថា ការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មស្របច្បាប់​នៅឆ្នាំនេះ នឹងមានភាពល្អប្រសើរជាងឆ្នាំមុនៗ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាជីវកម្ម​ល្បែង​ជាង១០០ បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណបន្តប្រតិបត្តិការរបស់ខ្លួន។

ឯកឧត្តម រស់ ភីរុណ អនុប្រធាននាយកដ្ឋាន​ឧស្សាហកម្មនិង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុបានអះអាងថា កម្ពុជាមិនបានផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនណាមួយ ដើម្បីបើកអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជានោះទេ។ ទោះយ៉ាងណា យើងសង្កេតសកម្មភាពលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញត្រូវបានអាជ្ញាធរ​បង្ក្រាបបានជាបន្តបន្ទាប់។ ពាក់ព័ន្ធបញ្ហានេះឯកឧត្តម រស់ ភីរុណ បានគូសបញ្ជាក់ថា ល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិក ដែលបាននិងកំពុងដំណើរការសុទ្ធសឹងជាការលួចបង្កើតដោយខុសច្បាប់ពីសំណាក់ជនទុច្ចរិត។

មន្ត្រីជាន់ខ្ពស់រូបនេះ បានសង្កតធ្ងន់ថា សកម្មភាពលួចបង្កើតល្បែងស៊ីសងអនឡាញដោយខុសច្បាប់នេះ បាននិងកំពុងជះឥទ្ធិពលមិនល្អដល់វិស័យល្បែងពាណិជ្ជកម្មស្របច្បាប់នៅកម្ពុជា ដែលជាប្រភពផ្តល់ចំណូលមួយរបស់រដ្ឋ​ ព្រោះការបង្កើតល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ បានទាញទម្លាក់ប្រាក់ចំណូលរបស់ក្រុមហ៊ុន​ក្នុងវិស័យល្បែង​ពាណិជ្ជកម្ម ដែលមានអាជ្ញាបណ្ណពាណិជ្ជកម្មត្រឹមត្រូវ។

យ៉ាងណាមិញឯកឧត្តម រស់ ភីរុណ សង្ឃឹមថា ចំណូលដែលទទួលបានពីការបង់ពន្ធ​ក្នុងវិស័យល្បែងពាណិជ្ជកម្មស្របច្បាប់នៅឆ្នាំនេះ នឹងមានភាពល្អប្រសើរឡើងវិញ បើធៀបនឹងបីឆ្នាំកន្លងមកដែលក្រុមហ៊ុនរកស៊ីក្នុងវិស័យនេះបានផ្អាកដំណើរស្ទើរ​ទាំងស្រុង ដោយសារវិបត្តិកូវីដ-១៩។ ទោះយ៉ាងណា ឯកឧត្តម អះអាងថា ចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្ម​អាចមានភាពល្អប្រសើរទៅបាន គឺវាអាស្រ័យលើវិស័យទេសចរណ៍​មានភាពល្អប្រសើរដែរ ព្រោះចះទេសច្បាប់របស់កម្ពុជាមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ​លេងល្បែងនោះទេ។

បើតាមការគូសបញ្ជាក់របស់ ឯកឧត្តម រស់ ភីរុណ បច្ចុប្បន្នមានក្រុមហ៊ុនកាស៊ីណូ​ចំនួន ១២៩ក្រុមហ៊ុនហើយ បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ដើម្បីបន្តប្រតិបត្តិការរបស់ខ្លួន។ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនដាក់ពាក្យទាំងនេះមិនប្រា​កដថា សុទ្ធតែទទួលបានអាជ្ញាបណ្ណទាំងអស់នោះទេ។ ទោះយ៉ាងណាឯកឧត្តមរំពឹងថា ក្រុមហ៊ុនទាំងនេះនឹងទទួលបានជោគជ័យលើត្រួតពិនិត្យវាយតម្លៃពីស្ថាប័នជំនាញ​ក្នុងការបន្តប្រតិបត្តិការរបស់ខ្លួន។ ចំនួនក្រុមហ៊ុនកាស៊ីណូជាង១០០ដែលបានស្នើសុំអាជ្ញាបណ្ណទាំងនេះ នៅមានចំនួនតិចតួចនៅឡើយ បើធៀបក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណកន្លងមក ដែលរហូតដល់ជាង២០០ក្រុមហ៊ុន។

បច្ចុប្បន្នមានកាស៊ីណូតិចតួចប៉ុណ្ណោះ បានបើកដំណើរការឡើងវិញ បើទោះបីរាជរដ្ឋាភិបាលបានបើកដំណើរការសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងលើកលែងវិធានការកូវីដ-១៩ សម្រាប់អ្នកដំណើរចូលមកកម្ពុជាក៏ដោយ។ បើតាមការលើកឡើងរបស់ឯកឧត្តម រស់ ភីរុណ ក្នុងចំណោមក្រុមហ៊ុនជាង១០០ដែលបានដាក់ពាក្យស្នើអាជ្ញាបណ្ណមានក្រុមហ៊ុនប្រហែល២០ប៉ុណ្ណោះ បានបើកដំណើរការឡើងវិញ គិតមកទល់ពេលនេះ។ ឯកឧត្តមជឿជាក់ថា នៅ៥ឆ្នាំខាងមុខចំនួនកាស៊ីណូនៅកម្ពុជាបន្តថយចុះបន្ថែមទៀត ដោយសាររដ្ឋាភិបាល​នឹងតម្រូវឲ្យមានការពង្រីកទំហំដើមទុនចុះបញ្ជី លើការវិនិយោគបើកអាជីវកម្មនេះ៕




អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណដែលត្រូវបានគេលួចទៅចំនួន ២៧ដុំ បញ្ជូនត្រឡប់មកកម្ពុជាវិញ

វត្ថុបុរាណដែលត្រូវបានលួចចេញទៅពីកម្ពុជាចំនួន ២៧ដុំ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០២២ នៅក្នុងពិធីមួយនៅសារម…

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានជាង ២៧ពាន់លានដុល្លារ កើនឡើងជាង២០% នៅឆមាសទី១ឆ្នាំ២០២២

នៅឆមាសទី១ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ២៧ពាន់លានដុល្លារអាមេរិក មានការកើនឡើងជាង២០% ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ