របាយការណ៍របស់ អង្គការពលកម្មអន្តរជាតិហៅកាត់ថា ILO បានគូសបញ្ជាក់នៅថ្ងៃពុធសប្តាហ៍នេះថា ផលប៉ះពាល់ដែលបណ្តាលមកពីវិធានការណ៍បិទខ្ទប់ បិទព្រំដែន រិតត្បិតការធ្វើដំណើរ ក្នុងគោលដៅប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ សុទ្ធតែបានរួមចំណែកជះឥទ្ធិលដល់ទីផ្សារការងារ ក៏ដូចជាប៉ះពាល់ដល់ពលករ។
អង្គការពលកម្មអន្តរជាតិ ILO អះអាងថាវិបត្តិនៅក្នុងទីផ្សារការងារអំឡុងកូវីដ១៩ អាចមានទំហំធំជាងអ្វីដែល ILO បានបញ្ជាក់ក្នុងរបាយការណ៍ទៅទៀត ហើយវានឹងមិនងាយស្រោចស្រង់បានមកវិញនោះទេ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំដដែលរបស់ស្ថាប័ន នៃអង្គការសហប្រជាជាតិមួយនេះ បានព្រមានទៀតថាទីផ្សារការងារមិនអាចងើបឡើងវិញបានភ្លាមៗនោះទេ ដោយគេត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៣ ទើបទីផ្សារការងារអាចមានភាពវិជ្ជមានឡើងវិញ ដូចកាលមុនវិបត្តិកូវីដ១៩។
គិតរហូតដល់ចុងឆ្នាំ២០២១នេះ ទីផ្សារការងារនឹងមានតិចជាង ទីផ្សារកាលពីចុងឆ្នាំ២០១៩ គ្រាដែលមិនទាន់កើតមានកូវីដ១៩ ដល់ទៅជាង ៧៥លានការងារ។ អង្គការពលកម្មអន្តរជាតិ ILO បានបន្តព្យាករណ៍ដោយសង្កត់ធ្ងន់ថា សូម្បីតែនៅចុងឆ្នាំ២០២២ ក៏ទីផ្សារការងារមិនទាន់អាចងើបឡើងវិញដូចមុនពេលមានវិបត្តិកូវីដដែរ ពោលគឺនៅតែមានចំនួនតិចជាងកាលពីមុនពេលវិបត្តិដល់ទៅជាង ២៣លានការងារ។
យោងតាមប្រការទាំងនេះអង្គការពលកម្មអន្តរជាតិ ILO ព្យាករថា ទៅដល់ឆ្នាំ២០២២ នឹងរុញច្រានឲ្យពលករជាង ២០០លាននាក់នឹងធ្លាក់ខ្លួនគ្មានការងារធ្វើ គ្មានប្រាក់ចំណូល និងធ្លាក់ក្នុងភាពក្រីក្រតែម្តង ហើយទោះបីពួកគេមួយចំនួន មិនបានបាត់បង់ការងារក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា ចំនួនម៉ោងធ្វើការរបស់កម្មករខ្លះ បានធ្លាក់ចុះយ៉ាងខ្លាំងដែរ។
សូមជម្រាបជូនថា វិបត្តិកូវីដ១៩មិនមែនតែជាបញ្ហាសុខភាពមួយមុខនោះទេ ប៉ុន្តែវិបត្តិនេះបានជះឥទ្ធិពល និងអូសបន្លាយពេលជាច្រើនឆ្នាំ ក្នុងទម្រង់ជាការបាត់បង់សក្កានុពល ធនធានមនុស្ស ខូចខាតសេដ្ឋកិច្ច បង្កើនវិសមភាព និងភាពក្រីក្រកាន់តែច្រើន៕